កម្ពុជា​-​ម៉ាឡេស៊ី ចុះ​កិច្ចព្រមព្រៀង​លើ​ផ្នែក​ពន្ធគយ និង​វិស័យ​ទេសចរណ៍​

(​ភ្នំពេញ​)៖ បន្ទាប់ពី​កិច្ចប្រជុំ​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក មហា​ធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​អញ្ជើញ​ជា​អធិបតីភាព​រួមគ្នា ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ចំនួន ២​។ នោះ​គឺ​ទី​១-​កិច្ចព្រមព្រៀង ស្ដីពី ការលុបបំបាត់​យកពន្ធ​ត្រួតស៊ីគ្នា ការលើកលែង​ពន្ធ​លើ​ប្រាក់ចំណូល ព្រមទាំង​ការបង្ការ​ការ​គេចវេស​ពន្ធ និង​ការជៀសវាង​ពន្ធ​។ កិច្ចព្រមព្រៀង​នេះ ចុះហត្ថលេខា​ដោយ​លោក អូន​ព័ន្ធ មុនី​រ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក សៃ​ហ្វូ​ឌី​ន អាប់​ឌុល​ឡា រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​។ រីឯ​កិច្ចព្រមព្រៀង​មួយទៀត ជា​អនុស្សារណៈ​យោគយល់​គ្នា ស្តីពី កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​។ ឯកសារ​នេះ ចុះហត្ថលេខា​ដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក សៃ​ហ្វូ​ឌី​ន អាប់​ឌុល​ឡា រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​។​

បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងពីរនេះ នៅក្នុងសន្និសីទកាសែតរួមគ្នា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា និងម៉ាឡេស៊ី កំពុងពិភាក្សាគ្នា ដើម្បី​ប្រើទិដ្ឋាការរួម រវាង​ប្រទេសទាំងពីរ សម្រាប់អ្នកទេសចរ។ ពោលគឺអ្នកទេសចរ អាចចូលកម្ពុជា និងម៉ាឡេស៊ី ដោយប្រើទិដ្ឋាការតែមួយ​។

​លោកនាយក​រដ្ឋមន្ត្រី ម៉ាឡេស៊ី មហា​ធា មហាម៉ាត់ បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មកដល់​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ នៅ​កម្ពុជា​។​

​នៅ​វិមាន​សន្តិភាព នា​ព្រឹក ថ្ងៃ​អង្គារ ទី​៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ផ្លូវ​ការជូន ឯកឧត្តម មហា​ធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​លោកជំទាវ Siti Hasmah Mohamad Ali នៅក្នុង​ឱកាស​ដែល ឯកឧត្តម អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅក្នុង​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវការ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រី​រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី និង​មន្ត្រី​អង្គទូត​នានា​ជាច្រើន​ទៀត​ប្រចាំ​កម្ពុជា​ផងដែរ​។​

​នៅពេលនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី កំពុង​ប្រជុំពិភាក្សា​ទ្វេភាគី​ជាមួយ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​នៅ​វិមាន​សន្តិភាព​៕​

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com