ស.ស.យ.ក ប្រកាសទទួលស្គាល់សមាសភាពក្រុមការងារជិត ២០០នាក់នៅក្នុងវិស័យសារព័ត៌មាន

(ភ្នំពេញ)៖ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្នុងវិស័យព័ត៌មាន នៃក្រសួងព័ត៌មាន ចំនួន ១៩៦រូបត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការនៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ។

កម្មវិធីប្រកាសទទួលស្គាល់នេះ បានរៀបចំឡើងនៅទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និង ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងព័ត៌មានជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងអំណរគុណ ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានគាំទ្រ និងផ្តល់ឱកាសដល់មន្ត្រីក្រោមឱវាទ ក្នុងការចូលរួមរាល់សកម្មភាពនានារបស់ សភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នាពេលកន្លងមក។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានគូសបញ្ជាក់ផងដែរថា ក្នុងនាមជាយុវជនក្នុងពេលបច្ចុប្បន្ន ត្រូវរៀនសូត្រ អំពីបទពិសោធន៍របស់ យុវជនជំនាន់មុនដែលពួកគាត់បានប្រើជីវិតជាដើមទុនក្នុងការស្រោចស្រង់ប្រទេសជាតិ។ ដូច្នេះក្នុងនាមជាយុវជនជំនាន់ក្រោយ យើងត្រូវខិតខំបន្តទៀត ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើងជាបន្តទៀត។

ឯកឧត្តម ហ៊ុន ម៉ានី បានណែនាំឲ្យយុវជន ទាំងអស់ចេះរៀនសូត្រ និងចែករំលែកបទពិសោធន៍ រវាងគ្នានៅក្នុងវិស័យផ្សេងៗ ដើម្បីចូលរួមគ្នាខ្វល់ពីសង្គមជាតិរបស់យើង និងត្រូវចូលរួមធ្វើសកម្មភាពទាំងអស់គ្នា៕ (ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com