កិច្ចប្រជុំ​ចរចា ដំឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន តាមការគ្រោងទុក ប៉ុន្តែ​មិនទាន់មាន​លទ្ធផល

(​ភ្នំពេញ​)៖ ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​ជួបប្រជុំ ជា​លើក​ទី​២ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយបាន​អញ្ជើញ​សម្របសម្រួល​ពី​សំណាក់​លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​ក្នុង​កិច្ចប្រជុំ​ត្រីភាគី ដែល​ចូលរួម​ពី​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​ក្រសួង​ការងារ ភាគី​និយោជក​ថៅកែ​រោងចក្រ​កាត់ដេរ ដឹកនាំ​ដោយ​លោក វ៉ាន់ ស៊ូ​អៀង និង​ភាគី​សហជីព​កម្មករ​កា​ត់​ដេរ កាលពី​ព្រឹក​ថ្ងៃទី​០៣​កញ្ញា​នេះ មាន​បទ​បង្ហាញ​ចំនួន​៣ អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ ទៅលើ​កត្តា​សង្គម និង​កត្តាសេដ្ឋកិច្ច ដែលមាន​ធាតុ​ផ្សំ​ចំនួន​៧ ដើម្បី​ជា​មូលដ្ឋាន​បង្អែក សម្រាប់​សមាជិក​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​​ឈ្នួល ធ្វើការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត សម្រាប់​ឆ្នាំ​២០២០​។

​មុននឹង​ចាប់ផ្តើម​ពិភាក្សា​បន្ត នៅ​ជុំ​ទី​៣ ខាងមុខនេះ ភាគី​សហជីព នឹង​ប្រជុំ​ផ្ទៃក្នុង ដើម្បី​កំណត់​យក​តួលេខ​ប្រាក់​ឈ្នួល​ជាក់លាក់​មួយ សម្រាប់​ដាក់​ស្នើ​ពិភាក្សា​។ រីឯ​ភាគី​និយោជក​ថៅកែ​រោងចក្រ ក៏​នឹង​ជួបប្រជុំ​ផ្ទៃក្នុង ខណៈ​រាជរដ្ឋាភិបាល ក៏​គ្រោង​នឹង​ជួបប្រជុំ​ផ្ទៃក្នុង​ផងដែរ​។​

​យ៉ាងណាក៏ដោយ លោក សោម អូន អនុប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា តំណាង​ឲ្យ​ភាគី​សហជីព​កម្មករ បាន​លើកឡើងថា “​កិច្ចពិភាក្សា នៅ​ព្រឹក​នេះ ទោះបី​មិនទាន់​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ក៏ដោយ ក៏ប៉ុន្តែ​វា​បានផ្តល់​នូវ​របាយការណ៍​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ សម្រាប់​ជា​ទុន​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុងការ​សម្រេចចិត្ត​ទៅលើ​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត សម្រាប់​ឆ្នាំ​២០២០​។

​សូម​រម្លឹកថា ការចរចា​ដំឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ នៅ​កម្ពុជា ត្រូវបាន​ធ្វើឡើង ជា​រៀងរាល់ឆ្នាំ ហើយ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​កាត់ដេរ ក៏ត្រូវ​បាន​ដំឡើង​មួយឆ្នាំ​ម្តងៗ​។ នៅ​ឆ្នាំ​២០១៩​នេះ កម្មករ​កាត់ដេរ មាន​ប្រាក់​ឈ្នួល​អប្បបរមា ១៨២ ដុល្លារ ដោយ​ពុំ​រាប់បញ្ចូល​នូវ​ប្រាក់​អត្ថប្រយោជន៍​នានា​នោះទេ​។​

​តាម​គម្រោង ក្រសួង​ការងារ បានកំណត់​យក​ខែកញ្ញា​នេះ ដើម្បី​ចរចា​ប្រាក់​ឈ្នួល ជា​លក្ខណៈ​ត្រីភាគី​។ នៅ​ខែតុលា ឆ្នាំ​២០១៩ នឹងមាន​ការបើក​ប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​អប្បបរមា ដល់​កម្មករ​កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០២០ ហើយ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ គឺជា​ការចូល​ជា​ធរមាន អនុវត្ត​នូវ​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com