សម្តេច​តេ​ជោ ហ៊ុន សែន បានដឹងពីបំណង និង​គោលដៅ ដែល ហុង ភា​រិ​ន ចង់ទៅ ហើយ​ផ្តើមដំបូង​នេះ សម្តេច ជួយ​ឲ្យ​បងប្រុស​របស់​ហុង​ភា​រិ​ន ដែលជាមន្ត្រីរាជការ បាន​បន្ត​រៀន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​!

( ភ្នំពេញ )៖ យុវជន​ឆ្នើម ហុង ភា​រិ​ន ដែល​ល្បីល្បាញ​តាម​កម្មវិធី​ទូរទស្សន៍​ថៃ Supper 100 បានមក​ប្រទេស​កម្ពុជា​យើង កាលពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៩​។ ពេលមកដល់​ប្រទេស​កម្ពុជា​យើង​ភ្លាម យុវជន ហុង ភា​រិ​ន ដែលមាន​ការចងចាំ​ពិសេស បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ជួប​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម ហង់​ជួន ណា​រ៉ុ​ន ព្រមទាំង​ជួប​លោកជំទាវ ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច​។​

​ជាងនេះទៅទៀត យុវជន ហុង ភា​រិ​ន និង​បងប្រុស ហុង ភា​រុន ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អនុញ្ញាត​ឲ្យ​ចូលជួប នៅ​គេហដ្ឋាន​របស់​សម្តេច នា​ព្រឹក​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៩​។

​ក្រោយ​ជំនួប​ដ៏​កម្រ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា គោលបំណង​នៃ​ការជួប​របស់​សម្តេច ជាមួយ​យុវជន ហុង ភា​រិ​ន និង​បងប្រុស​របស់គាត់​ឈ្មោះ ហុង ភា​រុន គឺ​សម្តេច ចង់​ស្វែងយល់​នូវ​បំណង និង​គោលដៅ ដែល ហុង ភា​រិ​ន ចង់ទៅ ដើម្បី​ងាយស្រួល​ដល់​ការជួយ​របស់​យើង ឱ្យស្រប​ជាមួយ​បំណង ដែល ភា​រិ​ន ចង់ទៅ និង​ចង់បាន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាសថា សម្តេច ក៏បាន​ជួយ​ដល់ ហុង ភា​រុន ដែល​រៀន​
​ចប់​បរិញ្ញាបត្រ និង​កំពុងធ្វើការ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ផ្នែក​ពន្ធដារ ឱ្យ​បន្ត​រៀន​យក​បរិញ្ញាបត្រ ជាន់ខ្ពស់​តទៅទៀត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជូនពរ​យុវជន​ទាំងពីរ ដែល​សម្តេច​ហៅថា “​កូនប្រុស​ទាំងពីរ​” ជួបតែ​សេចក្តីសុខ និង​សម្រេច​នូវ​បំណងប្រាថ្នា ដែល​កូន​ចង់បាន​។​

​មាន​អាយុ ២៣​ឆ្នាំ គិត​ត្រឹម​ខែសីហា ឆ្នាំ​២០១៩ ហុង ភា​រិ​ន កើត​នៅ​ភូមិ​ថ្នល់​បែក​លិច ឃុំ​ស្វាយទៀប ស្រុក​ចំការលើ ខេត្តកំពង់ចាម​។ នៅក្នុង​គ្រួសារ មាន​បងប្អូន ២​នាក់ ( បងប្រុស​ឈ្មោះ ហុង ភា​រុន )​។ រៀន​នៅ​ស្រុកកំណើត ត្រឹម​ថ្នាក់​ទី​៩ ហើយ​ក្រោយពេល​ឪពុកម្តាយ ចែកផ្លូវ​គ្នា ហុង ភា​រិ​ន បាន​ផ្លាស់​មក​រៀន នៅ​ថ្នាក់​ទី​១០ នៅ​វិទ្យាល័យ​បាក់​ទូក ក្នុង​រាជធានី​ភ្នំពេញ​។ នៅពេល​ចូលរៀន នៅ​ឆ្នាំ​ទី​២ នៅ​សាកលវិទ្យាល័យ ន័​រ​តុ​ន ក្នុង​រាជធានី​ភ្នំពេញ ទើប ភា​រិ​ន ទទួលបាន​អាហារូបករណ៍ ទៅ​រៀន នៅ​ប្រទេស​ថៃ នៅ​ឆ្នាំ​២០១៥ រយៈពេល ០៤​ឆ្នាំ តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ហុង ភា​រិ​ន បាន​រៀន​អាហារូបករណ៍ រយៈពេល ៤ ឆ្នាំ នៅ​ប្រទេស​ថៃ ផ្នែក​អភិវឌ្ឍន៍ជនបទ ហើយ​គ្រោង​នឹង​បញ្ចប់ នៅ​ឆ្នាំ​២០២០​។​

​យុវជន ហុង ភា​រិ​ន បាន​បញ្ជាក់ថា នៅពេល​បញ្ចប់​បរិញ្ញាបត្រ នៅ​ប្រទេស​ថៃ រយៈពេល ០៤​ឆ្នាំនេះ លោក​នឹង​មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ប្រឡង​យក​អាហារូបករណ៍ ទៅ​រៀន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ឬ​អនុបណ្ឌិត ទៅ​រៀន​នៅ​ប្រទេស​មួយទៀត​។

​បើសិនជា​មានឱកាស ហុង ភា​រិ​ន បញ្ជាក់ថា លោក​ចង់​បន្ត​រៀន​ដល់​ថ្នាក់បណ្ឌិត​តែម្តង ដើម្បី​យក​ចំណេះ​វិជ្ជា​ទាំងអស់នេះ មកជួយ​អភិវឌ្ឍន៍​ប្រទេស​យើង​។ នោះ​គឺ​ជំនាញ​ផ្នែក​អភិវឌ្ឍន៍ជនបទ ដែល​លោក​កំពុង​រៀន នៅ​ប្រទេស​ថៃ សព្វថ្ងៃនេះ​។​

​ដូច្នេះ​ក្រោយពេល​បាន​ជួប​ផ្ទាល់​ជាមួយ​សម្តេច​តេ​ជោ និង​សម្តេច​កិ​ត្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន រួចហើយ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែកញ្ញា​នេះ គឺ​ហុង​ភា​រិ​ន នឹង​បានសម្រេច​បំណង​ក្នុង​ការបន្ត​ការសិក្សា ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត នៅក្រៅ​ប្រទេស ទោះបីជា​មិនជា​ប់​អាហារូបករណ៍ ក៏​ថ្នាក់ដឹកនាំ​កំពូល​របស់​យើង នឹង​ចំណាយធនធាន ដើម្បី​ឲ្យ​យុវជន ភា​រិ​ន ដែលជាធនធានមនុស្ស​ដ៏​កម្រ​នេះ បាន​រៀន​ចប់​ តាម​បំណង​ ដើម្បីមានឱកាសមក​ជួយ​អភិវឌ្ឍន៍ប្រទេស​កម្ពុជាយើង។

នៅពេលនេះ បងប្រុស​របស់ ហុង ភា​រិ​ន គឺ ហុង ភា​រុន ជា​មន្ត្រីរាជការ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ផ្នែកពន្ធដារ​ ក៏​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​ឲ្យ​រៀន​បន្ត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ហើយ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com