ថ្នាក់ដឹកនាំ​រដ្ឋសភា ប្តូរ​តុ​កៅអី​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ អង្គុយ​ជិតគ្នា​ជាង​មុន​!

(​ភ្នំពេញ​)៖ ថ្នាក់ដឹកនាំ​រដ្ឋសភា ចំនួន ១៣​រូប ដែលជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បាន​ប្តូរ​តុ​កៅអី​ប្រជុំ នា​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​។ តុ​កៅអី​ប្រជុំ​ថ្មី​នេះ ជា​តុ​ជ្រុង​វែង ហើយ​អង្គុយ​ជិតៗ​គ្នា​ជាង​ពេលមុន​។

​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា មាន​សមាសភាព ១៣​រូប ដោយមាន​ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា ២​រូប និង​ប្រធាន​គណៈកម្មការ ទាំង ១០ ចំនួន ១០​រូប​។ ក្រៅពីនោះ ក៏មាន​អគ្គលេខាធិការ​រដ្ឋសភា អញ្ជើញ​ចូលរួម​ប្រជុំ រួមទាំង​ក្រុម​លេខា និង​ខុទ្ទកាល័យ​សម្តេច​ប្រធានរដ្ឋសភា ចូលរួម​ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ មាន​របៀបវារៈ​ចំនួន​៤ ដូចខាងក្រោម​៖
១- ការពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​២ ស្តីពី​ការកំណត់​ច្រកទ្វារព្រំដែន​ឆ្លងកាត់ នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​កិច្ចសម្របសម្រួល ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​។​

២- ការពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​

៣- ការពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី​សំណង់​។​
៤- ការពិនិត្យ​សំណើសុំ​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣ នីតិកាល​ទី​៦ នូវ​៖ សេចក្តីព្រាងច្បាប់ ស្តីពី ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច សេចក្តីព្រាងច្បាប់​ស្តីពី កិច្ចការពារ​អ្នកប្រើប្រាស់ និង​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គការ​ហាមឃាត់​អាវុធ​គីមី ស្តីពី​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​របស់​អង្គការ​ហាមឃាត់ អាវុធ​គីមី​៕​

ខាងក្រោមនេះ ជាកន្លែងប្រជុំកាលពីមុនរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​៖

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com