ចេញ​ហើយ​លទ្ធផល​ប្រឡង​បាក់​ឌុប ឆ្នាំនេះ បេក្ខជន​ប្រឡង​ជាប់​ច្រើនជាង​ឆ្នាំមុន ហើយ​និទ្ទេស A ក៏​ច្រើន​ដែរ​!

(​ភ្នំពេញ​)៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសថា បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប នៅ​ឆ្នាំនេះ មាន​ចំនួន ៧៩០៥២​នាក់ ត្រូវជា ៦៨,៦២% ( បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ ចំនួន ៦៧,០៧% ) ក្នុងនោះ បេក្ខជន ដែល​ទទួលបាន​និទ្ទេស A មាន​ចំនួន ៤៤៣ ណាក់ ( ឆ្នាំ​២០១៨ ចំនួន ៤០៨ នាក់ ) និទ្ទេស B មាន​ចំនួន ២៤៣០​នាក់ ( ឆ្នាំ​២០១៨ ចំណួន ២២២២ នាក់ ) និទ្ទេស C មាន​ចំនួន ៥៨៤៧​នាក់ ( ឆ្នាំ​២០១៨ មាន​ចំនួន ៦០៤១​នាក់ ) និទ្ទេស D មាន​ចំនួន ១៤១០០​នាក់ ( ឆ្នាំ​២០១៨ ចំនួន ១៥១៨០​នាក់ ) និង​និទ្ទេស E មាន​ចំនួន ៥៦២៣២​នាក់ ( ឆ្នាំ​២០១៨ ចំនួន ៥២១៨៣​នាក់ )​។​

​ក្រសួង​អប់រំ បន្តថា ក្នុងចំណោម​បេក្ខជន ទទួលបាន​និទ្ទេស A ចំនួន ៤៤៣ នាក់ មកពី​រាជធានី​ភ្នំពេញ ១៤១​នាក់ ខេត្តសៀមរាប ៣៨​នាក់ បាត់ដំបង ៣២​នាក់ តាកែវ ២៩​នាក់ កំពង់ចាម ២៧​នាក់ ព្រៃវែង ២៧​នាក់ បន្ទាយមានជ័យ ២៥​នាក់ កណ្តាល ២៣​នាក់ ត្បូងឃ្មុំ ១៥​នាក់ កំពង់ធំ ១៤​នាក់ ព្រះសីហនុ ១៣​នាក់ ស្វាយរៀង ៨​នាក់ ពោធិ៍សាត់ ៧​នាក់ កំពង់ឆ្នាំង ៦​នាក់ កំពង់ស្ពឺ ៦​នាក់ ក្រចេះ ៤​នាក់ រតនគិរី ២​នាក់ កោះកុង ម្នាក់ មណ្ឌលគិរី ម្នាក់ និង​ឧ​ត្ត​រ​មានជ័យ ម្នាក់​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសថា លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ សម័យ​ប្រឡង ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ នឹងត្រូវ​ប្រកាស លទ្ធផល ចាប់ពី​ម៉ោង ៣​រសៀល ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩ សម្រាប់​មណ្ឌល​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តកណ្តាល​។ ដោយឡែក នៅ​ខេត្ត​ផ្សេងទៀត នឹង​ប្រកាស​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​។​

​ដំបូង​ឡើយ ក្រសួង​អប់រំ គ្រោង​នឹង​ប្រកាស​លទ្ធផល​នៃ​ការប្រឡង​បាក់​ឌុប​នេះ នៅ​ថ្ងៃទី​១០ កញ្ញា សម្រាប់​មណ្ឌល​នៅ​ភ្នំពេញ និង​នៅ​ខេត្តកណ្តាល ហើយ​ខេត្ត​ផ្សេងទៀត ប្រកាស​នៅ​ថ្ងៃទី​១១​កញ្ញា ឆ្នាំ​២០១៩​។​

​ប៉ុន្តែ​ការសម្រេច​ប្តូរ​ថ្ងៃ មក​ប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប នៅ​ថ្ងៃទី​០៩-១០​កញ្ញា​វិញ ត្រូវបាន​ក្រសួង​អប់រំ បញ្ជាក់ថា យោងតាម​ការចាំបាច់រ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ លទ្ធផល​ប្រឡង នឹងត្រូវ​ប្រកាស​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​តែមួយគត់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា facebook.com/moeys.gov.kh​។

​ជាមួយគ្នានេះ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​បញ្ជាក់ថា ដំណើរការ​ស្រង់​បូក​ពិន្ទុ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​ថ្ងៃទី​១៩ សីហា ២០១៩ បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន និង​ប្រសិទ្ធភាព​ខ្ពស់ ហើយ​មិនមាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​ឡើយ​។
​ក្រសួង​អប់រំ បន្ថែមថា គណៈកម្មការ​ស្រង់​បូក​ពិន្ទុ​ទាំងអស់ គោរព​តាម​បទបញ្ញត្តិ​បានល្អ និង​អនុវត្តតាម​កម្រង​ភារកិច្ច ប្រកបដោយ​ភាព​ហ្មត់ចត់ ស្មោះត្រង់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ដំណើរការ​ស្រង់​បូក​ពិន្ទុ​បាន​ប្រព្រឹត្តិ​ទៅ ដោយមាន​កិច្ចសហការ​យ៉ាង​ល្អ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដែល​រួមមាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ អាជ្ញាធរ​ដែនដី និង​កងកម្លាំង​មាន​សមត្ថកិច្ច​។

​សូម​រម្លឹកថា ដំណើរការ​សំណេរ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ការប្រឡង​បាក់​ឌុប រយៈពេល ២​ថ្ងៃ នៅ​ថ្ងៃទី​១៩-២០ ខែសីហា ឆ្នាំ​២០១៩ បាន​បិទ​បញ្ចប់ ដោយ​ជោគជ័យ ទោះ​ជាមាន​ភ្លៀង​ធ្លាក់ នៅ​មណ្ឌល​ខ្លះ​ក៏ដោយ​។

​បន្ទាប់ពី​ប្រឡង​ចប់​ភ្លាម ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសថា ក្នុង​ដំណើរការ​ប្រឡង​រយៈពេល ២​ថ្ងៃនេះ បេក្ខជន​អវត្តមាន សរុប​ចំនួន ១៨៣៨ នាក់ ស្រី ៦៩៦​នាក់ ត្រូវជា ១,៥៧% នៃ​ចំនួន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​។ ក្នុងនោះ បេក្ខជន មាន​បញ្ហា​សុខភាព ចំនួន ១៥២​ករណី បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ​បឋម អាច​បន្ត​ការប្រឡង​ទៀត​បាន លើកលែងតែ ១១​ករណី ត្រូវ​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ ពុំ​អាច​ត្រឡប់មក​បន្ត​ការប្រឡង​បាន​។​

​ជារួម ក្រសួង​អប់រំ បានប្រកាសថា ដំណើរការ​ប្រឡង​បាក់​ឌុប ២​ថ្ងៃនេះ ដំណើរការ​បានល្អ និង​ដោយ​រលូន ដោយ​មិនមាន​បាតុភាព​មិន​ប្រក្រតី​ធំដុំ កើតឡើង គួរ​ឲ្យ​កត់សម្គាល់​ឡើយ ដោយសារ​បេក្ខជន​គោរ​តាម​បទ​ប្ប​ញ្ញ​តិ្ត នៃ​ការប្រឡង​យ៉ាង​ល្អ ស្ទើរតែ​ពុំមាន​នាំមក​ជាប់​ខ្លួន​នូវ​សំណៅ​ឯកសារ និង​ឧបករណ៍​ហាមឃាត់​។​

​ការប្រឡង​បាក់​ឌុប នៅ​ឆ្នាំ​២០១៩​នេះ មាន​បេក្ខជន បាន​ចុះឈ្មោះ​ប្រឡង​សរុប ១១៧០៤៣ នាក់ ស្រី ៦០៤២៧​នាក់ និង​មាន​មណ្ឌល​ប្រឡង ២០២ មណ្ឌល ត្រូវជា ៤៧២៥ បន្ទប់ នៅ​ទូទាំងប្រទេស​។ ក្នុងនោះ មាន​បេក្ខជន ២ នាក់ ត្រូវបាន​ក្រសួង សម្រេច​ឲ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ព្រោះតែ​យក​សំណៅ​ឯកសារ និង​ទូរស័ព្ទ​ចូល​បន្ទប់​ប្រឡង​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com