សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអនុវត្តគោលការណ៍«យកស្លឹកត្នោតខ្ចប់ស្ករត្នោត»ដើម្បីស្ថាបនា ជួសជុលផ្លូវ ប្រព័ន្ធរំដោះទឹកភ្លៀង និងទឹកកង្វក់នៅខេត្តព្រះសីហនុ

(ភ្នំពេញ)៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន ណែនាំឲ្យអនុវត្តគោលការណ៍ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» ចំពោះការស្ថាបនា ជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ក្នុងខេត្តព្រះសីហនុនេះ។

ជាមួយគ្នានេះ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ក៏បានបន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឲ្យប្រើប្រាស់ថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ១០០លានដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាខាងលើដែរ។

កាលនោះកិច្ចប្រជុំអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធក៏ត្រូវបានបង្កើតឡើងជាបន្ទាន់ កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៩ ដឹកនាំដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាកិច្ចប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ដើម្បីពិនិត្យ និងពិភាក្សាអំពី «ការធ្វើអាទិភាវូបនីយកម្ម ក្នុងការជួសជុល និងសាងសង់ផ្លូវថ្នល់ ក្នុងខេត្តព្រះសីហនុ»។

ដោយឡែកសម្រាប់លទ្ធផល នៃអង្គប្រជុំ ក៏បានឯកភាពលើវិធាការ និងគោលការណ៍មួយចំនួនទៀតដូចជា៖

១- បន្តអនុវត្តន៍គោលការណ៍ ដែលបានសម្រេចក្នុងកិច្ចប្រជុំ គ.ស.ហ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩កន្លងទៅ ចំពោះវិធានការការងារបន្ទាន់ និងអាទិភាព ក្នុងការស្តារអូរធម្មជាតិទាំង៥ និងលូ ដែលមានស្រាប់ ដែលសព្វថ្ងៃកំពុងទទួលរងការរំលោភយកចំណីអូរ និងប្រឡាយ ដើម្បីបើកមុខទឹក ហូរ និងដោះស្រាយជំនន់ទឹកភ្លៀង។

២- ក្នុងការស្តារ ជួសជុលផ្លូវក្នុងក្រុងផ្លូវវាងក្រុង ការស្តាររៀបចំអូររំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់, កិច្ចប្រជុំបានកំណត់អាទិភាព និងវាយតម្លៃពីទំហំនៃការស្តារ និងជួសជុលកំណាត់ផ្លូវទាំង២២ខ្សែ និងផ្លូវវាងក្រុង តាមបទដ្ឋានស្តង់ដា ដែលសិក្សាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយផ្សារភ្ជាប់ជាមួយនឹងគុណភាព, សោភណ្ឌភាព, សុវត្ថិភាព, តម្រូវការហិរញ្ញប្បទាន, តម្រូវការនៃការដោះស្រាយផលប៉ះពាល់ ក្នុងនោះត្រូវផ្តោតលើបច្ចេកទេសក្នុងការសាងសង់ ការត្រួតពិនិត្យគុណភាពសំណង់, ទំហំផ្លូវ, ការបង្កប់ប្រព័ន្ធខ្សែកាប, ទូរស័ព្ទ, បំពង់ទឹកស្អាត និងបណ្តាញ ទឹកកខ្វក់/ទឹកភ្លៀងជាដើម ។

៣- ចំពោះប្រភពហិរញ្ញប្បទាន, បន្ថែមលើការឯកភាពជាគោលការណ៍ របស់ប្រមុខរាជរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យប្រើប្រាស់ថវិកាសន្សំ របស់រាជរដ្ឋាភិបាលចំនួន១០០លានដុល្លារអាមេរិក, ត្រូវអនុវត្តគោលការណ៍ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» ដែលជាការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះការស្ថាបនា ជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ ក្នុងខេត្តព្រះសីហនុនេះ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com