កំណាត់​ផ្លូវជាតិ​លេខ​៤ ចំណុច​ស្ពាន​ស្ទឹង​សំរោង ទឹកភ្លៀង ជន់​លិច ត្រូវ​បិទ​ចរាចរណ៍ ជា​បណ្តោះអាសន្ន​ហើយ នៅ​ល្ងាច​ថ្ងៃទី​០៤​កញ្ញា​នេះ​

(​ខេត្ត​ព្រះសីហនុ​)៖ នៅ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចំណុច​ស្ពាន​ស្ទឹង​សំរោង ក្នុងស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ត្រូវ​ទឹកភ្លៀង​ជន់​លិច ហើយ​នៅ​រសៀល​ថ្ងៃទី​០៤​កញ្ញា​នេះ ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​នេះ ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​។ ​ស្ពាន​ស្ទឹង​សំរោង ដែល​ត្រូវ​ទឹក​លិច មិនអាច​ចរាចរណ៍​យានយន្ត​បាន គឺ​នៅ​ស្ថិត​ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៥-១១៦ ក្នុង​ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។ ចំណែក​ទឹកភ្លៀង ដែល​បង្ក​ជា​ទឹកជំនន់ ក៏​បន្ត​ហក់​ឡើង ដោយសារតែ​ភ្លៀង ក៏​បន្ត​ធ្លាក់ និង​ហូរ​ពី​ភ្នំ​ចុះមក​។​

​ចំពោះមុខ​ស្ថានភាព​បែបនេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​កំពង់សីលា បានដាក់​បន្ថែម​កម្លាំង ប្រចាំការ​ត្រួតពិនិត្យ រក្សា​សុវត្ថិភាព​ទូទៅ និង​សម្រួល​ការងារ​ផ្សេងៗ ជូន​ពលរដ្ឋ និង​អ្នកដំណើរ នៅ​ចំណុច ទឹកភ្លៀង ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​៤ នៅ​ស្ទឹង​សំរោង​នេះ​។ ចរាចរណ៍​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ត្រូវបាន​បង្វែរ​ទៅ​ឆ្លងកាត់​ខេត្តកំពត​ជំនួស​វិញ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង កាលពី​ថ្ងៃទី​០៣ ខែកញ្ញា​ថា ធាតុអាកាស នៅ​ប្រទេស​កម្ពុជា​យើង ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ នឹងមាន​ភ្លៀង​ធ្លាក់​គំហុក​ខ្លាំង នឹង​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង នៅ​តំបន់​មួយចំនួន​។ ក្នុងនោះ នៅ​តំបន់ឆ្នេរ ពិសេស​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់ ក្នុង​បរិមាណ​ពី​បង្គួរ ទៅ​ច្រើន​។ នៅលើ​លំហ​សមុទ្រ ផ្ទៃមេឃ មាន​សភាព​អាប់អួរ មាន​ភ្លៀង និង​ខ្យល់​បក់បោក​ខ្លាំង រលក​សមុទ្រ មាន​កម្ពស់​ខ្ពស់ៗ​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com