ជនរងគ្រោះថា ឧកញ៉ា ស្រី ចន្ធូ និងឧកញ៉ា ស្រី សុធា ថៅកែ 7NG ឲ្យដីខុសទីតាំងដែលពួកគាត់ទិញ ទើបពួកគាត់មិនព្រមយក និងប្តឹងទៅតុលាការឲ្យជួយរកយុត្តិធម៌

(ភ្នំពេញ)៖ លោក ជឹម សុជាតា ជាប្តីរបស់លោកស្រី ឈុន ណារី ដែលប្តឹងឧកញ៉ា ឪពុកកូនទៅតុលាការ បានអះអាងថា ក្រុមហ៊ុន 7NG យកដីទីតាំងផ្សេងពីទីតាំងដែលពួកគាត់ទិញ និងបង់លុយរួមមកប្រគល់ជូនពួកគាត់ ទើបពួកគាត់មិនព្រមទទួល។

លោក ជឹម សុជាតា បានប្រាប់អ្នកសារព័ត៌មានតាម Tegelame ថា «ដីក្នុងប័ណ្ណឡូត៍លេខ៥C ផ្លូវ៣០ម៉ែត្រ គឺកន្លែងរោងចក្រផ្លូវបេតុង៣០ម៉ែត្រ ដល់ពេលប្រគល់ដី បែរដេីរចង្អុលដី ជាច្រើនកន្លែងហេីយនៅមិនត្រូវទីតាំងដែលមានក្នុងកិច្ចសន្យា ដូច្នេះមានន័យថាដីឡូលេខ៥C ផ្លូវ៣០ម៉ែត្រនោះ គឺមិនមានដីទៀតទេ ប្រហែលជាយកដីនោះលក់ ឬដូឲ្យទៅអ្នកផ្សេងហើយ មូលហេតុដែលបាត់ដីចាស់ដែលពួកខ្ញុំបានទិញនោះ គឺដោយសារដីទីតាំងនោះវាឡេីងថ្លៃខ្លាំងពេក។ ទីតាំងថ្មីដែលយកមកដូរឲ្យពួកខ្ញុំ ផ្លូវក៏តូច ផ្លូវខូច និងចំកណ្តាលបឹង មិនទាន់មានការអភិវឌ្ឍអ្វីទាំងអស់ តើឲ្យពួកខ្ញុំទទួលយកកើតទេ?»

សូមជម្រាបជូនថា លោក ជឹម សុជាតា និងលោកស្រី ឈុន ណារី មានប្រតិកម្មតបបែបនេះ បន្ទាប់ពីលោក ឧកញ៉ា ស្រី ចន្ធូ ថៅកែក្រុមហ៊ុន 7NG បានធ្វើសន្និសីទកាសែត ថាអតិថិជនមិនទទួលយកដី បែរជាប្តឹងទៅតុលាការបំផ្លាញកិត្តិយសក្រុមហ៊ុន 7NG។

ជាមួយគ្នា លោកឧកញ៉ា ស្រី ចន្ធូ ថែមទាំងបានបញ្ចេញឯកសារប្តឹងបកអតិថិជនឈ្មោះ ឈុន ណារី ទៅតុលាការថែមទៀតផង ដោយទាមទារសំណង ជាង ៧លានដុល្លារ ពីបទបរិហារបង្កាច់កេរ្តិ៍។

ជាការកត់សម្គាល់ នៅពេលដែលលោកឧកញ៉ា ស្រី ចន្ធូ ធ្វើសន្និសីទកសែតផ្សាយបន្តផ្ទាល់ នោះស្រាប់មានជនរងគ្រោះ ជាច្រើននាក់ចូល Comment (មានអ្នកចូលលុបវិញភ្លាមៗកុំឲ្យបែករឿង) រឿងក្រុមហ៊ុន 7NG លក់ដីឡូត៍ខ្យល់ឲ្យពួកគាត់ និងទាមទារដីតាមការសន្យារបស់ក្រុមហ៊ុន។

គួរបញ្ជាក់ថា ឧកញ៉ា ស្រី សុធា (ជាឪពុក) និងឧកញ៉ា ស្រី ចន្ធូ (ជាកូនប្រុស) ដែលថៅកែក្រុមហ៊ុន 7NG រហូតមកដល់ពេលនេះ មានអតិថិជនចំនួន ៣នាក់ហើយដែលបានដាក់ពាក្យប្តឹងពួកលោក ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ សំណុំរឿង ឆបោកប្រាក់ ក្នុងអំពើទិញលក់ដីឡូត៍ខ្យល់ ទំហំ ១ហិកតា នៅក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើ ឧកញ៉ា ស្រី សុធា ភេទប្រុស អាយុ៦១ឆ្នាំ តួនាទីជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG និងឧកញ៉ា ស្រី ចន្ធូ ភេទប្រុស អាយុ ៣៨ឆ្នាំ ជានាយកក្រុមហ៊ុន 7NG ពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៨-២០១៩ យោងតាមមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។

បន្ទាប់ពីចោទប្រកាន់លើ ឧកញ៉ា ឪពុក និងកូនទាំង ២នាក់រួច លោក កែវ សុធា បានបញ្ជូនសំណុំរឿងទៅឲ្យចៅក្រមស៊ើបសួរចាត់ការបន្ត ដោយស្នើសុំឲ្យចៅក្រមចាប់ និងឃុំខ្លួនក្រុមជនត្រូវចោទជាបណ្តោះអាសន្ន។

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចចោទប្រកាន់ ឧកញ៉ា ស្រី សុធា នាយកក្រុមហ៊ុន 7NG និងឧកញ៉ា ស្រី ចន្ធូ អ្នកចាត់ការទូទៅក្រុមហ៊ុន 7NG ពីបទ ឆបោក ពាក់ព័ន្ធការលក់ដីឡូតិខ្យល់ ចំនួន ៧ឡូតិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៨ រហូតមកដល់ឆ្នាំ២០១៩ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

មិនខុសពីលោក កែវ សុធា ឡើយ ពោលគឺលោក ប្លង់ សុផល ក៏បានស្នើសុំឲ្យចៅក្រមស៊ើបសួរចាប់ និងឃុំខ្លួន ឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ចន្ធូ យកទៅដាក់គុកដូចគ្នា។

នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ មានអតិថិជនម្នាក់ទៀត បានដាក់ពាក្យប្តឹង ឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ចន្ធូ ទៅតុលាការដើម្បីឲ្យជួយរកយុត្តិធម៌ ពាក់ព័ន្ធករណី ឆបោក ក្នុងអំពើទិញលក់ដីខ្យល់ដូចគ្នានឹងអតិថិជនដទៃទៀតដែរ។

សូមជម្រាបជូនថា កាលពីអំឡុងដើមឆ្នាំ២០១៩នេះ មានករណីផ្ទុះការតវ៉ា និងទាមទារដី ពីក្រុមហ៊ុន 7NG ពីសំណាក់អតិថិជនជាច្រើននាក់ នៅក្នុងការិយាល័យលក់ដីឡូតិរបស់ក្រុមហ៊ុននេះ ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បន្ទាប់មក ឧកញ៉ា ស្រី សុធា ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG និងកូនប្រុសគឺ ឧកញ៉ា ស្រី ចន្ធូ ជានាយកក្រុមហ៊ុន 7NG បានចេញមុខដោះស្រាយ និងសន្យាថា នឹងប្រគល់ដីជូនអតិថិជនតាមកិច្ចសន្យា ឲ្យបានមុនបំណាច់ឆ្នាំ២០១៩នេះ៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com