ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា វាយតម្លៃខ្ពស់ចំពោះវឌ្ឍភាព និងសមិទ្ធផល ដែលរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបាន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទាក់ទងនឹងវិស័យអប់រំ យុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីស្វែងយលពីវឌ្ឍភាពសំខាន់ៗ និងសមិទ្ធផលនានា ដែលរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបាននាពេលកន្លងមកនេះ។

នៅក្នុងកិច្ចពិភាក្សានេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានកក់សម្គាល់លើការបំពេញការងារយ៉ាងសកម្មរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

ចំណែកឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា «រដ្ឋបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណដល់គណៈកម្មការទី៧ នៃរដ្ឋសភា ដែលបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍភាពសំខាន់ៗ និងសមិទ្ធផលនានាដែលរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបាននាពេលកន្លងមកនេះ ដោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល»។

ឯកឧត្តមអភិបាល បានមានប្រសាសន៍ទៀតថា រដ្ឋបាលរាជធានីភ្នំពេញ ខិតខំបង្ខិតសេវាឲ្យកាន់តែជិតទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ក៏ដូចជាកិច្ចការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម។

អមដំណើរឯកឧត្តមប្រធានគណៈកម្មការទី៧ នៃរដ្ឋសភានេះ មានលោកជំទាវ បាន ស្រីមុំ អនុប្រធានគណៈកម្មការ, ឯកឧត្ដម សំ រិទ្ធី លេខាធិការគណៈកម្មការ , លោកជំទាវ នួម សុភ័ណ សមាជិកាគណៈកម្មការ,  ឯកឧត្ដម សារី កោសល្យ សមាជិកគណៈកម្មការ, ឯកឧត្ដម ម៉ាក់ សេត​ សមាជិកគណៈកម្មការ, ឯកឧត្ដម សុខ ប៊ន សមាជិកគណៈកម្មការ, ឯកឧត្ដម នេន ម៉ាល័យ សមាជិកគណៈកម្មការ និងលោកប្រធានមន្ទីរជំនាញពាក់ព័ន្ធទាំងបួនក្នុងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com