បដិមា តំណាង ព្រះពិរុណ ជិះហង្ស នៅប្រាសាទ ប្រែរូប

(ភ្នំពេញ)៖ កាលពីអំឡុងពេល១៥០០ឆ្នាំ ដល់ ៥០០ ឆ្នាំមុន គ្រិស្ដសករាជ គឺជាសម័យ វេទនិយម ដែលមានប្រភពនៅប្រទេសឥណ្ឌា។ កាលណោះ អាណាចក្រនគរភ្នំ នៃសង្គមខ្មែរយើងមិនទាន់បានទទួលនូវឥទ្ធិពលសាសនានោះទេ គឺ ឋិតនៅក្នុង សម័យបុរេប្រវត្តិនៅឡើយ។

ប៉ុន្តែចំពោះលទ្ធិវេទនិយមនោះ គេបានដឹងថា មានព្រះឥន្ទបានដើរតួជាអាទិទេពចម្បងគេ​ ឬធំលើសគេទាំងអស់។ ជាមួយនឹងគ្នានេះដែរ ក៏មានអទិទេពរង ឬក៏ទេវៈ តំណាងនូវ ធម្មជាតិ នីមួយៗ​ ដែរជាក់ស្ដែង ដូចជា ព្រះវរុណ ដែលខ្មែរយើងហៅថា ព្រះពិរុណ ក៏ជាទេវៈ តំណាងនៃការបង្កើតភ្លៀង និង ទឹក។ ដូចនេះ យើងនឹងបង្ហាញអំពី ប្រវត្តិ ព័ត៌មានទាក់ទងនឹងព្រះពិរុណ ព្រមទាំងមានការវិភាគ ដូចតទៅនេះ៖

តាមរយៈឯកសារ វប្បធម៌ ឥណ្ឌា-ខ្មែរ របស់លោក សាស្រាចារ្យ សែម សូរ នៃវិទ្យាល័យ ភ្នំដូនពេញ ឆ្នាំ ១៩៧១ ទំព័រទី១១ បានបញ្ជាក់ថា ព្រះវរុណ (ពិរុណ) ជាទេវៈ បង្កើត ភ្លៀង និង ទឹក ត្រូវជាបងបង្កើត​ របស់ព្រះអាទិត្យ។

ទេវៈអង្គនេះ ចូលចិត្ត​ពោលពាក្យ​ ទៀងត្រង់ ហើយក៏អ្នកមានភារកិច្ច ចាំឃ្លាំមើលនូវការប្រព្រឹត្តិ អំពើល្អ និង អំពើអាក្រក់របស់មនុស្ស។ ក្នុងឯកសារដដែល បានបញ្ជាក់ថា ព្រះវរុណ ជាទេវៈ មានរូបល្អណាស់។ ក្នុងសល្បៈខ្មែរ​ ព្រះវរុណ មានរូបរាងជាមនុស្សប្រុស ជិះនាគ​ បាំងក្លស់។ ប៉ុន្តែក៏គេឃើញ​ បដិមា តំណាង ព្រះពិរុណ ជាទេវៈ ជិះហង្ស នៅប្រាសាទ ប្រែរូប  ក្នុងសតវត្ស ទី​១០  នៃគ្រិស្ដសករាជ ដែលបច្ចុប្បន្ននេះ បដិមានេះ គេយកមកទុកសារមន្ទីរជាតិ ភ្នំពេញ។

គេតែងបានចងចាំថា ក្នុងលទ្ធិវេទ តែងមានទេវៈ ប្រចាំតាមធម្មជាតិ​នីមួយៗ ដូចជា ទឹក ដី ភ្លើង ខ្យល់ ព្រះអាទិត្យ​ ព្រះចន្ទ សេចក្ដីស្លាប់… សុទ្ធតែមាន ទេវៈ ជាអ្នកថែរក្សាជាប្រចាំ។ ចំពោះអាទិទេព តំណាងទឹកភ្លៀងនោះ​មានឈ្មោះថា ព្រះវរុណ​ (ពិរុណ) ព្រះអង្គ មានយាន ជំនិះ ២​ បែប គឺ ជិះនាគ ផង និងជិះ​ហង្ស ផង។

អ៊ីចឹងឃើញថា ចំពោះ ព្រះវិស្ណុ​ វិញ​ ដែលគេនិយមហៅថា​ ជាអាទិទេព ទឹកនោះ ព្រះអង្គក៏ មានយាន ជំនិះ ២បែប ដែរ គឺជិះ គ្រុឌឆ្លងកាត់ អាកាសវេហា និងព្រះអង្គ ជិះនាគឆ្លងកាត់មហាសាគរ។ ក្នុងទេវកថា ក៏បានបង្ហាញ ថា ព្រះព្រហ្មក៏មាន ហង្ស ជា យានជំនិះ ដែរ។

ដូចនេះចំពោះ​ព្រះវរុណ (ពិរុណ) មានយានជំនិះ​នាគ ដូចព្រះ វិស្ណុ ជិះ​នាគ ឆ្លងកាត់ ជលសា​ដែរ។ ឯព្រះពិរុណ ជិះហង្ស នោះ ក៏ជាមួយនឹង ព្រះព្រហ្ម មានហង្ស ជាជំនិះដែរ។ តើគេអាចធ្វើការវិភាគ​ដូចម្ដេច?

បើនិយាយអំពី ព្រះ វិស្ណុ វិញ ព្រះអង្គ​មានតូនាទី ទ្រទ្រង់លោក ជាពិសេស តាមរយៈ ទេវកថា និងសិល្បៈខ្មែរបុរាណ ច្រើនតែបង្កើត បដិមា​តំណាងព្រះវិស្ណុ នៅកន្លែងការងារដែលមានទឹក ជាប្រភពនៃជីវិត ហើយដែលទឹក ដ៏សំខាន់នោះ គឺ ទឹកភ្លៀងតែម្ដង។

ដូចនេះហើយទើបក្នុងសិល្បៈខ្មែរ ​បានឆ្លាក់ដោយ​​ បង្ហាញថា ព្រះពិរុណ​ ជាទេវៈ តំណាង ទឹកភ្លៀង នោះ មាននាគ ជាជំនិះ។ ចំណែកឯហង្សវិញ តំណាងឲ្យការ ហោះហើរ ក៏មិនខុសពី គ្រុឌ នោះដែរ ព្រោះទាក់ទង នឹងស្លាប ទើបមានការហោះហើរកាត់អាកាសវេហាទៅបាន។

ប៉ុន្តែ ចំពោះព្រះព្រហ្ម ដែលមាន ហង្ស ជាជំនិះ ដោយស្របទៅនឹង ព្រះពិរុណ មានហង្ស ជាជំនិះ ដែរនោះ បើតាមរយៈការវិភាគ​ឃើញថា ព្រះព្រហ្ម ជាអ្នកបង្កើតលោក ក៏ជាប្រភព នៃការបង្កើតជីវិត ដែលមានទឹក ដី នេះជាធាតុ ផ្សំ ដ៏ពិសិដ្ឋ បំផុត​នោះដែរ។

យ៉ាងនេះហើយទើប ឋិតក្នុងមនោសាស្រ្ដ នៃបុព្វបុរសខ្មែរ​ សម័យអង្គ ក្នុងសតវត្សរ៍ ទី១០ បានកសាងប្រាសាទ ប្រែរូប នោះ ក៏បានតម្កល់ បដិមាព្រះវរុណ ដែលមាន ហង្សទាំង៤ ជាខឿន នៃកាទ្រទ្រង់បល្ល័ង្គ ព្រះអង្គ តំណាងនូវ វឌ្ឍនភាព និងវិបុលភាព លើវិស័យកសិកម្ម​ អាស្រ័យលើទឹកភ្លៀងជាចម្បង។ ជាពិសេសនៅរដូវ រាំងស្ងួត គេតែងធ្វើការបែរបន់ បដិមា ព្រះពិរុណ ឲ្យបានបង្អុលទឹកភ្លៀង សមតាមក្ដីប្រាថ្នា៕ (ដោយ៖ លី ហាក់សេង)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com