នគរបាលបញ្ជូនស្ត្រីជាប្រពន្ធដែលរៀបគម្រោងបាញ់សម្លាប់ប្តីទៅតុលាការ ខណៈបុរសដៃដល់ជាសង្សារកំពុងរត់គេច

(ភ្នំពេញ)៖ បន្ទាប់ពីសាកសួរយកចម្លើយចប់សព្វគ្រប់ នគរបាលជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនស្ត្រីដែលគេសង្ស័យថា ជាអ្នករៀបចំគម្រោងឲ្យសង្សារបាញ់សម្លាប់ប្តីជាគ្រូបង្រៀន ទៅតុលាការក្រុងភ្នំពេញដើម្បីចាត់ការតាមច្បាប់។

បើតាមសមត្ថកិច្ច ស្ត្រីសង្ស័យមានឈ្មោះ ឃឿន ស៊ីហ៊ន ហៅ ស៊ីហ៊ន ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមជម្រាបជូនថា កម្លាំងជំនាញនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនស្ត្រីសង្ស័យកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅគ្រាដែលរូបនាងចូលឆ្លើយបំភ្លឺនៅចំពោះមុខនគរបាលយុត្តិធម៌។

ស្ត្រីសង្ស័យត្រូវបាន ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី ឃាតកម្មគិតទុកជាមុន ដោយរៀបចំគម្រោងជាមួយសង្សារ បាញ់សម្លាប់ជនរងគ្រោះជាប្តី ឈ្មោះ រឿន រតនា កាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្បែរមណ្ឌលឱកាសខ្ញុំ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទោះជាយ៉ាង មកដល់ពេលនេះ នគរបាលនៅពុំអាចស្វែងរកចាប់ខ្លួនបុរសជាជនដៃដល់ យកទៅផ្តន្ទាទោសតាមច្បាប់បាននៅឡើយទេ ព្រោះជននេះបានរត់គេចខ្លួន បន្ទាប់ពីនគរបាលខណ្ឌសែនសុខប្រញាប់ទម្លាយរឿង ឃាត់ខ្លួនស្ត្រីខាងលើប្រាប់អ្នកសារព័ត៌មានឲ្យចុះផ្សាយនៅមុនពេលការស៊ើបអង្កេតចប់សព្វគ្រប់៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com