សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​អំណោយ​មនុស្សធម៌ ជូន​ចាស់ជរា គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ កុមារកំព្រា ជនពិការ និង​អ្នក​ផ្ទុកមេរោគ​អេដស៍ នៅ​ខេត្ត​ត្បូងឃ្មុំ​

(​ខេត្ត​ត្បូងឃ្មុំ​)៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ដឹកនាំ​គណ​:​ប្រតិភូ និង​សហការី​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌ ជូន​ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​មានកូន​ច្រើន កុមារកំព្រា ជនពិការ និង​អ្នក​ផ្ទុកមេរោគ​អេដស៍ ចំនួន ១,៧៧១ គ្រួសារ​។ ពិធី​នេះ បានធ្វើ​ឡើង នា​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន ចារ​ថ្មី ស្ថិតនៅ​ភូមិ​ចារ​ធំ ឃុំ​ចុង​ជា​ច ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។​

​ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​កូន​ច្រើន កុមារកំព្រា ជនពិការ និង​អ្នក​ផ្ទុកមេរោគ​អេដស៍ ចំនួន ១៧៧១ គ្រួសារ ដែល​ទទួល​អំណោយ​ផ្ទាល់​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​៣១​សីហា​នេះ មកពី ៣០​ឃុំ ក្នុងស្រុក​ចំនួន​៥ គឺ​ស្រុក​ក្រូចឆ្មារ ស្រុក​ត្បូងឃ្មុំ ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់​។​

​ក្នុងឱកាស​ជួប​សំណេះសំណាល និង​ចែក​អំណោយ​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​៖
– សូម​ថែទាំ​សុខភាព​ឲ្យ​បានល្អ ដើម្បី​កាត់បន្ថយ​ការចំណាយ​ក្នុង​គ្រួសារ ដោយ​ត្រូវ​រស់នៅ​មាន​អនាម័យ ពិសា​ទឹក​ដាំ​ឆ្អិន និង​បរិភោគ​អាហារូបត្ថម្ភ​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ជំងឺលើសឈាម ជំងឺ​បេះដូង ឈឺសន្លាក់ ឬ​ទឹកនោមផ្អែម​។​ល​។

-​សូម​សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ លុបបំបាត់​ជម្រក​សត្វ​មូស គេង​ក្នុង​មុង​ជានិច្ច ជៀសវាង​ជំងឺគ្រុនឈាម​-​គ្រុនចាញ់ ហើយ​ប្រសិនបើ​ក្តៅខ្លួន ឬ​ចេញ​រោគសញ្ញា​ណាមួយ​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​ជាបន្ទាន់ ជៀសវាង​បណ្តែតបណ្តោយ​ពេលវេលា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​។

– សូម​ស្ត្រី​មាន​ផ្ទៃពោះ អញ្ជើញ​ទៅពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់ អនុវត្តតាម​ការណែនាំ​របស់​គ្រូពេទ្យ និង​ទៅ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត​។

– សូម​ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​ផ្ទុកមេរោគ​អេដស៍​ត្រូវ​ទៅពិនិត្យ​សុខភាព និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​បង្ការ​ការឆ្លង​មេរោគ​ពី​ម្តាយ​ទៅ​កូន​។

– សូម​ចូលរួមចំណែក​ទាំងអស់​គ្នា លុបបំបាត់​គ្រឿងញៀន គ្រឿង​ស្រវឹង និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដើម្បី​លើកកម្ពស់​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។

– សូម​ប្រជាពលរដ្ឋ​គិតគូរ​ពី​សុវត្ថិភាព​ចរាចរណ៍ ដែលជា​បញ្ហា​ប្រឈម​បង្ក​ឲ្យ​មានការ​ស្លាប់ និង​ពិការ​ភាពជា​រៀងរាល់ថ្ងៃ​។

– និង​សូម​ឪពុកម្តាយ អាណាព្យាបាល ប្រុងប្រយ័ត្ន​ចំពោះ​កូនៗ​របស់ខ្លួន​ទៅលេង​នៅ​ស្រះ​ទឹក បឹងបួរ ដែល​អាច​លង់ទឹក​ស្លាប់​ដោយ​ប្រការ​ណាមួយ​។

​សូមជម្រាបថា នៅ​ខេត្ត​ត្បូងឃ្មុំ សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ចែក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ នៅ​ស្រុក​តំបែរ កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៦ ចំនួន ១ ៤៥០​គ្រួសារ​។

​ក្រៅពី​ស្រុក​តំបែរ​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​ធ្លាប់បាន​ចុះ​ចែក​អំណោយ​នៅ​ស្រុក​ពញាក្រែក ចំនួន ១ ២០០​គ្រួសារ កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ ២០១៦ និង​ក្នុងពេល​ទឹកជំនន់ ឆ្នាំ​២០១៨ ចំនួន ២​លើក គឺ​នៅ​ទន្លេ​បិទ ចំនួន ១ ៤៤២ គ្រួសារ និង​នៅ​ចំការ​គរ ស្រុក​ក្រូចឆ្មារ ចំនួន ២ ៦៧១​គ្រួសារ​ផងដែរ​។

​កាកបាទក្រហមកម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែ​គិតគូរ​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ ដែលជា​ជន​ងាយ​រងគ្រោះ និង​រងគ្រោះ ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​នោះឡើយ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com