ប្រជាប្រិយភាពនៃការនិយម បដិមាលោកេស្វរៈ មកដល់បច្ចុប្បន្ននេះ

(ភ្នំពេញ)៖ តាមរយៈជំនឿផ្នែកព្រះពុទ្ធសាសនា បានបង្ហាញពីវត្តមាន ព្រះពោធិសត្វ លោកេស្វរៈ ដែលជាបុគ្គលឆ្នើម ក្នុងការកសាងបារមី ដោយមិនទាន់បានត្រាស់ដឹងជាព្រះពុទ្ធនៅឡើយ។

គេយល់បន្តទៀតថា ព្រះពោធិសត្វ ក៏ជាមនុស្ស ហើយក៏ជាអ្នករកសេចក្ដីសុខ​ឲ្យមនុស្សនៅក្នុងសង្គម តាមដោយគន្លងទ្រឹស្ដីព្រះពុទ្ធសាសនា។

ជំនឿព្រះពុទ្ធសាសនា ដែលហូរចេញពីប្រទេសឥណ្ឌា មកកាន់អាណាចក្រនគរភ្នំ ជាមួយនឹងព្រហ្មញ្ញសាសនា តាំងពី សតវត្សរ៍ទី១ នៃគ្រិស្ដសករាជមកម្លេះ។ ក្នុងជំនឿព្រះពុទ្ធសាសនានេះហើយ ដែលបានលើកកម្ពស់ដល់ជនដែលបានប្រព្រឹត្តនូវកុសលធម៌ ប្រកបដោយជំនឿស៊ប់ឥតងាករេនោះឡើយ។

ជាពិសេសអ្នកដែលមានបំណងបានត្រាស់ដឹងជាព្រះពុទ្ធនៅអនាគតជាតិនោះហើយ ដែលគេហៅថា ជាព្រះពោធិសត្វ។ ជាមួយនេះដែរ តាមរយៈពុទ្ធសាសនាមហាយាន គឺព្រះពោធិសត្វ នេះហើយដែលដើរតួរយ៉ាងសំខាន់ ក្នុងការ ដឹកនាំសង្គមមនុស្សនាពេលបច្ចុប្បន្ននេះ។

គេបានបន្តឲ្យដឹងទៀតថា ចំពោះព្រះពុទ្ធទ្រង់យាងចូលនិព្វានហើយ គឺនៅតែព្រះពោធិសត្វទេ ដែលនៅជាមួយសង្គមនុស្ស ហើយបានដឹកនាំ និងបង្ហាញផ្លូវឲ្យមនុស្សបានឆ្ពោះទៅរកសេចក្ដីសុខនោះ។ នេះហើយដែលជា​មូដ្ឋាននៃជំនឿនទៅលើព្រះពោធិសត្វ លោកេស្វរៈ​ ជាពិសេសនៅសម័យអង្គរ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ តែម្ដង។

កាលណោះព្រះបាទជ័យវរ្ម័នទី៧  ព្រះអង្គដឹកនាំប្រទេសជាតិ តាមរយៈការប្រមូលកម្លាំង​ ប្រកបដោយប្រសិទ្ធភាព ពីមូលដ្ឋាននៃពុទ្ធសាសនា មហាយាន​ ដែលមានការនិយម ពិធិសការបូជាព្រះពោធិសត្វ លោកេស្វរៈ។ យ៉ាងនេះហើយ ទើបរឿងវប្បធម៌ នាពេលនោះបានបង្ហាញតាមរយៈកំពូលប្រាង្គប្រាសាទ​ រំលេចទៅដោយ ព្រះភក្រ្ដទាំង៤ នៃព្រះពោធិសត្វ លោកេស្វរៈ តែម្ដង។

ជាការពិតណាស់ បដិមា តំណាងព្រះភក្រ្ដ ព្រះពោធិសត្វ លោកេស្វរៈ នាសម័យនោះ បង្កើតបាន ជារចនាប័ទ្ម បាយ័ន ដ៏ពោរពេញដោយប្រជាប្រិយភាពបំផុត។ មានន័យថា​ ព្រះភក្រ្ដទាំង៤ នោះបាន ពេចពិលរមិលមើលសព្វទិសទី ទាំងអស់ក្នុងការថែរក្សា សំដៅ ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋតែម្ដង។

អ្វីដែលជាការកត់សម្គាល់ កាន់តែកក់ក្ដៅ នៃប្រជាពលរដ្ធនោះ គឺព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន ដោយព្រះអង្គ ដឹងពីសេចក្ដីសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់ទិសទីទាំងអស់។ លើសពីនេះទៅទៀត ក៏មានផ្ទាំងអក្សរសរសេរលើថ្ម(សិលាចារឹក) បានបង្ហាញជាក់ស្ដែងនូវ ព្រះរាជបន្ទូលរបស់ព្រះបាទជ័យវរ្ម័នទី៧ ថា៖ «ទុក្ខព្រួយរបស់ប្រជារាស្រ្ដ ជាទុក្ខព្រួយរបស់ព្រះអង្គ»។

ដោយសារតែព្រះបាទជ័យវរ្ម័នទី៧  ព្រះអង្គដឹងនាំប្រទេសជាតិឲ្យមានការរីកចម្រើន តាមរយៈជំនឿរបស់ព្រះអង្គ លើពុទ្ធសាសនា មហាយាន ក្នុងការគោរពបដិមា ព្រះពោធិសត្វ លោកេស្វរៈ ពិតប្រាកដ។ យ៉ាងនេះហើយ ទើបសិល្បករ ឆ្លាក់ថ្ម បានឆ្លាក់ ព្រះភក្រ្ដ ព្រះពោធិសត្វ លោកេស្វរៈ មានលក្ខណៈ ស្រដៀលទៅនឹង ព្រះភក្រ្ដ​ ព្រះបាទជ័យវរ្ម័នទី៧ ផងដែរ។

ការរីកចម្រើនខ្ពស់ក្នុងសង្គមខ្មែរ​ នាសម័យ ព្រះបាទជ័យវរ្ម័នទី៧ ដែលព្រះអង្គ យកតាមលំនាំ នៃព្រះពុទ្ធសាសនា បានធ្វើឲ្យ សម័យក្រោយ អង្គរ គឺសម័យ លង្វែក សម័យឧដុង្គ និងបន្តមកដល់សម័យបច្ចុប្បន្ននេះ នៅតែសរសើ ពីភាពល្បីល្បាញនៃភាព ជាអ្នកដឹងនាំ ដ៏ប៉ិនប្រសប់របស់ព្រះអង្គ ធ្វើឲ្យប្រទេសជាតិ មានវឌ្ឍនភាព  ដ៏រុងរឿងអស្ចារ្យ។

នេះហើយដែលជា មូលហេតុនៃការ និយម បដិមា ព្រះពុទ្ធសាសនា លោកេស្វរៈ មកទល់នឹងបច្ចុប្បន្ននេះ។ ប៉ុន្តែបច្ចុប្បន្ន សំណង់អគារទាំងឡាយ ធ្វើឡើងដោយ ស៊ីម៉ងត៍នោះដូចជា កំពូល​ចេតិយ កំបូលព្រះបរមរាជវាំង កំពូលអគារ រដ្ធសភា…។ ល។ សុទ្ធតែរំលេច ឡើងដោយ ព្រះភក្រ្ដទាំង៤ នៃព្រះពោធិសត្វ លោកេស្វរៈ ឬជាតំណាងព្រះភ្រ្ដ ព្រះបាទជ័យវរ្ម័នទី៧ ទុកជាការចងចាំ បន្តជារៀងរហួត។ ជាពិសេសព្រះភក្រ្ដទាំង៤ នៃបដិមានោះ បានតំណាង ជានិមិត្តរូប នៃ​ថ្នាក់ដឹងនាំប្រទេសជាតិ ដែលស្វែងរកបានសន្តិភាព និងការអភិវឌ្ឍ ជូនជាតិមាតុភូមិពិតប្រាដក៕ (ដោយ៖ លី ហាក់សេង)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com