ប្រមុខ​រាជរដ្ឋាភិបាល ណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​ទាំងអស់ ត្រូវ​ចាត់វិធានការ​ចាំបាច់​នានា ត្រៀម​ទប់ទល់​នឹង​គ្រោះទឹកជំនន់​

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារាចរ ចុះ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ ដោយ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បាន​ណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​ទាំងអស់ ត្រូវ​ចាត់វិធានការ​ចាំបាច់​នានា ត្រៀម​ទប់ទល់​នឹង​គ្រោះទឹកជំនន់ កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា​នូវ​ការលំបាក និង​ការប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។​

​ក្នុង​សារាចរ​ណែនាំ ស្តីពី ការត្រៀម​វិធានការ​ទប់ទល់​នឹង​គ្រោះទឹកជំនន់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា យោងតាម​ការពិនិត្យ សង្កេត តាមដាន​ជាប់​ជាប្រចាំ​លើ​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បង្ហាញថា ដោយសារ​ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប គួបផ្សំ​នឹង​ឥទ្ធិពល​របស់​ព្យុះ​ទី​១៤ ឈ្មោះ កា​ហ្សី​គី និង​ឥទ្ធិពល​នៃ​ខ្យល់មូសុង​និរតី​ខ្លាំង បាន​បង្ក​ឲ្យ​មានការ​ធ្លាក់ភ្លៀង​យ៉ាងគំហុក នៅក្នុង​ខេត្ត​មួយចំនួន​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទ​ន្លេ​មេគង្គ ក្នុងប្រទេស​វៀតណាម ប្រទេស​ថៃ និង​ប្រទេស​ឡាវ​។ ការធ្លាក់​ភ្លៀង​យ៉ាងគំហុក​នេះ នឹង​ជំរុញ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ខ្ពស់ លឿន និង​ឈានទៅដល់​កម្រិត​មួយ ដែល​បង្ក​ឲ្យ​មានការ​លិចលង់​នៅ​ខេត្ត​មួយចំនួន ដែល​ស្ថិតនៅ​អម​សងខាង​ទន្លេមេគង្គ​ផ្នែក​ខាងលើ​។​

​ក្នុង​សារាចរ​ណែនាំ​ដដែល សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកយក​ការព្យាករណ៍​កម្ពស់​ទឹក​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម មក​បង្ហាញ ដោយ​គិតដល់​ថ្ងៃទី​០៨-០៩-១០ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ទឹកទន្លេ​មេគង្គ នឹង​អាច​កើន​ឡើងដល់​កម្ពស់​លើក​កម្រិត​ប្រកាសអាសន្ន​។ រីឯ​នៅ​ទន្លេបាសាក់ ចតុមុខ ភ្នំពេញ កម្ពស់​ទឹកនឹង​អាច​កើន​ឡើងដល់​កម្ពស់​ជិត​ដល់​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​។ ដោយឡែក ចំពោះ​កម្ពស់​ទឹកទន្លេ​មេគង្គ​ក្រោម ទន្លេបាសាក់ ទន្លេសាប និង​ទឹក​ក្នុង​បឹង​ទន្លេសាប ក៏​ហក់​ឡើង​ទន្ទឹង​គ្នា​ផងដែរ​។ ទន្ទឹម​នោះ ទឹក​នៅតាម​បណ្តា​ស្ទឹង​មួយចំនួន ក៏បាន និង​កំពុង​កើន​ឡើងជា​បន្តបន្ទាប់​ផងដែរ​។​

​សូម​បន្ថែមថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក ព្រលឹម​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ទឹកទន្លេ​មេគង្គ នៅ​ខេត្តស្ទឹងត្រែង បាន​ឡើង​លើស​កម្រិត​កម្ពស់​ប្រុង​ប្រយ័ត្ន​ហើយ​។ ក្នុងនោះ ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៩ កម្ពស់​ទឹកទន្លេ​មេគង្គ នៅ​ខេត្តស្ទឹងត្រែង ក្រចេះ និង​ខេត្តកំពង់ចាម ក៏​នឹង​ឡើង​លើស​កម្រិត​កម្ពស់​ប្រុងប្រយ័ត្ន ផងដែរ​៕​ 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com