គណៈរដ្ឋមន្ត្រី អញ្ជើញ​ប្រធាន​អង្គការ​លីកាដូ និង​អង្គការ​ធាងត្នោត ចូលរួម​កិច្ចពិភាក្សា​ចង្អៀត ស្តីពី “​មីក្រូហិរញ្ញវត្ថុ និង​ផលប៉ះពាល់​” នៅ​ថ្ងៃទី​០៤​កញ្ញា​

(​ភ្នំពេញ​)៖ ឯកឧត្តម ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​របស់​រាជរ​ដ្ឋា​ភិ​បាល បាន​សរសេរ​លិខិតផ្លូវការ ២ ច្បាប់ អញ្ជើញ​លោកស្រី​វេជ្ជបណ្ឌិត ពុង ឈី​វ​កេក ប្រធាន​អង្គការ លីកាដូ និង​លោក សឿង សារ៉ន នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត ដើម្បី​ចូលរួម​ជា​ភ្ញៀវកិត្តិយស ក្នុង​កិច្ចពិភាក្សា​ចង្អៀត ស្តីពី “​មីក្រូហិរញ្ញវត្ថុ និង​ផលប៉ះពាល់​” នៅ​ម៉ោង ២ និង ៣០​នាទី រសៀល​ថ្ងៃទី​០៤​កញ្ញា ឆ្នាំ​២០១៩​។ កិច្ចពិភាក្សា​នេះ នឹងធ្វើ​ឡើង នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​ក្នុង​លិខិត លើកឡើងថា អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នឹង​រៀបចំ​កិច្ចពិភាក្សា​ចង្អៀត ស្តីពី “​មីក្រូហិរញ្ញវត្ថុ និង​ផលប៉ះពាល់​” នៅក្នុង​បរិបទ ភាពជា​ដៃគូ សម្រាប់​សិទ្ធិ​នៃ​ការ​បញ្ចេញយោបល់ និង​សិទ្ធិ​ទទួលបាន​ព័ត៌មាន ដើម្បី​ធានាបាន​នូវ​ការទទួល​ព័ត៌មាន​ពិត​សម្រាប់​សាធារណជន​។​

​លិខិត​ទាំងពីរ​នោះ ត្រូវបាន​ប្រគល់​ដល់​អ​ង្គ​ការ​លីកាដូ និង​សមាគម​ធាងត្នោត ដោយមាន​ហត្ថលេខា​របស់​អ្នកទទួល​លិខិត កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩​។ តែ​មិនទាន់មាន​ការឆ្លើយតប​ពី​ប្រធាន​អង្គការ​ស​មាគ​ទាំងពីរ​ថា នឹងចូលរួម ឬក៏​នឹង​បញ្ជូន​តំណាង ឲ្យ​ចូលរួម​កិច្ចពិភាក្សា​ចង្អៀត ដែល​នឹង​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​រសៀល​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ នៅឡើយ​ទេ​។​

​សូម​រម្លឹកថា អង្គការ លីកាដូ និង​សមាគម​ធាងត្នោត បានចេញ​របាយការណ៍ កាលពីពេល​ថ្មីៗ​នេះ ដោយ​លើកឡើងថា ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន ដែល​បាន​ខ្ចីលុយ​ពី​ធនាគារ គឺជា​បំណុល​វ័ណ្ឌក​។ របាយការណ៍​នេះ នាំ​ឲ្យ​មានប្រតិកម្ម ពី​រាជរដ្ឋាភិបាល ក៏ដូចជា​សមាគម​មីក្រូ​ហិរញ្ញវត្ថុ ភ្លាមៗ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com