មុន​ប្រកាស​លទ្ធផល​បាក់​ឌុប ប៉ុន្មាន​ថ្ងៃ លោក គីម ហ៊ាង ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ប្រុសៗ នៅ​ស្វាយរៀង ១០​នាក់​

(​ភ្នំពេញ​)៖ លោក គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ ខ្មែរ រៀល អ៊ី​ស្ទេ​ត (KW Khmer Real Estate) បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​បេក្ខជន ដែល​ប្រឡង​ជាប់​បាក់​ឌុប មកពី​ខេត្តស្វាយរៀង ចំនួន ១០​នាក់​។ ការផ្តល់​អាហារូបករណ៍ ដល់​បេក្ខជន​ប្រុសៗ ១០​នាក់ មក​តែ​ពី​ខេត្តស្វាយរៀង ដោយសារតែ​លោក​គីម​ហ៊ាង មាន​ស្រុកកំណើត នៅ​ខេត្តស្វាយរៀង ហើយ​ពេល​ជាប់​បាក់​ឌុប ទើប​លោក​មក​រៀន នៅ​ភ្នំពេញ ដោយ​កំសត់កម្រ រហូត​ក្លាយជា​បណ្ឌិត និង​ជា​ឧកញ៉ា ផ្នែក​អចលនទ្រព្យ​។​

​នៅ​រសៀល​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៩ លោក គីម ហ៊ាង ដែល​សព្វថ្ងៃ​រៀន​ចប់​ថ្នាក់បណ្ឌិត និង​ក្លាយជា​ឧកញ៉ា ដោយសារតែ​ការរកស៊ី​ផ្នែក​ដីធ្លី បានប្រកាស​ពី​ការផ្តល់​អារម្មណ៍​រូបករណ៍​ដល់​បេក្ខជន ជា​ប្រុសៗ ប្រឡង​ជាប់​បាក់​ឌុប ១០​នាក់ តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​។​

​លោក គីម ហ៊ាង បានសរសេរថា “​អាហារូបករណ៍​បណ្ឌិត គីម ហ៊ាង គឺ​សម្រាប់​សិស្ស មកពី​ខេត្តស្វាយរៀង ដែល​បាន​ប្រលង​ជាប់​បាក់​ឌុប ២០១៩ ប៉ុណ្ណោះ​!​។ អាហារូបករណ៍​បណ្ឌិត គីម ហ៊ាង គឺ​រួមបញ្ចូល​ទាំង​ក​ន្លៃ​ង​ស្នាក់នៅ ៤​ឆ្នាំ ថ្លៃ​សិក្សា ៤​ឆ្នាំ និង​ការណែនាំ​បន្ថែម​ដោយផ្ទាល់​ពី​បណ្ឌិត គីម ហ៊ាង នៅ​រៀងរាល់​ចុងខែ​។ បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប ដែល​អាច​ទទួល​អាហារូបករណ៍​របស់លោក គឺជា​ភេទ​ប្រុស និង​ត្រូវបាន​ជ្រើសរើស​ដល់​ខេត្តស្វាយរៀង ដោយផ្ទាល់​ពី​បណ្ឌិត គីម ហ៊ាង​។​

​លោក គីម ហ៊ាង បញ្ជាក់ថា “​អ្វីៗ​ដើម្បី​បង្កើត​មនុស្ស ដែលមាន​ប្រយោជន៍​ដល់​សង្គមជាតិ​”​។​

​មាន​ស្រុកកំណើត​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង លោក គីម ហ៊ាង កើត​នៅ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​១៩៨០​។ លោក​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ នៅ​ឆ្នាំ​១៩៩៨ នៅ​វិទ្យាល័យ​ស្វាយរៀង រួច​បាន​យក​ជីវិត និង​ក្តី​សុ​ប​ន្តិ​ដ៏​ធំ​មួយ មក​រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​រៀន​ចប់​មហាវិទ្យាល័យ ផ្នែក​ទេសចរណ៍ លោក គីម ហ៊ាង បានចេញ​ធ្វើការ ដោយ​ទទួលបាន​ប្រាក់ខែ​ត្រឹមតែ ៣០០ ដុល្លារ​ប៉ុណ្ណោះ​។ រហូតដល់​ឆ្នាំ​២០០៧ លោក គីម ហ៊ាង បាន​បង្កើត​ក្រុមហ៊ុន​អចលនទ្រព្យ ខ្មែរ រៀល អ៊ី​ស្ទេ​ត (KW Khmer Real Estate)​។
​នៅ​ឆ្នាំ​២០១៥ លោក គីម ហ៊ាង ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា រយៈពេល ២ អាណត្តិ (​ឆ្នាំ​២០១៥-២០១៨)​។

​ក្នុងអំឡុងពេល​ធ្វើជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា លោក​គីម​ហ៊ាង ក៏​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ​អចលនទ្រព្យ​អាស៊ាន នៅ​ឆ្នាំ​២០១៦ ( Asean Valuers Association AVA ) និង​ប្រធាន​សម្ព័ន្ធ​បណ្តាញ​អចលនទ្រព្យ​អាស៊ាន នៅ​ឆ្នាំ​២០១៨ ( Asean Real Estate Network Alliance ARENA ) ផងដែរ​។​

​សូមបញ្ជាក់ថា លទ្ធផល​នៃ​ការប្រឡង​បាក់​ឌុប នឹងត្រូវ​ក្រសួង​អប់រំ ប្រកាស​នៅ​ថ្ងៃទី​១០ និង​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com