ដំណើរ​ការចរចា​ប្រាក់ខែ​កម្មករ ឆ្នាំ​២០២០៖ សហជីព ទារ​ឡើង ១៧​ដុល្លារ តែ​ថៅកែ​ព្រម​ត្រឹម ២​ដុល្លារ

(​ភ្នំពេញ​)៖ កិច្ចប្រជុំ​ត្រីភាគី រវាង​រដ្ឋាភិបាល ដឹកនាំ​ដោយ​ក្រសួង​ការងារ ភាគី​និយោជក ថៅកែ​រោងចក្រ​កាត់ដេរ និង​ភាគី​សហជីព​កម្មករ បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​ការងារ​។ ក្នុង​កិច្ចប្រជុំ​ត្រីភាគី ដឹកនាំ​ដោយ​លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ គឺ​ភាគី​កម្មករ​សហជីព បានបង្ហាញ​តួលេខ​របស់ខ្លួន ចំនួន ១៩៩ ដុល្លារ ខណៈដែល​ភាគី​និយោជក ជា​ថៅកែ​រោងចក្រ ព្រម​ឡើង​ប្រាក់​កម្មករ​កាត់ដេរ នៅ​ឆ្នាំ​២០២០ ត្រឹមតែ ១៨៤ ដុល្លារ​ប៉ុណ្ណោះ​។

​យ៉ាងណាក៏ដោយ កិច្ចប្រជុំ​ត្រីភាគី​នេះ នឹង​បើក​ការចរចា​ជាថ្មីទៀត នៅ​រសៀល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ និង​ប្រជុំ​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​តួលេខ​ទាំងពីរ​នេះ ខិតជិត​គ្នា មុននឹង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ប្រជុំ​ចុងក្រោយ ដោយ​ការបោះឆ្នោត ដើម្បី​សម្រេច​លើ​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​កាត់ដេ​រ នៅ​ឆ្នាំ​២០២០ ឲ្យ​បាន​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នា​ថ្ងៃទី​២៧-៣០ ខែកញ្ញា ឆ្នាំ​២០១៩​។​

​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ភាគី​រាជរដ្ឋាភិបាល ភាគី​ថៅកែ​រោងចក្រ និង​ភាគី​សហជីព​កម្មករ បាន​បើក​កិច្ចប្រជុំ​ចរចា​ជា​ទៀងទាត់ រៀងរាល់ឆ្នាំ ដើម្បី​ដំឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ ដោយ​សន្តិវិធី​។ នៅ​ឆ្នាំ​២០១៩​នេះ កម្មករ​កាត់ដេរ ទទួលបាន​ប្រាក់​ឈ្នួល​អប្បបរមា ១៨២ ដុល្លារ​អាមេរិក​។

ប្រវត្តិ​នៃ​ការប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​កាត់ដេរ នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩៧៖
.១៩៩៧ ប្រាក់​ឈ្នួល​អប្បបរមា ៤០ ដុល្លារ​
.​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០០០ ប្រាក់​ឈ្នួល​អប្បបរមា ៤៥​ដុល្លារ បូក​នឹង​ប្រាក់រង្វាន់ ៥​ដុល្លារ​
.​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០០៧ ប្រាក់​ឈ្នួល​អប្បបរមា ៥០​ដុល្លារ បូក​នឹង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់ ៥​ដុល្លារ​
.​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០០៨ ប្រាក់​ឈ្នួល​អប្បបរមា ៥០​ដុល្លារ បូក​នឹង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់ ៥​ដុល្លារ រួម​នឹង​ប្រាក់ឧបត្ថម្ភ​ជីវភាព ៦​ដុល្លារ​
.​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១០ ប្រាក់​ឈ្នួល​អប្បបរមា ៦១​ដុល្លារ បូក​នឹង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់ ៥​ដុល្លារ​
.​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១១ ប្រាក់​ឈ្នួល​អប្បបរមា ៦១​ដុល្លារ បូក​នឹង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់ ៧​ដុល្លារ​
.​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១២ ប្រាក់​ឈ្នួល​អប្បបរមា ៦១​ដុល្លារ បូក​នឹង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់ ៧​ដុល្លារ រួម​នឹង​ទាំង​ប្រាក់​ថែទាំ​សុខភាព ៥​ដុល្លារ​
.​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១២ ប្រាក់​ឈ្នួល​អប្បបរមា ៦១​ដុល្លារ បូក​នឹង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់ ១០​ដុល្លារ ប្រាក់​សោហ៊ុយ​ធ្វើដំណើរ និង​ស្នាក់នៅ ៧​ដុល្លារ និង​ប្រាក់​ថែទាំ​សុខភាព ៥​ដុល្លារ​
.​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៣ ប្រាក់​ឈ្នួល​អប្បបរមា ៨០​ដុល្លារ បូក​នឹង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់ ១០​ដុល្លារ ប្រាក់​សោហ៊ុយ​ធ្វើដំណើរ និង​ស្នាក់នៅ ៧​ដុល្លារ​
.​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៤ ប្រាក់​ឈ្នួល​អប្បបរមា ១០០​ដុល្លារ បូក​នឹង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់ ១០​ដុល្លារ ប្រាក់​សោហ៊ុយ​ធ្វើដំណើរ និង​ស្នាក់នៅ ៧​ដុល្លារ​
.​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៥ ប្រាក់​ឈ្នួល​អប្បបរមា ១២៨​ដុល្លារ បូក​នឹង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់ ១០​ដុល្លារ ប្រាក់​សោហ៊ុយ​ធ្វើដំណើរ និង​ស្នាក់នៅ ៧​ដុល្លារ​
.​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦ ប្រាក់​ឈ្នួល​អប្បបរមា ១៤០​ដុល្លារ បូក​នឹង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់ ១០​ដុល្លារ ប្រាក់​សោហ៊ុយ​ធ្វើដំណើរ និង​ស្នាក់នៅ ៧​ដុល្លារ​
.​ថ្ងៃទី​០១ មករា ឆ្នាំ​២០១៧ ប្រាក់​ឈ្នួល​អប្បបរមា ១៥៣​ដុល្លារ បូក​នឹង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់ ១០​ដុល្លារ ប្រាក់​សោហ៊ុយ​ធ្វើដំណើរ និង​ស្នាក់នៅ ៧​ដុល្លារ​
.​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៨ ប្រាក់​ឈ្នួល​អប្បបរមា ១៧០ ដុល្លារ និង​ប្រាក់​អត្ថប្រយោជន៍​
.​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៩ ប្រាក់​ឈ្នួល​អប្បបរមា ១៨២ ដុល្លារ និង​ប្រាក់​អត្ថប្រយោជន៍​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com