WORLD CUP 22: ក្រុមបាល់ទាត់ជម្រើសជាតិ បារ៉ែន បានត្រឹមស្មើអ៊ីរ៉ាក់ នឹងលទ្ធផលផ្សេងទៀតនៅអាស៊ី

(អាស៊ី)៖ ការប្រកួតបាល់ទាត់ពិភពលោក ២០២២ និងជើងឯកអាស៊ី ២០២៣វគ្គជម្រុះជុំទី២ បានចាប់ផ្តើមការប្រកួតផ្លូវការគ្រប់ពូលទាំងអស់ម្សិលមិញ។

ក្នុងពូល C បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា តាមស្មើហុងកុង ១ទល់នឹង១ ក្រុមបាល់ទាត់អាស៊ីខាងលិច បារ៉ែន បានត្រឹមតែស្មើ ១ទល់នឹង១ ជាមួយជើងឯកអាស៊ី ២០០៧ អ៊ីរ៉ាក់ នៅទឹកដីខ្លួនឯង ក្នុងទីក្រុងម៉ាណាម៉ា។

លេងបានតែ៩នាទី ម្ចាស់ផ្ទះបារ៉ែន នាំមុខ ១ទល់នឹង០មុនដោយគ្រាប់បាល់កីឡាករ Kamil Al Aswad មុនពេលកីឡាករ Mohanad Ali ស៊ុតគ្រាប់ស្មើឱ្យអ៊ីរ៉ាក់។

ការប្រកួតបន្ទាប់ក្នុងពូលនេះ​ ថ្ងៃទី១០ ខែកញ្ញា កម្ពុជា ទទួលក្រុមបារ៉ែន ខណៈហុងកុង ទទួលក្រុមជើងឯកអាស៊ី៣ដងអ៊ីរ៉ង់នៅទឹកដីរបស់ខ្លួន។

ក្នុងពូលB ម្ចាស់ផ្ទះឆាយនីសតៃប៉ិ ចាញ់ហ្សក់ដានី ១ទល់នឹង២។ ជំនួបនេះហ្សក់ដានីនាំមុខពីរគ្រាប់មុន ដោយកីឡាករ Baha’ Faisal Mohammad Seif នាទីទី១៩​ និងកីឡាករ Ahmed Samir Saleh
នាទីទី៣៧។ មួយគ្រាប់វាយបករបស់ឆាយនីសតៃប៉ិកើតឡើងដោយកីឡាករ
Wen Chih-hao នាទីទី៨១។ ក្នុងពូលជាមួយគ្នានេះ គុយវ៉ែតឈ្នះនេប៉ាល់ ៧ទល់នឹង០។ ប្រកួតបន្ទាប់ថ្ងៃទី១០ ខែកញ្ញា ឆាយនីសតៃប៉ិ ទទួលនេប៉ាល់ និងគុយវ៉ែត ទទួលអូស្ត្រាលី។

ពូល A ការស៊ុតបញ្ចូលទីតែមួយគ្រាប់របស់កីឡាករ Ibrahim Mahudhee Hussain ជួយឱ្យម៉ាល់ឌីវឈ្នះ ដែនដីកោះហ្គាំ ១ទល់នឹង០ ខណៈដែលក្រុមបាល់ទាត់តំបន់អាស៊ាន ហ្វីលីពីន ចាញ់ភ្ញៀវ ស៊ីរី ២ទល់នឹង៥ ទោះបីនាំមុខមុនក៏ដោយ។ ថ្ងៃទី១០ ខែកញ្ញា កោះហ្គាំ ទទួលហ្វីលីពីន និងម៉ាល់ឌីវ ទទួលចិន។

ចំនែកការប្រកួតពូល D ក្រុមជម្រើសជាតិប្រទេសអាស៊ាន មួយទៀត សិង្ហបុរី ទប់ស្មើជាមួយក្រុមអាស៊ី ខាងលិច យ៉េមែន ២ទល់នឹង២ ដោយគ្រាប់បាល់ចុងក្រោយរបស់កីឡាករ Muhammad Faris bin Ramli ទោះបីយ៉េមែន នាំមុខមុន ២ទល់នឹង១ក៏ដើយ។ ថ្ងៃជាមួយគ្នានេះដែរ ប៉ាឡេស្ទីន ឈ្នះអួសបែកគីស្ថាន ២ទល់នឹង០ ដោយគ្រាប់បាល់កីឡាករ Oday Dabbagh និងកីឡាករ Islam Batran។ ក្រោយការប្រកួតនេះ សិង្ហបុរី ទទួលក្រុមមជ្ឈឹមបូពា៌ប៉ាឡេស្ទីន និងយ៉េមែន ទទួលអារ៉ាប៊ី សាអូឌីត ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

ការប្រកួតក្នុងពូល E ក្រុមបាល់ទាត់អាស៊ីខាងត្បូង ឥណ្ឌា ចាញ់ក្រុមអាស៊ីខាងលិចអូម៉ង់ ១ទល់នឹង២។តង់ទី១ កីឡាករ Sunil Chhetri រកបាល់នាំមុខឱ្យម្ចាស់ផ្ទះឥណ្ឌា ប៉ុន្តែជិតចប់ការប្រកួត កីឡាករ Al Alawi បន្ថែមពីគ្រាប់តែឯងឱ្យអូម៉ង់ឈ្នះ។ ឯម្ចាស់ផ្ទះបាល់ទាត់ពិភពលោក ២០២២ ឈ្នះ អាហ្វហ្កានីស្ថាន ៦ទល់នឹង០ ដោយគ្រាប់បាល់កីឡាករ Almoez Ali បីគ្រាប់តែឯង និងបីគ្រាប់ទៀតដោយកីឡាករ Hassan Khalid Al-Haydos, Abdelkarim Hassan និងកីឡាករBoualem Khoukhi។ ប្រកួតបន្ទាប់ អាហ្វហ្កានីស្ថាន ទទួលបង់ក្លាដេស និងកាតា ទទួលក្រុមឥណ្ឌា។

ពូល F ក្រុមអាស៊ីខាងកើត ម៉ុងហ្គោលី ឈ្នះក្រុមមកពីអាស៊ាន មីយ៉ាន់ម៉ា ១ទល់នឹង០​ ខណៈក្រុមនៅអាស៊ីកណ្តាល តាហ្ស៊ីគីស្ថាន ឈ្នះក្រុមរួមតំបន់ កៀហ្ស៊ីស៊ីស្ថាន ១ទល់នឹង០។ ថ្ងៃទី១០ ខែកញ្ញា ម៉ុងហ្គោលី ទទួល តាហ្ស៊ីគីស្ថាន និងសហភាពមីយ៉ាន់ម៉ា ទទួលជប៉ុន។

ដោយឡែកការប្រកួតពូលG ក្រុមម្ចាស់ផ្ទះថៃ និងវៀតណាម បានត្រឹមស្មើគ្នា ០ទល់០ ទោះបីមានឱកាសរៀងខ្លួនក៏ដោយ ខណៈដែលម៉ាស៊ី ឈ្នះឥណ្ឌូនេស៊ី ៣ទល់នឹង២ ក្នុងការប្រកួតដែលអ្នកគាំទ្រទាំងពីរវាយតប់គ្នា។ ប្រកួតបន្ទាប់ ឥណ្ឌូនេស៊ី ប្រកួតជាមួយថៃ និងម៉ាឡេស៊ីទទួលអារ៉ាប់រួម។

ពូលចុងក្រោយ ពូល Hកូរ៉េខាងជើង ឈ្នះលីបង់ ២ទល់នឹង០ ចំនែក ស្រីលង្កា ចាញ់ទែកមីនីស្ថាន ០ទល់នឹង២ ក្នុងដីខ្លួនឯង។

សូមជម្រាបជូនថាក្រុមបាល់ទាត់ទាំង៤០ប្រទេសក្នុងជុំទី២ដែលត្រូវចែកជា៨ពូល នឹងត្រូវយកតែ១២ ក្រុមទេ ដោយលេខ១ទាំង៨ក្នុងពូល និងលេខ២ល្អបំផុត៤ក្រុម ឡើងទៅជុំទី៣ ដើម្បីប្រជែងយកកៅអី ៤រឺ៥ក្រុមទៅកាន់ប្រទេសកាតា ២០២២៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com