រឿងកាន់តែធំហើយ! ក្រោយពេល ឧកញ៉ា ស្រី ចន្ធូ ថៅកែ 7NG ធ្វើសន្និសីទកាសែតរឿងប្តឹងអតិថិជន ស្រាប់តែជនរងគ្រោះដែលទិញដីខ្យល់ចេញមកកាន់តែច្រើន

(ភ្នំពេញ)៖ មិនមែនមានតែជនរងគ្រោះ ៣នាក់ទេដែលអះអាង និងប្តឹងទៅតុលាការថា ពួកគេបានចាញ់បោកក្រុមហ៊ុន 7NG រឿងទិញដីឡូត៍អស់លុយជាច្រើន រងចាំរាប់ឆ្នាំបានតែខ្យល់នោះ ឥឡូវនេះមានជនរងគ្រោះជាច្រើននាក់ទៀតបានចេញមុខមកទាមទារដីពីក្រុមហ៊ុនលក់ដីឡូត៍ខ្យល់មួយនេះ តាមរយៈការ Comment លើទំព័រ Facebook សារព័ត៌មានមួយចំនួនដែលចូលរួមផ្សព្វផ្សាយការធ្វើសន្និសីទ របស់លោកឧកញ៉ា ស្រី ចន្ធូ។

ប្រជាពលរដ្ឋដែលអះអាងថា ខ្លួនជាជនរងគ្រោះ បានសរសេរលើនៅក្នុង Comment (មានអ្នកចូលលុបចោលវិញអស់ខ្លះ) របស់ពួកគាត់ដូចខាងក្រោម៖

គណនី Facebook ឈ្មោះ Akp Song បានសរសេរថា «ខ្ញុំជាអ្នកកាសែតមួយរូបដែរ បានបង់រម្លស់មួយក្បាល ហើយបង់ជាច្រើនខែមកហើយ ឮថាដីខ្យល់ខ្ញុំឈប់បង់វិញ សួរថាតើក្រុមហ៊ុនសងលុយឱ្យវិញទេ?»។

គណនី Facebook ឈ្មោះ Keak Sic សរសេរថា «គេទិញចង់បានដីលើទីតាំងរបស់គេដែលព្រមព្រៀងគ្នា តែបើឲ្យខុសទីតាំង ឲ្យគេទទួលយកដែរ ឬលោកព្រះ? ទីតាំងជាង ១០ឆ្នាំជាផ្លូវបេតុងជួរធនាគារ UCBឥឡូវ តែឲ្យគេយកទីតាំងផ្លូវដី មិនទាន់ទាំងមានបេតុងទៀត! នេះឬការលក់ដី របស់មនុស្សស្លូតត្រង់?»។

គណនី Facebook ឈ្មោះ Akara Khut សរសេរថា «ក្រហើយទើបរកទិញដីពុំឡូត៍ តែលទ្ធផលបង់ចប់យូរហើយ ដីនៅតែចុងម្រាមដៃអ្នកចាំបង្ហាញ»។

គណនី Facebook ឈ្មោះ Imra Era សរសេរថា «ចុះខ្ញុំគ្មានលុយគ្មានអំណាចផង ខំធ្វើការប្រាក់ខែពីររយដុល្លារ ហើយដកខ្លះដើម្បីបង់រម្លស់ដីតាំងពី ១០ឆ្នាំដើម្បីចង់បានតែមួយឡូត៍ដើម្បីរស់នៅហើយនៅតែមិនទាន់បាន តើក្រុមហ៊ុនគិតយ៉ាងមិចវិញ?»។

គណនី Facebook ឈ្មោះ Sen Chhengchanlyda សរសេរថា «ដីខ្ញុំ ៥ឡូត៍ដែរ ប្លុក B2 5050 5054 បង់ដាច់យូរហើយ រយៈពេល ១០ឆ្នាំ កំពុងចាំក្រុមហ៊ុនប្រគល់ឲ្យខ្ញុំ ក្នុងកិច្ចសន្យាចុងខែ១២ ខ្ញុំទុកពេលឲ្យត្រឹមខែ១២ បើផុតកិច្ចសន្យា ខ្ញុំនឹងធ្វើឲ្យដឹងថា ខ្ញុំនិយាយមែន ឬលេង?»។

គណនី Facebook ឈ្មោះ Dara Kroch សរសេរថា «ដីខ្ញុំបួនឡូត៍ និងបងប្អូនខ្ញុំជាច្រើនឡូត៍ទៀត សូមក្រុមហ៊ុនប្រគល់ឲ្យផង កុំនិយាយល្អតែម្នាក់ឯង»។

គណនី Facebook ឈ្មោះ សែន ឆេងច័ន្ទលីដា សរសេរថា «សង្ឃឹមថា ក្រុមហ៊ុននឹងប្រគល់ដីឲ្យខ្ញុំមុនខែ១២នឹង ខ្ញុំរងចាំលទ្ធផលល្អ ហើយកុំដូរដីខ្ញុំ»។

គណនី Facebook ឈ្មោះ Rita Kanika សរសេរបង្ហោះថា «ហេតុអ្វីខ្ញុំ Comment ហើយចេះតែមានគេលុបចោលចឹង។ Comment គេសួររកដីហេតុអ្វីត្រូវលុប គេមានសិទ្ធិព្រោះរបស់គេទិញឲ្យលុយ។ មាសសុទ្ធមិនខ្លាចភ្លើងទេ តែតាមរយៈទង្វើអស់ទាំងនេះបានបង្ហាញឲ្យយើងទាំងអស់គ្នាបានឃើញច្បាស់ហើយថាជាមនុស្សប្រភេទណា Srey Chanthou Chhaya Neat»។

គួរកត់សម្គាល់ថា ការចេះមុខមក Comment លើរបស់ជនរងគ្រោះ បានធ្វើឡើងបន្ទាប់ពីលោក ឧកញ៉ា ស្រី ចន្ធូ ធ្វើសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩នេះ អំពីរឿងរ៉ាវដែលអតិថិជនឈ្មោះ ឈុន ណារី ដែលជាភរិយាមន្ត្រីគយ ប្តឹងលោក និងឪពុកលោកទៅតុលាការ រឿងឆបោកនោះ ឥឡូវនេះ ឧកញ៉ា ស្រី ចន្ធូ បានបញ្ចេញឯកសារដែលលោកប្តឹងអតិថិជនបកឈ្មោះ ឈុន ណារី ទៅតុលាការវិញ។

យោងតាមពាក្យបណ្តឹងចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ដើមបណ្តឹងឈ្មោះ ស្រី ចន្ធូ បានប្តឹងឈ្មោះ ឈុន ណារី ភេទស្រី អាយុ ៣៨ឆ្នាំ ពីបទ បរិហារបង្កាច់កេរ្តិ៍ ចូលស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយទាមទារសំណងជំងឺចិត្តចំនួន ៧,៧៧៧,៧៧៧ ដុល្លារ។

គួរបញ្ជាក់ថា ឧកញ៉ា ស្រី សុធា (ជាឪពុក) និងឧកញ៉ា ស្រី ចន្ធូ (ជាកូនប្រុស) ដែលថៅកែក្រុមហ៊ុន 7NG រហូតមកដល់ពេលនេះ មានអតិថិជនចំនួន ៣នាក់ហើយដែលបានដាក់ពាក្យប្តឹងពួកលោក ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ សំណុំរឿង ឆបោកប្រាក់ ក្នុងអំពើទិញលក់ដីឡូត៍ខ្យល់ នៅក្នុងភូមិព្រែកចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើ ឧកញ៉ា ស្រី សុធា ភេទប្រុស អាយុ៦១ឆ្នាំ តួនាទីជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG និងឧកញ៉ា ស្រី ចន្ធូ ភេទប្រុស អាយុ ៣៨ឆ្នាំ ជានាយកក្រុមហ៊ុន 7NG ពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៨-២០១៩ យោងតាមមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។

បន្ទាប់ពីចោទប្រកាន់លើ ឧកញ៉ា ឪពុក និងកូនទាំង ២នាក់រួច លោក កែវ សុធា បានបញ្ជូនសំណុំរឿងទៅឲ្យចៅក្រមស៊ើបសួរចាត់ការបន្ត ដោយស្នើសុំឲ្យចៅក្រមចាប់ និងឃុំខ្លួនក្រុមជនត្រូវចោទជាបណ្តោះអាសន្ន។

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចចោទប្រកាន់ ឧកញ៉ា ស្រី សុធា នាយកក្រុមហ៊ុន 7NG និងឧកញ៉ា ស្រី ចន្ធូ អ្នកចាត់ការទូទៅក្រុមហ៊ុន 7NG ពីបទ ឆបោក ពាក់ព័ន្ធការលក់ដីឡូតិខ្យល់ ចំនួន ៧ឡូតិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៨ រហូតមកដល់ឆ្នាំ២០១៩ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

មិនខុសពីលោក កែវ សុធា ឡើយ ពោលគឺលោក ប្លង់ សុផល ក៏បានស្នើសុំឲ្យចៅក្រមស៊ើបសួរចាប់ និងឃុំខ្លួន ឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ចន្ធូ យកទៅដាក់គុកដូចគ្នា។

នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ មានអតិថិជនម្នាក់ទៀត បានដាក់ពាក្យប្តឹង ឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ចន្ធូ ទៅតុលាការដើម្បីឲ្យជួយរកយុត្តិធម៌ ពាក់ព័ន្ធករណី ឆបោក ក្នុងអំពើទិញលក់ដីខ្យល់ដូចគ្នានឹងអតិថិជនដទៃទៀតដែរ។ ហើយសំណុំរឿង គេនៅពុំទាន់ដឹងថា តំណាងអយ្យការរូបណាជាអ្នកចាត់ការនៅឡើយទេរហូតមកដល់ពេលនេះ។

សូមជម្រាបជូនថា កាលពីអំឡុងដើមឆ្នាំ២០១៩នេះ មានករណីផ្ទុះការតវ៉ា និងទាមទារដី ពីក្រុមហ៊ុន 7NG ពីសំណាក់អតិថិជនជាច្រើននាក់ នៅក្នុងការិយាល័យលក់ដីឡូតិរបស់ក្រុមហ៊ុននេះ ស្ថិតនៅភូមិព្រែកចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បន្ទាប់មក ឧកញ៉ា ស្រី សុធា ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG និងកូនប្រុសគឺ ឧកញ៉ា ស្រី ចន្ធូ ជានាយកក្រុមហ៊ុន 7NG បានចេញមុខដោះស្រាយ និងសន្យាថា នឹងប្រគល់ដីជូនអតិថិជនតាមកិច្ចសន្យា ឲ្យបានមុនបំណាច់ឆ្នាំ២០១៩នេះ៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com