TOP NEWS: សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យយុវជនឆ្នើម ហុង ភារិន ជួបផ្ទាល់នៅគេហដ្ឋាន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យយុវជនឆ្នើម ហុង ភារិន ជួបផ្ទាល់នៅគេហដ្ឋានរបស់សម្តេច ដើម្បីស្វែងយល់ពីគោលដៅ និងបំណង របស់យុវជនរូបនេះ ចង់បាននៅពេលអនាគត។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបង្ហោះសារ និងរូបថត នៅមុននេះបន្តិចថា «ខ្ញុំ និងភរិយា ទើបបានជួបយុវជន ហុង ភារិន និងបងប្រុសរបស់គាត់ ឈ្មោះ ហុង ភារុន នៅមុននេះបន្តិច នៅគេហដ្ឋានរបស់ខ្ញុំ។ គោលបំណងនៃការជួបរបស់ខ្ញុំ គឺចង់ស្វែងយល់នូវបំណង និងគោលដៅ ដែល ហុង ភារិន ចង់ទៅដើម្បីងាយស្រួលដល់ការជួយរបស់យើងឲ្យស្របជាមួយបំណង ដែល ភារិន ចង់ទៅ និងចង់បាន»។

សម្តេចតេជោ បានសរសេរបន្តទៀតថា «ខ្ញុំក៏បានជួយដល់ ហុង ភារុន ដែលរៀនចប់បរិញ្ញាបត្រ និងកំពុងធ្វើការនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្នែកពន្ធដារ ឲ្យបន្តរៀនយកបរិញ្ញាបត្រជាន់ខ្ពស់តទៅទៀត។ ជូនពរកូនប្រុសទាំងពីរ ជួបតែសេចក្តីសុខ និងសម្រេចនូវបំណងប្រាថ្នា ដែលកូនចង់បាន»។

ព្រឹទ្ធចារ្យមួយរូប បានមានប្រសាសន៍ថា «នៅពេលយុវជន នៅពេលប្អូនៗ នៅពេលកូនៗក្លាយខ្លួនជាពលរដ្ឋឆ្នើមដោយសមត្ថភាពត្រឹមត្រូវ នោះជាតិត្រូវការ។ ជំនួបនេះជាការលើកទឹកចិត្តធំណាស់ដល់យុវជនឯទៀត និងជាការប្រមូលផ្តុំកម្លាំងជាតិដ៏ធំ ក្នុងការកសាងអនាគតកម្ពុជា»។

សូមរំឭកថា និសិ្សតឆ្នើមកម្ពុជា ឈ្មោះ ហង ភារិន មានសមត្ថភាពពិសេសផ្នែកចងចាំបានល្អ និងទទួលបានអាហារូបករណ៍សិក្សានៅប្រទេសថៃ ហើយនាពេលថ្មីៗនេះ ហុង ភារិន បានបង្ហាញអំពីសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ «Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាម និស្សិត ហុង ភារិន ជាអច្ឆរិយកម្ពុជា ភារិន ទៀតផង៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com