ព្រះភក្រ្ដ ព្រះព្រហ្ម តំណាងដោយ បាយ័ន មុខ៤ មែនឬ?

(ភ្នំពេញ)៖ មជ្ឈដ្ឋានភ្ញៀវដែលបាន ទស្សនាប្រាង្គសាទបុរាណរបស់ខ្មែរ តែងមានការកោតសរសើរ ប្រកបដោយភាពល្បីល្បាញនៃប្រាសាទបាយ័ន។

គេបានធ្វើការសន្និដ្ឋានដ៏ជាក់លាក់​ថា«ប្រាសាទបាយ័ន» គឺជានិមិត្តរូប នៃជាតិខ្មែរទាំងមូល ឬជាដំបូលរួមមួយ នៃការរួមរស់​ដ៏សុខសាន្ត នៃជំនឿរបស់ប្រជាពលរដ្ធ នាសម័យ​អង្គរតែម្ដង។ ជាពិសេសប្រវត្តិវិទូជាច្រើនបានយលើដូចគ្នាថា ប្រាសាទបាយ័ន ជាពហុសាសនា​ ដែលជាមជ្ឈមណ្ឌលនៃទីសក្ការបូជាព្រមគ្នា និងជាមួយគ្នា ហៅថា​សាមគ្គីភាពជាធ្លុងមួយជុំវិញ ព្រះរាជបល្ល័ង្គ ដោយការគ្រប់គ្រងរាជ្យដោយព្រះមហាក្សត្យជ័យវរ្ម័នទី៧។

ប៉ុន្តែនាពេលនេះ​ដែលខ្ញុំលើកបង្ហាញតែបញ្ហាចម្លាក់ព្រះព្រហ្ម ដែលមានមុខ៤នេះ តើជា​បដិមាមានមុខ៤នៃកំពូលប្រាសាទបាយ័នមែនឬ?

មុននឹងចូលរួមបង្ហាញនូវគំនិតដ៏ល្បីល្បាញរបស់ដូចតាក៏ដូចជាឧត្ដមគតិបង្កប់ដ៏មានតម្លៃ របស់បុព្វបុរស នៃប្រាសាទ បាយ័ន​ នោះក៏មានសំណួរថា អ្វីទៅហៅថាបាយ័ន?។

បើផ្អែកតាមការពន្យល់នៅក្នុងវចនានុក្រមខ្មែររបស់សម្ដេចសង្ឈរាជ ជូន-ណាត ទំព័រ៥៦៦ បោះពុម្ព ឆ្នាំ១៩៦៧ បានឲ្យសរសេរថា «បាយ័ន» ប្រែថា បល្ល័ង្គ ឬ ព្រះទែន  មានន័យថា ប្រាសាទនេះ ជាទីតាំងបល្ល័ង្គ តម្កល់ព្រះពុទ្ធរូប ឬទេវរូប…។

ដូចនេះប្រាង្គប្រាសាទ​បាយ័ន គឺជាកន្លែងប្រាសាទដែលមាន បល្ល័ង្គ សម្រាប់​តម្កល់ ព្រះពុទ្ធរូប ឬទេវរូប ជាទីសក្ការ បូជា។ ជាពិសេសទាំងខាងព្រាហ្មណ៍សាសនិក ពុទ្ធសាសនិក អាចអញ្ចើញទៅ បូជនីយដ្ឋាន នេះដូចគ្នា​ ក្នុងការគោរពទៅតាម ជំនឿរបស់ខ្លួន រៀងៗខ្លួន។

ជាក់ស្ដែងដូចជាការគោរព ព្រះសិវលិង្គ ការគោរពព្រះវិស្ណុ ការគោរព្រះព្រហ្ម ការគោរពព្រះពោធិសត្វ លោកេស្វរៈ និងការគោរព ព្រះពុទ្ធរូប ជាដើម។ ទាំងអស់នេះហើយដែលជា លក្ខណៈពិសេស នៃប្រាសាទបាយ័ន​ដែលប្លែក ជាងប្រាសាទដទៃទៀតនោះ។

ទន្ទឹមនេះដែរ ចំពោះការតាំងបង្ហាញនៅទីដ៏ខ្ពស់ជាងគេ ហៅថាកំពូលនៃប្រាសាទ សម្រាប់សម្គាល់ថា ជាប្រាសាទបាយ័ន ឬជារចនាប័ទ្ម នោះ គឺមានចម្លាក់មុខ៤តែម្ដង។ ត្រង់ចំណុចនៃមុខ៤ នេះហើយដែលហៅថា ស្លាក ឬជា​យីហោ លើកមុខមាត់ និងកិត្តិយសដ៏ខ្ពង់ខ្ពស់ នៃអ្នកកាន់សាសនាព្រាហ្មណ៍ប្រកបដោយជំនឿយ៉ាងមោះមុតបំផុត។ ក្នុងខណៈនេះ យើងលើកយក មុខ៤ នេះសម្រាប់ធ្វើជា ភស្ដុតាងនៃអ្នកគោរព ព្រហ្មញ្ញសាសនា ដែលមានការព្រមព្រៀងក្នុងចិត្ត និងជឿជាក់ កក់ក្ដៅ ថាជាមុខ ព្រះព្រហ្មរបស់ខ្លួនមែន។

​​​​​​​ការពិតព្រះព្រហ្ម ជាអាទិទេព ដែលមានតូនាទីបង្កើតលោកហើយព្រះអង្គ មានមុខ៤ មានដៃ៤ តែមានដងខ្លួនតែមួយប៉ុណ្ណោះ។ ជាក់ស្ដែងដូចជា រូបថតនៃចម្លាក់ព្រះព្រហ្ម បានភ្ជាប់មកជាមួយ នឹងអត្ថបទនេះមានប្រភពមកពី ប្រាសាទ ភ្នំ បូក ដែលកសាងឡើងនៅចុង សតវត្សរ៍ ទី៩ និងនៅដើម សតវត្សរ៍ ទី១០ ដោយស្នាព្រះហស្ថ ព្រះបាទ យសោវរ្ម័នទី១ ក្នុងការឧទ្ទិស ដល់ព្រហ្មញ្ញសាសនា។

ដូចនេះចំពោះ ព្រាហ្មណ៍សាសនិក ដែលមានជំនឿ ក្នុងការគោរព ព្រះព្រហ្ម ជាអាទិទេព ច្បង គេនោះនៅពេលដែល បានឃើញ កំពូលប្រាសាទបាយ័ន  រំលេចចេញ ដោយមុខ៤ យ៉ាងខ្ពស់ត្រដែតយ៉ាងនេះ គឺហាក់ដូចជា មានការទទួលស្គាល់ជាផ្លូវការនៃការលើកតម្កើង ព្រះព្រហ្មពិតប្រាកដ  ដែលមិនអាចប្រកែកបានឡើយ។

ទន្ទឹមនឹងជំនឿថា ព្រះព្រហ្ម ជា អាទិទេព បង្កើតលោកនោះ ក៏មជ្ឈដ្ឋាននានាក្នុង សង្គមខ្មែរ នាសម័យអង្គរ ក៏ដូចជា សម័យបច្ចុប្បន្ន នេះដែលតែងយល់ថា មាតាបិតា ជាអ្នកបង្កើតបុត្រ។ មានន័យថា មនុស្សទាំងអស់ គ្រប់គ្នាលើលោកនេះ តែងមានកំណើត មកដោយសារ មាតាបិតាជាអ្នកបង្កើត។ ម៉្លោះហើយគេតែងបានលើក តម្លើង នូវ គុណបំណាច់ របស់ មាតាបិតា ហៅថា​មាន ព្រហ្មវិហារធម៌ទាំង៤ ដល់កូនចៅប្រុស ស្រី។

គឺមុខទាំង៤ នេះ តំណាងឲ្យ  ព្រហ្មវិហារធម៌ទាំង៤ មាន មេត្តា ករុណា មុទិតា និង ឧបេក្ខា ដែលប្រជាពលរដ្ឋយើង បានចេះចាំបន្តមក​សព្វថ្ងៃនេះ។

សរុបមក ព្រះភក្រ្ដរបស់ព្រះព្រហ្មទាំង៤ នៃប្រាសាទ បាយ័ន ក៏ជាតំណាង ឲ្យមុខនៃមាតា បិតា របស់ខ្លួន ក្នុងការផ្ដល់ ជូននូវ ព្រហ្មវិហារធម៌ ទាំង៤ ក្នុងការចិញ្ចឹម និងថែរក្សា កូនចៅ ឲ្យមានការរស់រាន មានការអភិវឌ្ឍ ប្រកបដោយ សិរីមង្គល នៅលើលោកនេះពិតប្រាកដ៕ (ដោយ លី ហាក់សេង)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com