នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ អញ្ជើញជួបនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ នាទីតាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ    បានរៀបចំកម្មវិធីកិច្ចសន្ទនាពិសេសមួយ ស្តីពី “ការរក្សាតុល្យភាពទំនាក់ទំនងជាមួយប្រទេសមហាអំណាចនៅក្នុងបរិបទអាស៊ាន”។

នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ    ក្រោមវត្តមាននៃការធ្វើបទបង្ហាញ និងពិភាក្សាដ៍ខ្ពង់ខ្ពស់ ដោយឯកឧត្តមបណ្ឌិត មហាធៀរ មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៉ីដែលលោក បានមកបំពេញទស្សកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងការថ្លែងបឋកថានិងការឆ្លើយទៅកាន់ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យសិស្សនិស្សិតកម្ពុជាប្រមាណជាង៧០០នាក់ លោកMahathir Mohamad នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៉ីបានកោតសសើរយ៉ាងខ្លាំងចំពោះកម្ពុជា ជាប្រទេសមួយដែលមានវប្បធម៌ និងអរិយធម៌ចំណាស់ជាងសហរដ្ឋអាមេរិក។

ដូច្នេះត្រូវជ្រើសរើសយកដំណើរការដឹកនាំរបស់ប្រទេសទៅតាមកាលៈទេសៈឱ្យស្របតាមវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន មិនត្រូវដើរតាមបែបបទប្រជាធិបតេយ្យបង្គាប់បញ្ជា ឬការចង់បានណាមួយរបស់អាមេរិកនោះទេ។

លោកបន្តថា កម្ពុជាជាប្រទេសដែលមានវប្បធម៌ អរិយធម៌ចំណាស់ច្រើនបើធៀបជាមួយសហរដ្ឋអាមេរិក។លើសពីនេះ លោកបានស្ងើចសសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលបានប្រែប្រួលយ៉ាងឆាប់រហ័ស ដោយមានសំណង់អគារខ្ពស់ៗ បាននឹងកំពុងរីកដុះដាលយ៉ាងច្រើននៅក្នុងរាជធានីភ្នំពេញ។

នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី បានគូសបញ្ជាក់ទៀតថា សម្រាប់ស្ថានភាពចរាចរណ៍នៅកម្ពុជា ហាក់មានការមមាញឹកយ៉ាងខ្លាំង ដែលនេះ គឺជាសញ្ញាណមួយបញ្ជាក់ អំពីការរីកចម្រើន ការអភិវឌ្ឍ និងភាពសម្បូរសប្បាយរុងរឿងរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី។

គួរបញ្ជាក់ថា នៅក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohamad នឹងអញ្ជើញជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។

បន្ទាប់មកលោក នឹងអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនឹងពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ សម្តេចតេជោ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីក៏នឹងពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួមផងដែរ។ បន្ទាប់មកនាយករដ្ឋមន្រ្តីទាំងពីរនឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងប្រកាសព័ត៌មានរួមគ្នា។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកបណ្ឌិត មហាធៀ មហាម៉ាត់ នៅកម្ពុជា នឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អរវាងកម្ពុជានិងម៉ាឡេស៊ីទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី ក្នុងកម្រិតតំបន់ និងអន្តរជាតិ ៕ (SN-វុឌ្ឍា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com