បន្ទាប់ពី​ជួប​មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន ចិន វៀតណាម លោក​ហ៊ុន​ម៉ា​ណែ​ត ជួប​មេបញ្ជាការ​កងទ័ពជើងគោក​អាមេរិក​

(​ទីក្រុង​បាងកក)​៖ នៅ​ថ្ងៃ​អង្គារ ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ រូ​ប៊ឺ​ត ប្រោ​ន (Robert B. Brown) មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វី​ក​។

កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ អំឡុងពេល​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​សន្និសីទ​មេបញ្ជាការ​កងទ័ពជើងគោក តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វី​ក នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​០៩-១១ ខែកញ្ញា ឆ្នាំ​២០១៩​។​

កិច្ចពិភាក្សា​ការងារ​រវាង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ រូ​ប៊ឺ​ត ប្រោ​ន (Robert B. Brown) មេបញ្ជាការ​កងទ័ពជើងគោក សហរដ្ឋអាមេរិក ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វី​ក ដើម្បី​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​។

​ក្នុងជំនួប​នេះ មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វី​ក បាន​បញ្ជាក់ថា កងទ័ព​សហរដ្ឋអាមេរិក មានបំណង បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយនឹង​កងទ័ព​ក​ម្ពុ​ជា​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ក៏​សង្ឃឹមថា ទៅ​ថ្ងៃ​អនាគត កងទ័ព​នៃ​ប្រទេស​ទាំងពីរ នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​។

​ជាការ​ឆ្លើយតប មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ស្វាគមន៍​ចំពោះ​បំណង ដែល​អាមេរិក ចង់​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​កងទ័ព​កម្ពុជា​។

សូមបញ្ជាក់ថា ​ក្នុង​បេសកកម្ម​ចូលរួម​សន្និសីទ​មេបញ្ជាការ​កងទ័ពជើងគោក តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វី​ក នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ រយៈពេល ៣​ថ្ងៃនេះ គឺ​កាលពី​ថ្ងៃទី​០៩​កញ្ញា ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានទទួល​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ដាច់ដោយឡែក​ពីគ្នា ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន មេបញ្ជាការរង​កងទ័ព​ជើងគោក​ចិន និង​អគ្គសេនាធិការរង កងទ័ព​ប្រជាជន​វៀតណាម​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com