Top News៖ កម្ពុជា​-​ម៉ាឡេស៊ី ជំទាស់​នឹង​ប្រទេស​មហាអំណាច ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​តូចៗ​

(​ភ្នំពេញ​)៖ ក្នុង​កិច្ចពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធា មហាម៉ាត់ ក្រៅពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ម៉ាឡេស៊ី ប្រមុខ​ដឹកនាំ​ប្រទេស​ទាំងពីរ ក៏បាន​ពិភាក្សាគ្នា​លើ​បញ្ហា​អន្តរជាតិ​មួយចំនួន ដូចជា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​ជនជាតិភាគតិច​នៅ​រដ្ឋ​រ៉ា​ក់​ខា​ញ ប្រទេស​ភូមា បញ្ហា​ទាក់ទង​នឹង​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ទៅលើ​កូរ៉េខាងជើង និង​បញ្ហា​ទណ្ឌកម្ម​របស់​ប្រទេស​ធំៗ ទៅលើ​ប្រទេស​មួយចំនួនទៀត​។​

​ក្នុងពេល​ប្រកាស​នូវ​សេចក្តីថ្លែងការណ៍​រួម ក្រោយ​កិច្ចប្រជុំ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា បញ្ហា​ទណ្ឌកម្មសេដ្ឋកិច្ច លើ​កូរ៉េខាងជើង និង​បញ្ហា​ទណ្ឌកម្ម​របស់​ប្រទេស​ធំៗ ទៅលើ​ប្រទេស​មួយចំនួនទៀត មិន​គ្រាន់តែ​ជា​ទណ្ឌកម្ម​ទៅលើ​ប្រទេស​ទាំង​នោះទេ ក៏ប៉ុន្តែ​វា​អាចជា​ទណ្ឌកម្ម​មកលើ​ប្រទេស ដែល​មិន​ជាប់​ពាក់ព័ន្ធ ប៉ុន្តែ​គឺជា​ដៃគូ​នៃ​កិច្ចការ​ជាមួយនឹង​ប្រទេស​ទាំងនោះ​។

​ចំណែក​លោកនាយក​រដ្ឋមន្ត្រី មហា​ធា មហាម៉ាត់ បាន​លើកឡើងថា យើង​មានការ​ពិភាក្សា​លើ​បញ្ហា​អន្តរជាតិ​ផងដែរ ហើយ​ក្នុងចំណោម​នោះ គឺ​ទណ្ឌកម្ម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​មិន​ត្រឹមតែ​ប្រទេស ដែល​រង​ទណ្ឌកម្ម​ផ្ទាល់​ទេ ប៉ុន្តែ​ប្រទេស​ផ្សេងទៀត​ផងដែរ ដែល​អត់​មានទំនាស់​ជាមួយ​ប្រទេស​នោះទេ ប៉ុន្តែ​ត្រូវបាន​ហាមឃាត់ មិន​ឲ្យ​ធ្វើ​ធុរកិច្ច​ជាមួយ​ប្រទេស​នោះ ដោយសារតែ​ការដាក់ទណ្ឌកម្ម​នោះ​។ នេះ​គឺជា​រឿង​អយុត្តិធម៌​ណាស់ ព្រោះ​ប្រទេស​តូច មិនអាច​ដាក់ទណ្ឌកម្ម លើ​ប្រទេស​ណា​ទេ ប៉ុន្តែ​មានតែ​មហាអំណាច​ទេ ដែល​ដាក់ទណ្ឌកម្ម​លើ​គេ ហើយ​ដាក់​សំពាធ​មិន​ឲ្យ​ប្រទេស​តូច មិន​អាន​មាន​សេរីភាព ទោះបី​គេ​កំពុងនិយាយ​ពី​រឿង​សិទ្ធិមនុស្ស ពី​សេរីភាព តែ​គេ​គឺ​យក​សិទ្ធិសេរីភាព​របស់​យើង ដោយ​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ដៃគូ​របស់​យើង​។ នេះ​ជា​រឿង​អយុត្តិធម៌​ណាស់​។ យើង​ឃើញថា អង្គការសហប្រជាជាតិ ជា​វេទិកា​ដ៏​ល្អ ដែល​យើង​អាច​លើក​បញ្ហា​នេះ​”​។

​ក្រៅពីនោះ នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដែលជា​សមាជិក​អាស៊ាន ក៏បាន​ប្រកាស​គាំទ្រ​បេក្ខភាព​ប្រទេស​ទី​ម័​រ ឡេស ជា​សមាជិក​ទី​១១ របស់​អាស៊ាន ផងដែរ​។

​សូម​រម្លឹកថា លោកនាយក​រដ្ឋមន្ត្រី ម៉ាឡេស៊ី មហា​ធា មហាម៉ាត់ បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មកដល់​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ នៅ​កម្ពុជា​។​

​នៅ​វិមាន​សន្តិភាព នា​ព្រឹក ថ្ងៃ​អង្គារ ទី​៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ផ្លូវ​ការជូន ឯកឧត្តម មហា​ធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​លោកជំទាវ Siti Hasmah Mohamad Ali នៅក្នុង​ឱកាស​ដែល ឯកឧត្តម អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅក្នុង​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវការ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រី​រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី និង​មន្ត្រី​អង្គទូត​នានា​ជាច្រើន​ទៀត​ប្រចាំ​កម្ពុជា​ផងដែរ​។​

​នៅពេលនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី កំពុង​ប្រជុំពិភាក្សា​ទ្វេភាគី​ជាមួយ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​នៅ​វិមាន​សន្តិភាព​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com