សហព័ន្ធកីឡារាំកម្ពុជាសង្ឃឹមថានឹងអាចស្វែងរកមេដាយ សម្រាប់ការចូលរួមជាលើកដំបូង ក្នុងស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន

(កម្ពុជា)៖ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបានបង្ហាញនូវក្តីសង្ឃឹមខ្ពស់ថា ប្រភេទកីឡារាំកម្ពុជានឹងអាចស្វែងរកបានមេដាយណាមួយ ក្នុងការចូលរួមជាលើកដំបូងរបស់ខ្លួនក្នុង
ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោកស្រីអគ្គលេខាធិការសហព័ន្ធកីឡារាំ បានដាក់ក្តីសង្ឃឹមបែបនេះ បន្ទាប់ពីប្រភេទកីឡារាំរបស់ខ្លួនកំពុងបង្កើនការហ្វឹកហាត់យ៉ាងសកម្ម ជាពិសេសវិស័យកីឡារាំកម្ពុជាក៏ធ្លាប់ បានយកឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធពីលើឆាកអន្តរជាតិជាបន្តបន្ទាប់ នាពេលកន្លងមក។

លោកស្រីបញ្ជាក់ថា សហព័ន្ធកីឡារាំកម្ពុជាទើបនឹងទទួលព័ត៌មានច្បាស់លាស់លើប្រភេទកីឡារាំ ពីម្ចាស់ផ្ទះហ្វីលីពីន កន្លងមកថ្មីៗនេះទេ ហើយសហព័ន្ធបានត្រៀមអត្តពលិក៤នាក់ ក្នុងនោះមានកីឡាករ ច័ន្ទ វិទ័រ អាយុ២២ឆ្នាំ កីឡាករ សេង សុគីម អាយុ១៨ឆ្នាំ និងកីឡាការិនី២នាក់ គឺព្រាប ដានីអែលឡា និង ម៉ូវ ដានីតា អាយុ១៧ឆ្នាំ ដោយប្រកួតលើ៦វិញ្ញាសា ដូចជា Samba, Cha Cha cha, Ruba, Paso Doble, Jive និង S,C,R,P,J ក្នុងចំណោមវិញ្ញាសាសរុបមានចំនួន១៤ ដែលបានគ្រោងទុករបស់ម្ចាស់ផ្ទះ ហ្វីលីពីន។

នៅក្នុងចំណោមកីឡាករ កីឡាការិនី៤នាក់ គឺមាន២នាក់ គឺជាកូនខ្មែរ កាត់អ៊ុយក្រែន (កីឡាករ ច័ន្ទ វិទ័រ និងកីឡាការិនី ព្រាប ដានីអែលឡា) ដែលពួកគាត់ជាគ្រូបង្ហាត់រាំផង និងធ្លាប់ជាម្ចាស់មេដាយមាស ប្រាក់ អន្តរជាតិ កាលពីពេលកន្លងទៅ។ រីឯ១គូទៀតគឺ សេង សុគីម និង ម៉ូវ ដានីតា ក៏ធ្លាប់ឈ្នះមេដាយប្រាក់ និងសំរឹទ្ធ នៅក្នុងការប្រកួតអន្តរជាតិនៅហុងកុង កន្លងទៅដែរ។ កីឡាករ កីឡាការិនីរាំកម្ពុជាដែលត្រៀមនេះ គឺសុទ្ធតែបានឆ្លងការការប្រកួតជម្រុះក្នុងស្រុក ហើយមានពិន្ទុខ្ពស់ៗជាងគេ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កីឡាចំនួន៣០ ដើម្បីបញ្ជូនទៅចូលរួមប្រកួតប្រជែងមេដាយនៅក្នុងស៊ីហ្គេម លើកទី៣០ ប្រទេសហ្វីលីពីន ចុងឆ្នាំ២០១៩នេះ។ កាលពី ស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី គឺកម្ពុជាដណ្តើមបានមេដាយមាស៣ ប្រាក់២ និង សំរឹទ្ធ ១២គ្រឿង សរុប១៧គ្រឿង ដោយឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម១១ប្រទេស ក្នុងតំបន់អាស៊ាន៕ (ប្រភព៖ PP SEA GAMES 2023)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com