លទ្ធផលលម្អិតនៃជំនួបរវាង​សម្ដេច​តេ​ជោ ហ៊ុន សែន ​ជាមួយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​

(ភ្នំពេញ)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម មហា​ធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​

​ក្នុង​ខ្លឹមសារ​នៃ​ជំនួប​នេះ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ បានបង្ហាញ​នូវ​ភាពស្និទ្ធស្នាល ដែល​ស្ដែង​ចេញពី​ចំណងមិត្តភាព​ដ៏​ជិតស្និត និង​រាក់ទាក់​រវាង​ប្រទេស​ទាំងពីរ​។ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ចែករំលែក​ព័ត៌មាន​អំពី​ការ​វិវឌ្ឍន៍​ថ្មីៗ​នៃ​នយោបាយ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា និង​ម៉ាឡេស៊ី និង​បាន​ពិភាក្សា​អំពី​ទិដ្ឋភាព​នានា​នៃ​ទំនាក់ទំនងរ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​សមិទ្ធផល​នានា​ដែល​ប្រជាជន​ម៉ាឡេស៊ី​ទទួលបាន​ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម​នាយករដ្ឋមន្ត្រី មហា​ធា មហាម៉ាត់ ដើម្បី​នាំ​ប្រទេស​ម៉ាឡេស៊ី​ឈានទៅរក​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០២៥​ខាងមុខ​។​

​ឯកឧត្តម​នាយក​មន្ត្រី មហា​ធា មហាម៉ាត់ ក៏បាន​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​សម្រេចបាន​នូវ​ជោគជ័យ​ក្នុង​ការបន្ត​រក្សា​ស្ថិរភាព សន្តិភាព និង​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​។ ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​រវាង​កម្ពុជា និង​ម៉ាឡេស៊ី គ្រប់​វិស័យ​រួមមាន វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ហា​ឡា​ល់ ការពារជាតិ និង​សន្តិសុខ ទេសចរណ៍ កសិកម្ម និង​អប់រំ​។​

ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការបន្ត​ខិតខំ​ប្រឹងប្រែង​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​តំបន់ និង​ពហុភាគី ដើម្បី​បម្រើ​ប្រយោជន៍​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ នៅក្នុង​បរិបទ​អាស៊ាន​ប្រទេស​ទាំងពីរ​បានបញ្ជាក់​សារជាថ្មី​អំពី​ការប្ដេជ្ញាចិត្ត​ដើម្បី​ឈានទៅរក​ការសម្រេច​ឲ្យ​បាន​នូវ​សមាហរណកម្ម​សេដ្ឋកិច្ច​ដែលជា​គោលដៅ​ចុងក្រោយ​របស់​អាស៊ាន​។ ប្រទេស​ទាំងពីរ​នឹង​បន្ត​ធ្វើការ​រួមគ្នា​ដើម្បី​លើកកម្ពស់​ម​ជ្ឈ​ភាព​អាស៊ាន និង​ដើម្បី​សម្រេចបាន​នូវ​សមាហរណកម្ម​មួយ​ដែលមាន​សាមគ្គីភាព​នយោបាយ​ស្អិតរ​មួ​ត ដើម្បី​ប្រជាជន​និង​ផ្ដោត​សំខាន់​លើ​ប្រជាជន​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ ក៏បាន​លើកទឹកចិត្ត​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងសងខាង​បន្ត​ស្វែងរក​វិធី​និង​វិធានការ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​។​ប្រទេស​ទាំងពីរ​ប្ដេជ្ញា​សម្របសម្រួល​វិធានការ​ចាំបាច់​នានា​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​។ ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​សំដែង​នូវ​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​ដែល​សម្រេចបាន​ដោយ​ផ្នែក​ឯកជន និង​សាធារណៈ​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​នេះ​។

រដ្ឋាភិបាល​កម្ពុជា ​ស្វាគមន៍​ធុរជន​ម៉ាឡេស៊ី មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​នៅក្នុង​វិស័យ​កសិកម្ម អប់រំ ទេសចរណ៍ ហើយ​រដ្ឋាភិបាល​ម៉ាឡេស៊ី​លើកទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន​លើកកម្ពស់​ជំហរ​ក្នុងការ​ពង្រីក​ពាណិជ្ជកម្ម​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ក្នុង​គម្រោង​អភិវឌ្ឍន៍​រយៈពេល​វែង​របស់​កម្ពុជា ហើយ​រដ្ឋាភិបាល​ម៉ាឡេស៊ី ក៏​ប្ដេជ្ញា​បង្កើនល្បឿន​ពាណិជ្ជកម្ម​តាមរយៈ​គំនិត​ផ្ដួចផ្ដើម​ដែលមាន​វិសាលភាព​ឆ្លងកាត់​ព្រំដែន​នៅក្នុង​អាស៊ាន និង​វេទិកា​ឌីជីថល ដូចជា​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ​ការលើកទឹកចិត្ត​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ក្នុងការ​អភិវឌ្ឍ​ឧស្សាហកម្ម​ហា​ឡា​ល់ ក្នុងប្រទេស​កម្ពុជា​។ រដ្ឋាភិបាល​កម្ពុជា​ក៏​អរគុណ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ចំពោះ​ការផ្ដល់​ជំនួយ​បច្ចេកទេស​ក្នុងការ​សម្រប​សម្រួលកា​រ​រៀបចំ និង​នីតិវិធី​ដើម្បី​ទទួលបាន​វិញ្ញាបនបត្រ​ហា​ឡា​ល ហើយ​ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏​ទទួលស្គាល់ថា​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ចាំបាច់​តម្រូវ​ឲ្យ​មានការ​ពង្រឹង​តាមរយៈ​ការបណ្ដុះបណ្ដាល​បន្ថែមទៀត​និង​ការចែករំលែក​ព័ត៌មាន​ក្នុងន័យនេះ​ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​លើកទឹកចិត្ត​ឲ្យ​មាន​មន្ត្រី​របស់ខ្លួន​រិះរក​វិធី​ប្រកបដោយ​ច្នៃប្រឌិត​ដើម្បី​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​វិស័យនេះ​ក្នុងនោះ​ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​ទទួលស្គាល់​អំពី​កំណើន​នៃ​ការគំរាមកំហែង​ភេរវកម្ម​និង​ភាពជ្រុលនិយម​នៅ​ទូទាំង​ពិភពលោក​ហើយ​ការសម្របសម្រួល​លើ​វិស័យ​សន្តិសុខ​ចាំបាច់​ត្រូវ​បង្កើតឡើង​ឲ្យ​កាន់តែ​ប្រសើរឡើង​រវាង​ប្រទេស​ទាំងពីរ​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​កត់សម្គាល់​អំពី​ការបន្ត​កិច្ចចរចា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ស្តីអំពី​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស​។ ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​លើកទឹកចិត្ត​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងពីរ​បន្ត​ការពិភាក្សា និង​ទន្ទឹងរង់ចាំ​ការបញ្ចប់​ការចរចា​លើ​អនុស្សារណៈ​យោគយល់​ខាងលើ​ឲ្យ​បាន​ឆាប់​បំផុត​។​

​រដ្ឋាភិបាល​កម្ពុជា​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​ឱកាស​ការងារ​ដែល​ម៉ាឡេស៊ី​ផ្ដល់​ឲ្យ​ពលករ​ចំណាកស្រុក​របស់​កម្ពុជា​។ ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏​លើកទឹកចិត្ត​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ​ដើម្បី​បន្ត​ពង្រឹង​ក្របខ័ណ្ឌ​ដែល​បាន​ព្រមព្រៀងគ្នា​ក្នុង​វិស័យ​ការងារ និង​ជំរុញ​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ និង​សម្របសម្រួល​កាន់តែ​ជិតស្និទ្ធ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ការពារ​សិទ្ធិ​និង​ដោះស្រាយ​បញ្ហា​សុខមាលភាព​ពលករ​ចំណាកស្រុក​របស់​កម្ពុជា​ទៅ​ម៉ាឡេស៊ី​។​

​ក្នុងជំនួប​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​សម្ដែង​នូវ​ការ​អរគុណ​ដល់​រដ្ឋាភិបាល​ម៉ាឡេស៊ី​ដែល​បានផ្ដល់​ការបណ្ដុះបណ្ដាល​តាមរយៈ​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​ម៉ាឡេស៊ី និង​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ម៉ាឡេស៊ី ដែល​បានផ្ដល់​ប្រយោជន៍​ដល់​កម្ពុជា​ក្នុងការ​ពង្រឹង​វិស័យ​សាធារណៈ តាមរយៈ​ការអភិវឌ្ឍន៍​ធនធានមនុស្ស​។ ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​បង្ហាញ​ពី​ការចាប់អារម្មណ៍​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​តាមរយៈ​ការតភ្ជាប់​រវាង​ប្រជាជន​យ៉ាងសកម្ម​ជាពិសេស​ក្នុងចំណោម​យុវជន​ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​មិត្តភាព​កាន់តែ​ជិតស្និទ្ធ​។ ក្នុងនោះ​ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​លើកទឹកចិត្ត​អង្គការ​យុវជន​ទាំង​វិស័យ​ឯកជន​និង​សាធារណៈ​ឲ្យ​ត​ភ្ជាប់​ទំនាក់ទំនង​គ្នា​តាមរយៈ​ការលើកកម្ពស់​ការបណ្ដុះ​បណ្ដាល​កីឡា និង​ការផ្លាស់ប្ដូរ​អ្នកជំនាញ​បច្ចេកទេស​ការអភិវឌ្ឍ​ន៍​ភាពជា​អ្នកដឹកនាំ​របស់​យុវជន​និង​កម្មវិធី​សហគ្រិន​យុវជន​នៃ​ប្រទេស​ទាំងពីរ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អបអរសាទរ​ចំពោះ​ម៉ាឡេស៊ី​ក្នុងឱកាស​បុណ្យជាតិ​លើក​ទី​៦២ របស់​ម៉ាឡេស៊ី​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៩ សម្ដេច​តេ​ជោ​ក៏បាន​អបអរសាទរ​ចំពោះ​ការឡើង​គ្រងរាជ្យ​របស់​ព្រះមហាក្សត្រ​ស៊ុ​លត​ង់ អាប់​ឌុល​ឡា ស៊ុ​លត​ង់​អា​ម៉ា​ដ ជា​ព្រះមហាក្សត្រ​ទី​១៦ របស់​ម៉ាឡេស៊ី​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​ផ្លាស់ប្ដូរ​ទស្សនៈ​លើ​បញ្ហា​តំបន់ និង​ពិភពលោក​ដែលជា​ការយកចិត្តទុកដាក់​និង​ជា​កង្វល់​រួមមាន​ដូចជា​កិច្ចសហប្រតិបត្តិការ​ក្នុង​រង្វង់​រដ្ឋ​សមាជិក​អាស៊ាន​បញ្ហា​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាងត្បូង ការប្រឆាំង​អំពើ​ភេរវកម្ម​និង​បញ្ហា​សកលលោក​នានា​។ ចំពោះ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​តំបន់​ថ្នាក់ដឹកនាំ​ទាំង​ពីរបាន​យល់ស្រប​គ្នា​ថា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ និង​ចូលរួមចំណែក​ដល់​សមា​ហ​រណកម្ម និង​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​ព្រមទាំង​ជួយ​ការពារ​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ហេតុនេះ​ចាំបាច់​ត្រូវតែ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​នេះ​ក្នុងឆ្នាំនេះ​។​

​នៅក្នុង​ជំនួប​នោះ​ផងដែរ ឯកឧត្តម​នាយករដ្ឋមន្ត្រី មហា​ធា មហាម៉ាត់ ក៏បាន​អញ្ជើញ សម្ដេច​តេ​ជោ​ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាម​ពេលវេលា​សមស្រប​។ ជាការ​ឆ្លើយតប សម្តេច​តេ​ជោ បាន​ទទួលយក​ការអញ្ជើញ​ដោយ​ក្តី​រីករាយ និង​បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ចំពោះ​ការអញ្ជើញ​នេះ​។ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ក៏បាន​សម្តែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម្ដេច​តេ​ជោ ចំពោះ​ការស្វាគមន៍ និង​ការផ្ដល់​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម ព្រមទាំង​គណៈប្រតិភូ ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​នេះ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com