ចាំមើល! តើ អតិថិជន ឬថៅកែក្រុមហ៊ុន 7NG ដែលត្រូវជាប់ពន្ធនាគារ? ករណីប្តឹងគ្នាទៅវិញទៅមករឿងទិញលក់ដីឡូត៍ខ្យល់ក្នុងខេត្តកណ្តាល

(ភ្នំពេញ)៖ រឿងរ៉ាវដ៏ចម្រូងចម្រាសរវាងអតិថិជន និងថៅកែក្រុមហ៊ុន 7NG ក្នុងករណីទិញលក់ដីឡូត៍ក្នុងភូមិព្រែកចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបានឈានដល់ដំណាក់កាលប្តឹងគ្នាទៅវិញទៅមកទៅតុលាការហើយ។

បន្ទាប់ពីលោក ឧកញ៉ា ស្រី ចន្ធូ ធ្វើសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩នេះ អំពីរឿងរ៉ាវដែលអតិថិជនឈ្មោះ ឈុន ណារី ដែលជាភរិយាមន្ត្រីគយ ប្តឹងលោក និងឪពុកលោកទៅតុលាការ រឿងឆបោកនោះ ឥឡូវនេះ ឧកញ៉ា ស្រី ចន្ធូ បានបញ្ចេញឯកសារដែលលោកប្តឹងអតិថិជនបកឈ្មោះ ឈុន ណារី ទៅតុលាការវិញ។

យោងតាមពាក្យបណ្តឹងចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ដើមបណ្តឹងឈ្មោះ ស្រី ចន្ធូ បានប្តឹងឈ្មោះ ឈុន ណារី ភេទស្រី អាយុ ៣៨ឆ្នាំ ពីបទ បរិហារបង្កាច់កេរ្តិ៍ ចូលស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយទាមទារសំណងជំងឺចិត្តចំនួន ៧,៧៧៧,៧៧៧ ដុល្លារ។

គួរបញ្ជាក់ថា ឧកញ៉ា ស្រី សុធា (ជាឪពុក) និងឧកញ៉ា ស្រី ចន្ធូ (ជាកូនប្រុស) ដែលថៅកែក្រុមហ៊ុន 7NG រហូតមកដល់ពេលនេះ មានអតិថិជនចំនួន ៣នាក់ហើយដែលបានដាក់ពាក្យប្តឹងពួកលោក ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ សំណុំរឿង ឆបោកប្រាក់ ក្នុងអំពើទិញលក់ដីឡូត៍ខ្យល់ នៅក្នុងភូមិព្រែកចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើ ឧកញ៉ា ស្រី សុធា ភេទប្រុស អាយុ៦១ឆ្នាំ តួនាទីជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG និងឧកញ៉ា ស្រី ចន្ធូ ភេទប្រុស អាយុ ៣៨ឆ្នាំ ជានាយកក្រុមហ៊ុន 7NG ពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៨-២០១៩ យោងតាមមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។

បន្ទាប់ពីចោទប្រកាន់លើ ឧកញ៉ា ឪពុក និងកូនទាំង ២នាក់រួច លោក កែវ សុធា បានបញ្ជូនសំណុំរឿងទៅឲ្យចៅក្រមស៊ើបសួរចាត់ការបន្ត ដោយស្នើសុំឲ្យចៅក្រមចាប់ និងឃុំខ្លួនក្រុមជនត្រូវចោទជាបណ្តោះអាសន្ន។

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ កន្លងទៅលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចចោទប្រកាន់ ឧកញ៉ា ស្រី សុធា នាយកក្រុមហ៊ុន 7NG និងឧកញ៉ា ស្រី ចន្ធូ អ្នកចាត់ការទូទៅក្រុមហ៊ុន 7NG ពីបទ ឆបោក ពាក់ព័ន្ធការលក់ដីឡូតិខ្យល់ ចំនួន ៧ឡូតិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៨ រហូតមកដល់ឆ្នាំ២០១៩ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

មិនខុសពីលោក កែវ សុធា ឡើយ ពោលគឺលោក ប្លង់ សុផល ក៏បានស្នើសុំឲ្យចៅក្រមស៊ើបសួរចាប់ និងឃុំខ្លួន ឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ចន្ធូ យកទៅដាក់គុកដូចគ្នា។

នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ មានអតិថិជនម្នាក់ទៀត បានដាក់ពាក្យប្តឹង ឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ចន្ធូ ទៅតុលាការដើម្បីឲ្យជួយរកយុត្តិធម៌ ពាក់ព័ន្ធករណី ឆបោក ក្នុងអំពើទិញលក់ដីខ្យល់ដូចគ្នានឹងអតិថិជនដទៃទៀតដែរ។ ហើយសំណុំរឿង គេនៅពុំទាន់ដឹងថា តំណាងអយ្យការរូបណាជាអ្នកចាត់ការនៅឡើយទេរហូតមកដល់ពេលនេះ។

សូមជម្រាបជូនថា កាលពីអំឡុងដើមឆ្នាំ២០១៩នេះ មានករណីផ្ទុះការតវ៉ា និងទាមទារដី ពីក្រុមហ៊ុន 7NG ពីសំណាក់អតិថិជនជាច្រើននាក់ នៅក្នុងការិយាល័យលក់ដីឡូតិរបស់ក្រុមហ៊ុននេះ ស្ថិតនៅភូមិព្រែកចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បន្ទាប់មក ឧកញ៉ា ស្រី សុធា ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG និងកូនប្រុសគឺ ឧកញ៉ា ស្រី ចន្ធូ ជានាយកក្រុមហ៊ុន 7NG បានចេញមុខដោះស្រាយ និងសន្យាថា នឹងប្រគល់ដីជូនអតិថិជនតាមកិច្ចសន្យា ឲ្យបានមុនបំណាច់ឆ្នាំ២០១៩នេះ។ ប៉ុន្តែទំនងជាអតិថិជនខ្លះពុំទាន់អាចទទួលបានដីឡូត៍ពីក្រុមហ៊ុន 7NG ដូចការសន្យា ទើបបានជាមានអតិថិជនមួយចំនួនសម្រេចដាក់ពាក្យប្តឹងថៅកែក្រុមហ៊ុននេះទៅតុលាការ ពាក់ព័ន្ធរឿង ឆបោក ក្នុងអំពើទិញលក់ដីខ្យល់បែបនេះ៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com