សាលា​រាជធានី​ភ្នំពេញ បញ្ចេញ​ឡានក្រុង ១២០​គ្រឿង ដឹក​ប្រជាពលរដ្ឋ​ឥតគិតថ្លៃ ភ្នំពេញ​-​បណ្តា​ខេត្ត​នានា អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ ពីថ្ងៃ​ទី​២៦-៣០​កញ្ញា

(​ភ្នំពេញ​)៖ ដើម្បី​ជួយ​សម្រួល​បន្ទុក​ចំណាយ​ដល់​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត​ទាំងអស់ ដែល​ធ្វើដំណើរ​ទៅ​ស្រុកកំណើត ជួបជុំ​បងប្អូន​ក្រុមគ្រួសារ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​រថយន្តក្រុង ១២០​គ្រឿង សម្រាប់​បម្រើសេវា​ដឹកជញ្ជូន​សាធារណៈ រយៈពេល ០៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៦-៣០ ខែកញ្ញា ឆ្នាំ​២០១៩ និង​ចេញដំណើរ​ចាប់ពី​ម៉ោង ០៥:៣០ នាទី​ព្រឹក រៀងរាល់ថ្ងៃ ដោយ​មិន​គិត​កម្រៃ​សេវា​។​

​ក្នុង​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ សាលា​រាជធានី​ភ្នំពេញ ក៏បាន​បង្ហាញ​ទីតាំង​ចេញដំណើរ​ពី​ភ្នំពេញ ទៅតាម​បណ្តា​ខេត្ត​នានា ក្នុងនោះ រួមមាន តាមផ្លូវ​ជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៨​។​

​ជាមួយគ្នា​នោះ អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ ដូច​រៀងរាល់ឆ្នាំ និង​ដូច​អំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​ដែរ គឺ​ប្រជាពលរដ្ឋ អាចធ្វើ​ដំណើរ​តាម​រថយន្តក្រុង និង​កាណូត​ដឹក​អ្នកដំណើរ នៅ​ភ្នំពេញ ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​២៦-៣០ ខែកញ្ញា ឆ្នាំ​២០១៩ ផងដែរ​។​

​សាលា​រាជធានី​ភ្នំពេញ ក៏បាន​ប្រកាស​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់ ឲ្យ​រក្សា​ដឹកជញ្ជូន​នៅ​ដដែល ដោយ​ពុំ​ដំឡើងថ្លៃ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការជួយ​សម្រួល​ដ​ល់​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com