ប្រធានមន្ទីរសុរិយោដីខេត្តកំពង់ស្ពឺណែនាំឲ្យប្រធានភូមិបាលក្រុង និងស្រុកទាំងអស់ទប់ស្កាត់សកម្មភាពពុះដីឡូត៍ និងការសាងសង់គ្មានច្បាប់អនុញ្ញាត

(ភ្នំពេញ)៖ លោក តាប់ ម៉ាឡៃ ប្រធានមន្ទីរ រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្តកំពង់ស្ពឺ កាលពីអំឡុងចុងខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ បានចេញលិខិតណែនាំឲ្យ ប្រធានការិយាល័យ មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​ភូមិបាល ក្រុង និងស្រុកទាំង ៨នៃខេត្តកំពង់ស្ពឺ ទាំងអស់ចុះទប់ស្កាត់ និងទប់ស្កាត់រាល់សកម្មភាពពុះដីឡូត៍លក់អនាធិបតេយ្យ និងការសាងសង់ដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

យោងតាមលិខិតលេខ១៦០ ដនសស/កស្ពឺ របស់លោក តាប់ ម៉ាឡៃ បានណែនាំឲ្យ ប្រធានការិយាល័យ មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​ភូមិបាល ក្រុង និងស្រុកទាំង ៨នៃខេត្តកំពង់ស្ពឺ អនុវត្តឲ្យមានប្រសិទ្ធភាពនូវ អនុក្រឹក្យលេខ ៤២របស់រាជរដ្ឋាភិបាល និងប្រកាសលេខ ៨៧ ដនស របស់ក្រសួង រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​។

គួរបញ្ជាក់ថា បន្ទាប់ពីវិស័យអចលនវត្ថុនៅក្នុងខេត្តកំពង់ស្ពឺ ហាក់មានហាងឆេងល្អ គេឃើញមានក្រុមហ៊ុនអចលនទ្រព្យមានច្បាប់ និងក្រុមឈ្មួញឯកជនជាច្រើន កំពុងប្រកបមុខរបរ ពុះដីឡូត៍លក់យ៉ាងគគ្រឹកគគ្រេងស្ទើរពាសពេញផ្ទៃខេត្ត។

នៅក្នុងចំណោមក្រុមឈ្មួញរកស៊ីពុះដីឡូត៍ទាំងអស់នោះ មានអ្នកខ្លះបានចុះបញ្ជីការក្រុមហ៊ុននៅក្រសួងពាក់ព័ន្ធ និងបានបង់ពន្ធចូលរដ្ឋត្រឹមត្រូវ ខណៈដែលក្រុមឈ្មួញរកស៊ីដីខ្លះបានគប់គិតជាមួយអាជ្ញាធរមូលដ្ឋានមួយចំនួន រកស៊ីពុះដីឡូតិគ្មានច្បាប់អនុញ្ញាត និងលួចផ្ទេរកម្មសិទ្ធិត្រឹមអាជ្ញាធរមូលដ្ឋាន គេចវេសមិនបង់ពន្ធប្រថាប់ត្រាចូលរដ្ឋតាមច្បាប់កំណត់នោះទេ ដែលទង្វើបែបនេះជាអំពើខុសច្បាប់ទាំងស្រុង ទើបលោកប្រធានមន្ទីរ ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្តកំពង់ស្ពឺ បានចេញលិខិតខាងលើណែនាំឲ្យមន្ត្រីពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com