ចិន​ចេញពី​កម្ពុជា រយៈពេល ៦​ថ្ងៃ ជិត ៩​ម៉ឺន​នាក់​

(​ភ្នំពេញ​)៖ ឯកសារ​សរសេរ​ដោយ​ដៃ ដែល​គេ​បង្ហោះ​ចែកចាយ នៅ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៩ បង្ហាញថា ជនជាតិ​ចិន បាន​ចេញពី​កម្ពុជា គិត​ចាប់ពី​ថ្ងៃទី​២៥ ខែសីហា រហូតដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៩ មាន​ចំនួន ៨៨៥៨៥ នាក់​។

​ឯកសារ​ដដែល ក៏បាន​បង្ហាញ​ពី​ចំនួន​ជនជាតិ​ចិន ចូល​ទឹកដី​កម្ពុជា ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៩ គឺមាន​ចំនួន ៤៧៥៩៦ នាក់​។

​ជនជាតិ​ចិន ពិសេស​ចិន​នៅ​កំពង់សោម បាន​សំរុក​ចាក​ចេញពី​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បានកើត​ឡើង បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​ណែនាំ ស្តីពី ការពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច តាមរយៈ​អ៊ិន​ធើ​ណេ​ត អន​ឡាញ ក្នុង និង​ក្រៅប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព នៅ​កម្ពុជា​។ ក្នុងនោះ រាជរដ្ឋាភិបាល បានសម្រេច​បញ្ឈប់​ការផ្តល់​អាជ្ញាប័ណ្ណ លើ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច តាមរយៈ​អ៊ិន​ធឺ​ណេ​ត អន​ឡាញ ក្នុង និង​ក្រៅប្រទេស ចាប់ពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩ តទៅ​។​

​ក្នុង​សារាចរ​ណែនាំ ចុះ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា សកម្មភាព​អាជីវកម្ម ល្បែងភ្នាល់ តាម​ម៉ាស៊ីន អេ​ឡិច​ត្រូ​និ​ច តាមរយៈ​អ៊ិន​ធឺ​ណេ​ត អន​ឡាញ ( internet Online ) ក្នុង និង​ក្រៅប្រទេស​មួយចំនួន បានទទួល​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល និង​មួយចំនួនទៀត បាន​លួចលាក់​ធ្វើ​សកម្មភាព​នៅតាម​ទីតាំង​ផ្សេងៗ​គ្នា ហើយ​ពួកឧក្រិដ្ឋជន​បរទេស​មួយចំនួន បាន​ជ្រក​ក្រោមរូបភាព​ល្បែងភ្នាល់​គ្រប់​ប្រភេទ​នេះ ដើម្បី​ធ្វើ​សកម្មភាព​បោកប្រាស់​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ក្នុងសង្គម​។​

​ក្នុង​សារាចរ​ណែនាំ​ដដែល ប្រមុខ​រាជរដ្ឋាភិបាល បាន​ណែនាំ​ដល់​មន្ត្រីនគរបាល​យុត្តិធម៌ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បង្កើន​ការស្រាវជ្រាវ និង​បង្ក្រាប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច តាមរយៈ​អ៊ិន​ធឺ​ណេ​ត អន​ឡាញ ក្នុង និង​ក្រៅប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព ដែល​ធ្វើ​សកម្មភាព​ដោយ​មិនមាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច​។​

​សារាចរ បន្ថែមថា ចំពោះ​អាជីវកម្ម ល្បែងភ្នាល់ ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច តាមរយៈ​អ៊ិន​ធឺ​ណេ​ត អន​ឡាញ ក្នុង និង​ក្រៅប្រទេស ដែលមាន​អាជ្ញាប័ណ្ណ ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព រហូត​ផុត​សុពលភាព ដែល​បានកំណត់​ក្នុង​អាជ្ញាប័ណ្ណ​។ បន្ទាប់​ពីនេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិន​បន្ត​សុពលភាព នៃ​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​ប្រភេទ​នេះ​តទៅ​ទៀតឡើយ​។​

​ជាមួយគ្នា​នោះ ក្នុង​សារាចរ​ដដែល ក៏បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល បញ្ឈប់​ការផ្តល់​គោល​ការណ៍ និង​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម ល្បែងភ្នាល់ តាម​ម៉ាស៊ីន អេ​ឡិច​ត្រូ​និ​ច តាមរយៈ​អ៊ិន​ធឺ​ណេ​ត អន​ឡាញ ក្នុង និង​ក្រៅប្រទេស នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​នេះ​តទៅ​។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រ នៅថ្ងៃទី៣០ ខែសីហា បាន​ចេញបទបញ្ជា ឲ្យបញ្ឈប់អាជីវកម្មល្បែងភ្នាល់ តាមរយៈអ៊ីនធើណេតអនឡាញ ឲ្យអស់ត្រឹម​ដំណាច់ឆ្នាំ២០១៩។ សម្ដេចតេជោ បានគូសញ្ជាក់ថា ប្រទេសកម្ពុជាត្រូវអភិវឌ្ឍសេដ្ឋកិច្ច ដោយឈរ​លើមូលដ្ឋាន នៃសេវាទេសចរណ៍វប្បធម៌ និងធម្មជាតិ ជាជាងការពឹងផ្អែកលើចំណូល ពីអាជីវកម្ម​ល្បែងភ្នាល់អន​ឡាញ​។

គួរជម្រាបផងដែរថា ពាក់ព័ន្ធនឹងវិធានការនេះដែរ ប្រទេស​ចិន​ក៏​បានប្រកាសគាំទ្រ និងកោត​សរសើរ​កម្ពុជា​ចំពោះ​វិធាន​ការ​ប្រឆាំង​នឹង​ល្បែង​ភ្នាល់​តាម​អ៊ីនធឺណែត​​ ដែល​​មន្ត្រី​ការទូត​ចិន​បាន​ហៅ​វិធាន​ការ នេះ​ថា​ នឹង​នាំ​មក​នូវ​ផល​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ។ រីឯ​រាជរដ្ឋាភិបាលកម្ពុជា បានចាត់​ទុក​វិធានការនេះ ថាជាការគ្រប់គ្រង​ជនអន្តោប្រវេសន៍ ​ប្រកបដោយប្រសិទ្ធភាព៕​

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com