បុព្វហេតុនៃការកសាងប្រាសាទព្រះខ័ន

(ភ្នំពេញ)៖ ប្រាសាទព្រះខ័ន បច្ចុប្បន្ននេះឋិតក្នុងខេត្តសៀមរាប ដែលជាទីអារាម ដ៏ធំមួយក្នុងព្រះពុទ្ធសាសនាមហាយាន កសាងដោយ ព្រះបាទជ័យវរ្ម័នទី៧ ក្នុងគ.ស១១៩១ នៅលើទំហំដីចំនួន៥៦ហិកតា គឺមានបណ្តោយ៨០០ម៉ែត្រ និងទទឹង៧០០ម៉ែត្រ។

ប្រាសាទព្រះខ័ន គឺជាការឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខ័ន្ធមហាកុសល ព្រះបិតា របស់ ព្រះបាទបាទជ័យវរ្ម័នទី៧ ដែលព្រះអង្គមានជំនឿ ខាងព្រះពុទ្ធសាសនាមហាយាន។ នេះគឺជា កិច្ចតមស្នងសងគុណព្រះបិតា ព្រមទំាងមានការលើកតម្កើង ប្រកបដោយការគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ទៀតផង។

ជាពិសេស ព្រះបាទជ័យវរ្ម័នទី៧ បានចារឹកនូវអក្សរក្នុងសិលាចារឹកយ៉ាងច្បាស់លាស់កាលពី គ.ស១១៩១ ដោយបញ្ជាក់ថា «ការគោរពសក្ការៈ ព្រះពោធិសត្វ លោកេស្វរៈមួយអង្គព្រះនាម ” បរមជ័យស្វរៈ ” នៅប្រាសាទព្រះខ័ននេះទុកដូចជា ការគោរពបូជាព្រះបិតារបស់ព្រះអង្គដែរ»។

មានន័យថា ព្រះបាទជ័យវរ្ម័នទី៧ បានចាត់ទុកប្រាសាទព្រះខ័ន ជាទីអារាម ជាវិមាន​ដ៏ក្សេមក្សាន្តប្រកបដោយ អម្រឹតជាតិនៃពុទ្ធឱវាទ ដែលជាការគង់ប្រថាប់នៃព្រះវិញ្ញាណក្ខ័ន្ធ ព្រះបិតារបស់ព្រះអង្គ។ ជាពិសេស ព្រះវិញ្ញាក្ខ័ន្ធ របស់ព្រះបិតារបស់ព្រះអង្គបានជួបនឹងព្រះ និងបានប្រទះនឹងធម៌។ ឯអ្វីដែលជាការកត់សំគាល់នោះគឺ បុញ្ញកុសល ប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅរបស់ព្រះបាទជ័យវរ្ម័នទី៧ បានចាត់ទុក តំណាងនៃបដិមាព្រះពោធិសត្វលោកេស្វរៈ ដ៏ចម្បងនៅទីនោះហាក់ដូចជារូបស្នងអង្គនៃព្រះបិតារបស់ព្រះអង្គយ៉ាងនោះដែរ។

ម្យ៉ាងទៀត តាមរយៈឯកសារ ប្រវត្តិសាស្រ្តរបស់លោក ហ្ស៊កសឺ ដែលបានបញ្ជាក់ថា ប្រាសាទសមជាឈ្មោះថា «ព្រះខ័នពិតមែន» ថ្វីដ្បិតតែមានឈ្មោះថ្មី ថាព្រះខ័នដែលគេនិយមហៅថា ព្រះខ័នរាជ្យ។ គឺព្រះខ័នរាជ្យ នេះហើយដែលជានិមិត្តរូបនៃអំណាច របស់ព្រះមហាក្សត្រក្នុងការប្រយុទ្ធដោះស្រាយ បញ្ហាចំពោះមុខ ដើម្បីឲ្យបានជោគជ័យ។

ទន្ទឹមនេះដែរ តាមរយៈឯកសារតំបន់ទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា របស់លោក កែវ ភួង ទំព័រ១៤៦ បានបញ្ជាក់ថា ទីកន្លែងសំណង់ប្រាសាទេព្រះខ័ននេះ ជាទីសមរភូមិ ចុងក្រោយព្រះបាទជ័យវរ្ម័នទី៧ បានផ្តួលរំលំចាមបានសម្រេចជោគជ័យ។

នេះហើយដែលជាទឹកដីដែលមានអំណាចដ៏ស័ក្តិសិទ្ធ ទើបគេអាចសន្និដ្ឋានថា ការសាងសង់ប្រាសាទនេះ «ស័ក្តិសិទ្ធិ » និង « ស័ក្តិសម» នឹងឈ្មោះថា «ប្រាសាទព្រះខ័ន» ដែលបន្តមកពីឈ្មោះដើមថា «ក្រុងជ័យស្រី»។ បើយើងគិតពីឈ្មោះ ថាប្រាសាទ ជ័យស្រី នោះក៏មានន័យថាជា «ជោគជ័យ និងសេរីសួស្តី» ពិតប្រាកដ។

ប្រការដែលមជ្ឈដ្ឋាន អ្នកប្រវត្តិសាស្រ្ត ជាច្រើនបានផ្សព្វផ្សាយជាទូទៅនោះគឺ មជ្ឈមណ្ឌល នៃប្រាសាទព្រះខ័ន ជាការសិក្សា កម្រិតឧត្តមសិក្សានៅសម័យអង្គរដែលមានឈ្មោះថា មហាវិទ្យាល័យ “ជ័យស្រី” ។ បានសេចក្តីថា នៅសម័យអង្គរមានកម្រិតនៃការសិក្សារបស់យុវជន និងនិស្សិត ដល់ថ្នាក់ឧត្តមសិក្សាក្នុងមជ្ឈមណ្ឌលសិក្សា ផ្នែកមហាវិទ្យាល័យ ឬសកលវិទ្យាល័យដូចសម័យបច្ចុប្បន្ននេះដែរ។

កប្បីបញ្ជាក់ថា កម្រិតសិក្សាផ្នែក មហាវិទ្យាល័យ នៅសម័យអង្គរមាន២ កន្លែង គឺ «រាជវិហារ(ប្រាសាទតាព្រហ្ម)» និង «ជ័យស្រី(ប្រាទព្រះខ័ន)»។

ដូចនេះនៅសម័យអង្គរ ក្នុងរជ្ជកាលរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គេឃើញវិស័យនៃការសិក្សាអប់រំឡើងដល់កំពូល គឺ មានលក្ខណៈប្រហាក់ប្រហែល និងវិស័យអប់រំសម័យបច្ចុប្បន្ននេះដែរ ដែលមានមហាវិទ្យាល័យ និងមានបញ្ញាវន្តថ្នាក់បណ្ឌិតទៀតផង។ ជាក់ស្តែងដូចប្រាសាទព្រះខ័ន ដូចបានរៀបរាប់ខាងលើនេះ គឺជាមជ្ឈមណ្ឌលសិក្សាដ៏រីកចំរើន ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយចំណេះដឹងស្របតាមការនិយម ឬជាតម្រូវការទីផ្សារ នាសម័យអង្គរពិតប្រាកដ៕ (ដោយ លី ហាក់សេង)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com