ព្រះនារាយណ៍ មានទំនាក់ទំនងនឹង ព្រះព្រហ្ម តាមរយៈសិល្បៈខ្មែរ

(ភ្នំពេញ)៖ អាទិទេពសំខាន់ៗ កំពូល៣អង្គ ក្នុងសាសនាព្រាហ្មណ៍ គឺ «ព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវៈ»។ តាមរយៈសិល្បៈចម្លាក់ នៅក្នុងសង្គមខ្មែរ គេបានឃើញថា​ ព្រះវិស្ណុ គឺជាចំណង ទំនាក់ទំនង នៃអាទិទេព ទាំងពីរ ស្របទៅតាមការបង្ហាញ ​អំពី តូនាទី របស់​ព្រះអង្គជាអ្នកទ្រទ្រង់លោក។

តើមានលក្ខណៈយ៉ាងណា ចំពោះចម្លាក់ក្នុងសិល្បៈខ្មែរ ដែលបង្ហាញអំពី ទំនាក់ទំនង រវាង ព្រះវិស្ណុ និង ព្រះព្រហ្ម?

មុននឹងបញ្ជាក់ដោយការឆ្លើយនៃសំណួរនេះ ខ្ញុំនឹងលើក អំពី ទំនាក់ទំនងរវាង ព្រះវិស្ណុ​ និង ព្រះឥសូរ ជាមុនសិន។ តាមទស្សនៈខ្មែរបុរាណបានឲ្យដឹងថាមានការបញ្ចូលគ្នា រវាងបដិមាព្រះវិស្ណុ និង បដិមាព្រះឥសូរ ដែលមានឈ្មោះថ្មីមួយ​ហៅថា «ព្រះហរិហរៈ»។

បដិមានេះ​ មានអត្ថន័យក្នុងការ បង្រួបបង្រួម ជំនឿ ដល់ព្រាហ្មណ៍បរិស័ទ ឲ្យមានការសាមគ្គីគ្នា ជាធ្លុងមួយ​ តាមរយៈការរួបរូម មូលមតិគ្នា ទៅលើព្រះ ហរិហរៈ ដែលជាការរួមផ្សំ នៃ អាទិទេព ទាំងពីរ។​

បន្ទាប់ទៅនេះ ខ្ញុំសូមវិភាគ​ អំពី ចម្លាក់ នៅក្បាល ស្ពាន ជើងភ្នំគូលែន នៃខេត្តសៀមរាប ដែលកសាងឡើងនៅ ចុងសតវត្សរ៍ទី១១ និងនៅដើមសតវត្សរ៍ទី១២ ដោយស្នាព្រះហស្ថ ព្រះមហាក្សត្រព្រះនាម ព្រះបាទ ឧទយាទិត្យាវរ្ម័ន ទីII មានចម្លាក់ ស្ដីអំពី ទំនាក់ទំនង  ព្រះវិស្ណុ និង ព្រះព្រហ្ម  ក្នុងឱកាសដែល ព្រះវិស្ណុ  ទ្រង់ផ្ទំលើនាគ ឆ្លងកាត់ មហាសាគរ។

កន្លងមកគេបានដឹងថា ព្រះវិស្ណុ  ជាអ្នកមាន ទ្រព្យសម្បត្តិ ស្ដុកស្ដម្ភ សមតាមបំណងប្រាថ្នា នៃមនុស្សជាតិទូទៅ។  ហេតុអ្វីបានគេយល់ថា  ព្រះវិស្ណុ ជាអ្នកមានទ្រព្យសម្បត្តិ​​ ស្ដុកស្ដម្ភ? មានចម្លើយយ៉ាងខ្លីថា ព្រះវិស្ណុ មានមហេសី ព្រះនាម នាងលក្សី ជា​ ទេវៈតំណាងឲ្យទ្រព្យសម្បត្តិ។

ចំពោះទស្សនៈខ្មែរ តែងយល់ថា «ទ្រព្យគង់ដ្បិតស្រី» ដែលមានន័យថា នៅក្នុងគ្រួសារនីមួយៗ កាលណាស្រ្ដីមេផ្ទះ មានទ្រព្យសម្បត្តិនោះ ក៏តែងធ្វើឲ្យគ្រួសារទាំងមូលមានជីវភាពធូរធារ ឬក្លាយទៅជាអ្នកមាន ទ្រព្យសម្បត្តិ នៃផ្ទះនោះតែម្ដង។ ជាពិសេស ស្រ្ដីជាមេផ្ទះ គឺស្រ្ដី តំណាងឲ្យទ្រព្យសម្បត្តិ នៃផ្ទះនោះតែម្ដង។

យ៉ាងនេះហើយទើប មានការវិភាគទូទៅ បានបញ្ជាក់ថា ព្រះវិស្ណុ ជាអ្នកមានទ្រព្យធនសម្បូរ ស្ដុកស្ដម្ភ ព្រោះព្រះអង្គ មានភរិយា ជា ទេវៈ​តំណាងឲ្យ ទ្រព្យសម្បត្តិនោះ។ តាមរយៈរូបចម្លាក់លើផ្ទាំងថ្ម នៅក្បាលស្ពាន បានបង្ហាញនូវ ព្រះឥរិយាបថ របស់ព្រះវិស្ណុ ផ្ទំលើ​នាគ ហើយដែលមាន មហេសី​ របស់ព្រះអង្គ គឺព្រះនាង លក្សី អង្គុយ ដាក់ភ្លៅ កល់ជើង ព្រះអង្គទៀតផង។

នេះគឺជាតំណាងឲ្យ សុភមង្គល សម្បូររុងរឿង នៃជីវភាព របស់ព្រះវិស្ណុ តាមរយៈទ្រព្យសម្បត្តិតែម្ដង ហើយដែលទ្រព្យសម្បត្តិ ទាំងនេះវាជាបំណងប្រាថ្នា របស់មនុស្ស ភាគច្រើនបំផុត។​ ទន្ទឹមនេះដែរបើសម្លឹងមើល បដិមា​នោះ គឺ មានដើមឈូក មួយទង ចេញពីផ្ចិត របស់ព្រះអង្គ បង្កើតបានជា ផ្កាឈូក រីកឡើង តំណាងឲ្យ បល្ល័ង្ក ដែលមាន ព្រះព្រហ្ម កំពុងគង់ ពែនភ្នែន ទៀតផង។ ត្រង់នេះគេសួរថា ហេតុអ្វី បានជាមានដើមឈូកដុះចេញពី ផ្ចិត របស់ព្រះវិស្ណុ? បដិមានេះ មានបង្កប់ទៅដោយទស្សនៈ ដូនតា និងបុព្វបុរសពីបុរាណ ប្រកបដោយ អត្ថន័យ យ៉ាងជ្រាវជ្រៅបំផុត។

ខ្ញុំនឹងវិភាគទៅតាមការយល់ឃើញ ផ្ទាល់ខ្លួនដូចតទៅនេះ៖

ផ្កាឈូក តំណាងឲ្យភាពល្អ បរិសុទ្ធ ហើយដែល​ឈូកនោះដុះចេញពីផ្ទៃពោះ របស់ព្រះវិស្ណុ នោះមានន័យថា ពោះឆ្អែត ឬពោះលែងឃ្លាន ព្រោះមានអាហារ បរិភោគ គ្រប់គ្រាន់ នោះទើបចិត្តល្អ និងសប្បុរសធម៌កើតមាន។ ព្រោះចិត្ត របស់មនុស្ស តែងតែមានការ​ទាក់ទងទៅនឹងបញ្ហាពោះដូចពាក្យថា «ពោះឃ្លានហ៊ានឈ្លោះ»។

សង្ខេបមក ចំពោះជីវភាពធូរធារ ឬមានទ្រព្យសម្បត្តិនោះ ទើបមានធម៌ ដែលធម៌សម្រាប់ ដឹកនាំឲ្យ បានសេចក្ដីសុខ។ មានន័យបញ្ជាក់ថា​ ព្រះសិវៈ ជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ដែលធ្វើឲ្យព្រះអង្គ បានបំពេញតួនាទី ជាអ្នកទ្រទ្រង់លោក បានប្រកបដោយប្រសិទ្ធភាព។ ជាពិសេស គឺមានការទ្រទ្រង់ ឬជាការលើកស្ទួយ នូវជោគជ័យ នៃការបង្កើតថ្មី បន្តទៀត ដែលការបង្កើតថ្មីនេះ នៅលើតួនាទីរបស់ព្រះព្រហ្មតែម្ដង។ យ៉ាងនេះហើយ ទើបគេឃើញ សិល្បៈខ្មែរ ស្ដីពីចម្លាក់ ដែលបង្ហាញពី ទំនាក់ទំនងរវាង ព្រះវិស្ណុ និង ព្រះព្រហ្ម នោះ៕ (ដោយ៖ លី ហាក់សេង)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com