ប្រាសាទបាយ័ន ជាឃ្លំាងនៃមរតកវប្បធម៌ ខាងសាសនាសម័យអង្គរ

(ភ្នំពេញ)៖ ប្រាសាទបាយ័ន ជាសំណង់ស្ថាបត្យកម្ម នៃស្នាព្រះហស្តរបស់ ព្រះមហាក្សត្រ គឺ ព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២ គេឃើញតាមរយៈចម្លាក់បដិមាទំាងអស់នៅតាមជញ្ជំាងប្រាសាទ បានបង្ហាញឲ្យដឹងថា ជាមជ្ឈមណ្ឌលមួយដ៏វិសេសក្នុងការផ្តល់ សិទ្ធសេរីភាពជូនប្រជាពលរដ្ឋខាង ជំនឿសាសនា។ ក្នុងនោះគេហៅថាជាការសំយោគផ្នែក ពុទ្ធសាសនា មហាយាន និងខាងសាសនាព្រាហ្មណ៍។

ប្រជាប្រិយភាពនៃប្រាសាទបាយ័ន ប្រៀបដូចជាអម្រឹតជាតិ ដែលប្រជាពលរដ្ឋខ្មែរសម័យអង្គរ មានការព្រមព្រៀង ស្រុះស្រួល​មូលមិត្តនឹងគ្នាប្រកបដោយកម្លំាងសាមគ្គីភាពដ៏ខ្លំាងក្លា។ ក្នុងនោះមានភ័ស្តុតាង បង្ហាញតាមរយៈបដិមាឲ្យឃើញថា មានទេវតាសំខាន់ៗ ក្នុងព្រាហ្មញ្ញសាសនា ដូចជាព្រះនារាយ៍, ព្រះឥសូរ និងព្រះព្រហ្ម។

ដុយឡែកខាងពុទ្ធសាសនា មហាយាន្តគេឃើញបដិមាតំណាងព្រះពោធិសត្វលោកេស្វរៈ និងបដិមាព្រះពុទ្ធ ព្រមទំាងព្រះបារបិតា ផងដែរ។ ភាពសុខដុមនៃប្រាសាទបាយ័ន គឺជាបូជនីយដ្ឋាន មួយប្រកបដោយការចូលរួម នៃសាសនាជាជំនឿរបស់ប្រជាពលរដ្ឋខ្មែរសម័យអង្គរ។

បានសេចក្តីថា បាយ័នពុំបានបែងចែក ព្រំដែនសជំនឿរបស់ប្រជាពលរដ្ឋនោះទេ។ ថ្វីត្បិតតែព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គទ្រង់កាន់ពុទ្ធសាសនា ហើយដែលចាត់ទុកព្រះពុទ្ធសាសនា មហាយាន្ត ជាសាសនារដ្ឋក៏ដោយ ក៏ព្រះអង្គ តែងមិនបដិសេធ និងមិនច្រានចោល សាសនាព្រាហ្មណ៍ឲ្យឋិតនៅឯកោដែរ។

បានសេក្តីដែរព្រះមហាក្សត្រអង្គនេះបានរក្សា និងឱបក្រសោប មរតកនៃសាសនាព្រាហ្មណ៍ឲ្យឋិតនៅគង់វង្សដដែល។ មូលហេតុនេះគេយល់ថា ជាការប្រមូលកម្លំាងយ៉ាងរឹងមំាក្នុងប្រទេស ឬព្រះអង្គមិនចង់ឲ្យមានការបែកបាក់តាមរយៈតាមារធ្វើសង្រោ្គម ដោយការប្រកាន់ជំនឿសាសនា ម្ខាងៗនោះឡើយ។

ប្រការសំខាន់ដែលគួរឲ្យកត់សំគាល់ បន្តមកទៀតនោះ គឺពុទ្ធសាសនាជា សាសនាប្រើធម៌អហិង្សា ដែលធ្វើឲ្យសាសនាព្រាហ្មណ៍ អាចរួមរស់ជាមួយគ្នា ប្រកបដោយភាពសុខសាន្ត និងមានភាពរលូនបំផុត។ មានន័យថាទោះជា រដ្ឋធម្មនុញ្ញមានបញ្ជាក់ថា ពុទ្ធសាសនា ជាសាសនារដ្ឋក៏ដោយ ក៏បញ្ហាជំនឿរបស់ប្រជាពលរដ្ឋ ដែលនិយមខាងពុទ្ធសាសនា នៅតែប្រកាន់ភ្ជាប់ដ៏ខ្លាំងក្លាដដែល។

ទន្ទឹមនេះដែរ បើយើងពិនិត្យមើល ជំនឿក្នុងពុទ្ធសាសនា មកទល់នឹងបច្ចុប្បន្ននេះ ក៏គេឃើញមានការឡូកឡំដោយសាសនាព្រាហ្មណ៍ មិនដាច់ខ្សែរយៈនោះដែរ។ ឧទាហរណ៍ ព្រះសង្ឈ សូត្រមន្តរំដោះគ្រោះ, ការប្រោះព្រំទឹកមន្ត, ការរៀបចំបាយសី, ការស្រោចទឹក, ការបំពាក់ខ្សែចង្កេះគាថា…។ ទំាងអស់នេះ គឹជាការរួមរស់នៃជំនឿខាងសាសនាព្រាហ្មណ៍ នៅក្នុងព្រះពុទ្ធសាសនា ដែលយោងទៅតាម កម្រិតនៃជំនឿ របស់ពុទ្ធបរិស័ទ ក្នុងបំណងចង់បានសេចក្តីសុខ ចូលរួមវេញធ្លុង ជាមួយការអនុវត្តសីល៥ នៃព្រះពុទ្ធសាសនា។

ជាក់ស្តែងចម្លាក់នៅប្រាសាទបាយ័ន គេឃើញមានចម្លាក់ព្រះវិស្ណុ ឬព្រះនារាយណ៍ ដែលគេបានសែងដើរជាក្បួនដង្ហែផង, មានចម្លាក់បង្ហាញ អំពីការគោរពព្រះសិវលិង្គផង, ការគោរពលំពែងត្រីសូល៍ របស់ព្រះឥសូរផង…។

ដោយឡែកនៅកំពូលប្រាង្គប្រាសាទនោះ គឺចម្លាក់ ព្រហ្មមុខ៤បាន រលាយចូលជាមួយព្រះភ័ក្រ្ត របស់ព្រះពោធិសត្វ អវលោកេស្វរៈ ជាស្រេចទៅហើយ។

សរុបសេចក្តីមកតាមរយៈចម្លាក់បដិមានៅប្រាសាទ បាយ័នគេសន្និដ្ឋាន ជាបេតិកភ័ណ្ឌ ជាតិខ្មែរដ៏មានតម្លៃ ប្រកបដោយសេរីភាព ក្នុងជំនឿសាសនា ដ៏ធំទូលំទូលាយ  ឋិតក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់ព្រហបាទជ័យវរ្ម័នទី៧  ក្នុងការធានាបាននូវសុខសន្តិភាព សង្គម និងការកសាងនូវ វឌ្ឈភាពដ៏រុងរឿង សម័យអង្គរ។ លើសពីនេះទៀត ប្រាង្គ​ប្រាសាទបាយ័ននេះហើយ ដែលជាមរតកវប្បធម៌ របស់ដូនតា ទុកឲ្យកូនចៅបន្តគ្រប់ជំនាន់បានរៀនសូត្រ ជាមេរៀនក្នុងការបង្រួបបង្រួមជាតិ ប្រកបដោយប្រសិទ្ធភាពបំផុត៕ (ដោយ លី ហាក់សេង)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com