ទឹកទន្លេ​មេគង្គ នៅ​ស្ទឹងត្រែង បន្ត​ឡើង​លើស​កម្រិត​ប្រុងប្រយ័ត្ន លិច​ផ្លូវ និង​សាយ​វាល នៅ​ក្រចេះ កំពង់ចាម ត្បូងឃ្មុំ និង​នៅ​ទន្លេបាសាក់​-​កោះ​ខែល​

(​ភ្នំពេញ​)៖ រហូតដល់​ព្រឹក​ព្រលឹម​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ទឹកទន្លេ​មេគង្គ នៅ​ខេត្តស្ទឹងត្រែង មាន​កម្ពស់ ១១,៥៩ ម៉ែត្រ ឡើង​លើស​កម្រិត​កម្ពស់​ប្រុងប្រយ័ត្ន ដែលមាន​ត្រឹមតែ ១០,៧០ ម៉ែត្រ​ប៉ុណ្ណោះ​។ ដោយឡែក នៅ​ទន្លេមេគង្គ​-​ក្រចេះ ទន្លេមេគង្គ​-​ក្រចេះ ទន្លេមេគង្គ​-​កំពង់ចាម ទន្លេមេគង្គ​-​អ្នក​លឿង ទន្លេបាសាក់​-​កោះ​ខែល ទន្លេសាប​-​ព្រែក​ក្តាម បឹង​ទន្លេសាប​-​កំពង់​លួង ទឹក​ក៏បាន​បន្ត​ឡើង នៅ​ថ្ងៃទី​០៥ ខែកញ្ញា​នេះ ហើយ​ជិត​ដល់​កម្រិត​ប្រុងប្រយ័ត្ន​។​

​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក​ប្រចាំថ្ងៃ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​បង្ហាញ​ពី​កម្ពស់​ទឹក​ព្យាករ​តាម​ស្ថានីយ​ជលសា​ស្ត្រ នៅ​ថ្ងៃទី​០៦-០៧-០៨ ខែកញ្ញា ឆ្នាំ​២០១៩ គឺ​ទឹកទន្លេ​មេគង្គ ទន្លេ​សា​បាក់ និង​ទន្លេសាប បន្ត​ឡើង ដោយ​ក្នុងនោះ នៅ​រយៈពេល ៣​ថ្ងៃ​ទៀត​នេះ ទឹក​នៅ​ទន្លេមេគង្គ​-​ស្ទឹងត្រែង និង​ទន្លេមេគង្គ​-​ក្រចេះ កម្ពស់​ទឹកនឹង​បន្ត​ឡើង​លើស​កម្រិត​ប្រុងប្រយ័ត្ន​។ រីឯ​ទន្លេបាសាក់​-​កោះ​ខែល ក្នុង​ខេត្តកណ្តាល ទឹក​ក៏​នឹង​ឡើង​លើស​កម្រិត​ប្រុងប្រយ័ត្ន នៅ​ថ្ងៃទី​០៧ និង​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៩​។ ដោយឡែក នៅ​ទន្លេមេគង្គ​-​កំពង់ចាម ទន្លេបាសាក់​-​ចតុមុខ ទន្លេមេគង្គ​-​អ្នក​លឿង និង​ទន្លេសាប​-​ព្រែក​ក្តាម ទឹក​បន្ត​ឡើង ហើយ​កាន់តែ​ជិត​ដល់​កម្រិត​ប្រុងប្រយ័ត្ន​។​

​សូម​រម្លឹកថា ក្នុងពេល​ទឹកទន្លេ​កំពុង​ឡើងជា​បន្តបន្ទាប់​នេះ ប្រទេស​កម្ពុជា​យើង កំពុង​ទទួល​ឥទ្ធិពល​ព្យុះភ្លៀង ដែល​បានធ្វើ​ឲ្យ​តំបន់​មួយចំនួន ដូចជា នៅ​ខេត្តព្រះវិហារ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​នៅតាម​ផ្លូវជាតិ​លេខ​៤ ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​ទឹកភ្លៀង ជន់​លិច​ផងដែរ​។ រីឯ​ជំនន់​ទឹកភ្លៀង​មេគង្គ ក៏បាន​លិច​ផ្លូវ លិច​ភូមិ និង​សាយ​វាល​នៅតាម​តំបន់​ជាច្រើន រួមទាំង​បាក់​ច្រាំងទន្លេ​ផងដែរ​។​

​ចំពោះមុខ​គ្រោះទឹកជំនន់​នេះ ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ បានចេញ​សារាចរ​ណែនាំ ដល់​កងកម្លាំង​អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ត្រៀម​ចេញ​អន្តរាគមន៍ ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ដល់​អាយុជីវិត ក៏ដូចជា​ទ្រព្យសម្បត្តិ​នានា​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com