មេឃុំវាល ក្នុងស្រុកគងពិសី ថា អាជ្ញាធរ បានសម្រេចរក្សាដីរួមអតីតសាលាសំណាក់ក្នុងភូមិត្បូងភ្នំទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ

(កំពង់ស្ពឺ)៖ លោក ប្រាក់ សារិន មេឃុំវាល ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានប្រាប់ Swift News តាមទូរស័ព្ទនៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ថា អាជ្ញាធរមូលដ្ឋាន មិនអនុញ្ញាតឲ្យជនណាធ្វើប្លង់យកដីរួមភូមិដែលជាអតីតសាលាសំណាក់ ក្នុងភូមិត្បូងភ្នំ ធ្វើជាកម្មសិទ្ធិឯកជនឡើយ ពោលគឺត្រូវតែការពារទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ដែលប្រជាពករដ្ឋក្នុងភូមិអាចប្រើប្រាស់ ជាកន្លែងធ្វើបុណ្យទាន និងពិធីផ្សេងៗបាន។

លោក ប្រាក់ សារិន មេឃុំវាល បានថ្លែងបែបនេះ បន្ទាប់ពីប្រជាពលរដ្ឋក្នុងភូមិវាល ជាច្រើនគ្រួសារ បានជួបប្រជុំពិភាក្សាគ្នា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញ ដោយលើកឡើងនូវទុក្ខកង្វល់អំពី លោក អៀង ស៊ីធុល ជាសិល្បករល្បីឈ្មោះមួយរូបចង់ធ្វើប្លង់យកដីរួមអតីតសាលាសំណាក់ (ច្រមុះជ្រូក) របស់ភូមិវាលទំហំជិត ៥០០០ ម៉ែត្រការ៉េ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈសំណុំរឿងដែលពករដ្ឋប្តឹងទាមទារដីនោះទុកជាសម្បត្តិរួមភូមិកំពុងត្រូវបានតុលាការចាត់ការនៅឡើយ។

នៅក្នុងកិច្ចប្រជុំពិភាក្សារកាលពីព្រឹកម្សិលមិញ ប្រជាពលរដ្ឋ បានលើកឡើងថា កាលពីអំឡុងចុងឆ្នាំ២០០១ លោក អៀង ស៊ីធុល បានស្នើសុំយកដីរួមភូមិជាទីតាំងសាលាសំណាក់ យកសាងសង់សាលាបង្ហាត់បង្រៀនសិល្បៈ ដល់កូនចៅអ្នកភូមិ។ ប៉ុន្តែរហូតមកដល់ឆ្នាំ២០១៥ លោក អៀង ស៊ីធុល នៅតែមិនបានសាងសង់សាលាបានទៀត បែរជាស្នើសុំអាជ្ញាធរធ្វើប្លង់ដីនោះធ្វើជាកម្មសិទ្ធិ ទើបកើតរឿងប្តឹងគ្នាជាមួយតំណាងពលរដ្ឋទៅតុលាការខេត្តកំពង់ស្ពឺ។

លោក ប្រាក់ សារិន បានបញ្ជាក់ថា «កាលពីខែមីនា ឆ្នាំ២០១៩ ខាងអជ្ញាធរខេត្តកំពង់ស្ពឺ បានប្រជុំដោះស្រាយជាមួយប្រជាជនដោយប្រពេលនោះ ពលរដ្ឋ និងអាជ្ញាធរ បានសម្រេចឲ្យលោក អៀង ស៊ីធុល សង់សាលាបុណ្យនៅទីតាំងត្រពាំងចាស់ នៅកណ្តាលភូមិ។ ក្រោយមកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ អភិបាលកំពង់ស្ពឺបាន ចេញសេចក្តីជូនដំណឹង ឲ្យលោក អៀង ស៊ីធុល សង់សាលាបុណ្យ ទំហំ ៥គុណនឹង៧ម៉ែត្រ កម្ពស់ ៣ម៉ែត្រ ធ្វើពីបេតុង នៅត្រង់ចំណុចត្រពាំងចាស់កណ្តាលភូមិ ដែលជាដីរួមភូមិ ដើម្បីទុកជូនប្រជាជនធ្វើបុណ្យទាន»។

សូមជម្រាបជូនថា រឿងរ៉ាវដ៏ចម្រូងចម្រាសរវាងលោក អៀង ស៊ីធុល និងតំណាងប្រជាពលរដ្ឋ ឈានដល់ប្តឹងគ្នាឡើងតុលាការខេត្តកំពង់ស្ពឺ និងសាលាឧទ្ធរណ៍ បានចាប់ផ្តើមកាលពីអំឡុងចុងឆ្នាំ២០១៤ នៅគ្រាដែលលោក អៀង ស៊ីធុល បានស្នើសុំទៅអាជ្ញាធរដើម្បីធ្វើប្លង់ដីម្តុំច្រមុះជ្រូកដែលលោកធ្លាប់សុំអាជ្ញាធរបើកសាលាបង្រៀនសិល្បៈនោះ ដោយលោក អៀង ស៊ីធុល សំអាង ថាជាដីដែលឪពុកម្តាយលោកចែកឲ្យលោក។

នៅពេលនោះប្រជាពលរដ្ឋមិនព្រម ក៏មានការដាក់ពាក្យប្តឹងគ្នា ទាមទារដីនោះទៅតុលាការខេត្តកំពង់ស្ពឺ ដើម្បីជួយរកយុត្តិធម៌។

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ លោក ឆឹម ឬទ្ធី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចប្រកាសសាលក្រមប្រគល់ដីទំហំ ៥៥ម៉ែត្រ គុណនឹង ៨០ម៉ែត្រ ស្ថិតនៅក្នុងភូមិត្បូងភ្នំ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឲ្យទៅលោក អៀង ស៊ីធុល។

ប៉ុន្តែនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ បានសម្រេចលុបចោលនូវសាលក្រមរបស់សាលាដំបូងខេត្តកំពង់ស្ពឺចោលជាអាសារបង់ និងបានសម្រេចបញ្ជូនរឿងនេះឲ្យតុលាការខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធីឡើងវិញ ព្រោះតែសាលាឧទ្ធរណ៍យល់ឃើញថា សាលក្រមរបស់តុលាការខេត្តកំពង់ស្ពឺមានលក្ខណៈមិនត្រឹមត្រូវតាមនីតិវិធីឡើយ។

រឿងរ៉ាវប្រជាពលរដ្ឋ ប្តឹងលោក អៀង ស៊ីធុល ដើម្បីការពារដីរួមមកទុកបម្រើឲ្យប្រយោជន៍សាធារណៈនេះ បានស្ងប់ស្ងាត់មួយរយៈ រហូតមកពេលថ្មីៗនេះ ស្រាប់តែកក្រើកឡើងវិញ នៅគ្រាដែលលោក អៀង ស៊ីធុល និងបងស្រីរបស់លោក ឈ្មោះ អៀង ស៊ីវន ដែលបច្ចុប្បន្នប្រធានភូមិត្បូងភ្នំ បានហៅប្រជាជនប្រជុំ សុំដូរដីទីតាំងសាលាបុណ្យពីត្រពាំងទឹកចាស់ទំហំប្រមាណ ៣០ម៉ែត្រ គុណនឹង ៣៥ម៉ែត្រ ទៅទីតាំងថ្មីដែលជាដីប្អូនប្រុសរបស់លោក អៀង ស៊ីធុល ដែលមានទំហំតូចជាងដីត្រពាំងចាស់។

ការយកដីធំទៅដូរយកដីតូច ដើម្បីធ្វើសាលាបុណ្យ រួចទុកដីធំឲ្យប្អូនប្រុសបែបនេះ ត្រូវពលរដ្ឋរាប់រយនាក់មិនព្រម និងបានផ្តិតមេដៃស្នើសុំឲ្យលោកអភិបាលស្រុកដកលោក ស្រី អៀង ស៊ីវន ចេញពីតំណែងមេភូមិ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ដោយមូលហេតុថា លោកស្រី អៀង ស៊ីវន ជាបងស្រីបង្កើតរបស់លោក អៀង ស៊ីធុល ដែលត្រូវអាជ្ញាធរឃុំតែងតាំងដោយមិនមានការបោះឆ្នោតពីប្រជាពលរដ្ឋនោះទេ។

ជុំវិញករណីនេះ លោក អៀង ស៊ីធុល បានប្រាប់ Swift News តាមទូរស័ព្ទថាដីច្រមុះជ្រូកទំហំ ៥៥ម៉ែត្រ គុណនឹង ៨០ម៉ែត្រ ដែលលោកធ្លាប់ស្នើសុំអាជ្ញាធរបើកសាលាសិល្បៈនោះ គឺជាកេរមតកដែលឪពុកម្តាយលោកចែកឲ្យលោក តាំងពីតំណាងប្រជាពលរដ្ឋដែលមកប្តឹងទាមទារនោះ មិនទាន់កើតមកម្ល៉េះ។

លោកបន្តថា ដីនោះជាដីកេររបស់លោក ដូច្នេះលោកគ្មានអ្វីត្រូវបកស្រាយនោះទេ ហើយកន្លងមកប្រជាពលរដ្ឋក្នុងភូមិក៏បានផ្តិតមេដៃប្រគល់ដីអតីតសាលាសំណាក់នោះ ឲ្យលោកដោយព្រមព្រៀងគ្នា ឲ្យលោកសង់ជាសាលាបុណ្យសម្រាប់ពលរដ្ឋធ្វើបុណ្យនៅទីតាំងត្រពាំងទឹកចាស់នៅកណ្តាលភូមិជាការប៉ះប៉ូវគ្នាបញ្ចប់រឿង ប៉ុន្តែនៅតែមានពលរដ្ឋមួយក្រុមតូចដែលប្តឹងទាមទារដីអតីតសាលាសំណាក់នោះបំណងយកទៅលក់យកលុយចែកគ្នាចាយ។

ចំណែកលោកស្រី អៀង ស៊ីវន ប្រធានភូមិត្បូងភ្នំ បានបញ្ជាក់ប្រាប់ Swift News ថា ដីនៅច្រមុះជ្រូកទំហំ ៥៥ម៉ែត្រគុណនឹង៨០ម៉ែត្រដែល លោក អៀង ស៊ីធុល និងតំណាងប្រជាជនប្តឹងទាមទារ ទៅវិញទៅមកនោះ មួយផ្នែកជាដីដែល លោក អៀង ស៊ីធុល ទិញពីប្រជាពលរដ្ឋ មួយផ្នែកជាដីដែលឪពុកម្តាយលោកស្រីចែកឲ្យលោក អៀង ស៊ីធុល និងមួយផ្នែកទៀត ទំហំប្រហែលជា ១០ម៉ែត្របួនជ្រុងទេដែលជាអតីតសាលាសំណាក់ចាស់ ដែលពេលនេះខ្យល់បក់រលំអស់ហើយ។

លោកស្រី អៀង ស៊ីវន បន្តថា នៅពេលសាលាឧទ្ធរណ៍បង្វិលរឿងនោះមកឲ្យតុលាការខេត្តកំពង់ស្ពឺ កាត់ម្តងទៀត តុលាការខេត្តកំពុងស្ពឺ បានឲ្យអាជ្ញាធរខេត្តចុះមកសម្របសម្រួលដោះស្រាយ។ នៅអំឡុងខែមីនា ឆ្នាំ២០១៩ អាជ្ញាធរខេត្តបានចុះមកប្រជុំដោះស្រាយ ដែលនៅពេលនោះ ប្រជាជនបានសម្រេចប្រគល់ដីអតីតសាលាសំណាក់ចាស់ទំហំប្រហែល ១០ម៉ែត្របួនជ្រុងនោះ ឲ្យទៅលោក អៀង ស៊ីធុល ដោយឲ្យលោក អៀង ស៊ីធុល ជួយប៉ះប៉ូវមកវិញនូវការកសាងសាលាបុណ្យ នៅលើដីរួមភូមិចំណុច ត្រពាំងទឹកចាស់ ដែលនៅកណ្តាលភូមិ។ ហើយពេលនោះ អាជ្ញាធរខេត្តក៏បាន ចេញសេចក្តីជូនដំណឹងអនុញ្ញាតឲ្យលោក អៀង ស៊ីធុល សាសង់សាលាបុណ្យតាមការសន្យាដែរ ដែលបច្ចុប្បន្ន លោក អៀង ស៊ីធុល កំពុងរៀបចំចាក់ដីលុបត្រពាំងទឹកចាស់នោះ ដើម្បសាងសង់សាលាបុណ្យហើយ។

ចំពោះរឿងពលរដ្ឋប្តឹងសុំដកលោកស្រី ចេញពីតំណែងប្រធានភូមិ លោកស្រីមិនមានអ្វីបកស្រាយនោះទេ រងចាំសេចក្តីសម្រេចរបស់ថ្នាក់លើ ព្រោះតំណែងនេះថ្នាក់លើអ្នកចាត់តាំង ដូច្នេះបើថ្នាក់លើចង់ដកវិញក៏ដកទៅ លោកស្រីមិនមានអ្វីជំទាស់ទេ។

លោក ចែម ភឺនរីមវុទ្ធី អភិបាលស្រុកគងពិសី បានប្រាប់ Swift News តាមទូរស័ព្ទថា ដោយសាររឿងនេះ ដល់ដៃតុលាការដូច្នេះ អាជ្ញាធរមិនមានអ្វីក្រៅអំពីការសម្របសម្រួល ដើម្បីរងចាំសេចក្តីសម្រេចរបស់តុលាការនោះទេ។ ចំពោះបណ្តឹងរបស់ពលរដ្ឋសុំដកលោកស្រី អៀង ស៊ីវន ពីប្រធានភូមិត្បូងភ្នំនោះ លោក និងលោកមេឃុំវាល កំពុងពិនិត្យ និងដោះស្រាយតាមនីតិវិធី៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com