ប្រវត្តិព័ត៌មានអំពីព្រះលានបញ្ជល់ដំរី ខេត្តសៀមរាប

(សៀមរាប)៖  នៅអង្គរធំមានព្រះរាជលានមួយកន្លែងដែលមានបណ្តោយ៥៥០ម៉ែត្រ និងទទឹង២០០ម៉ែត្រ ដែលមានទីលានបញ្ជល់ដំរី និងទីលានស្តេចគម្លង់។ ប៉ុន្តែ នាពេលនេះយើងលើកយកតែប្រវត្តិព័ត៌មាន អំពីព្រះលានបញ្ជល់ដំរីប៉ុណោ្ណះ។

បើតាមឯកសារតំបន់ទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ទំព័រ១២៧ ដែលមានអត្ថបទក្រោមចំណងជើងថា ” ព្រះលានជល់ដំរី ” បានសរសេរថា  ព្រះលានបញ្ជល់ដំរី ឋិតនៅខាងមុខនៃគោបុរៈខាងកើតនៃកំពែង ព្រះបរមរាជវំាង។

ព្រះលាននេះកសាងឡើងដោយព្រះបាទជ័យវ្ម័នទី៧ ក្នុងចុងសតវត្សរ៍ទី១២ ប៉ុន្តែក៏មានឯកសារខ្លះទៀតបានបញ្ជាក់បន្ថែមថា ការកសាងបង្ហើយឲ្យបានសម្រេចជាស្ថាពរនៅដើមសតវត្សទី១៣ នៃរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧ដដែល។

ចំពោះបណ្តោយនៃទីលាននេះ មានប្រវែង៣០០ម៉ែត្រ គឺចាប់ពីប្រាសាបាពួន ដល់ព្រះលានស្តេចគំលង់។ លាននេះមានសំណង់នៅចំហៀងខាងលិច ទំនងជាកន្លែង គង់ទតនៃព្រះរាជា នាម៉ឺនសព្វមុខមន្រ្តី និងប្រជានុរាស្រ្តផង ក្នុងពេលប្រារព្វពិធីសំខាន់ៗ របស់ជាតិ ឬក៏ជាទីលាននៃការទស្សនាកំសាន្តទំាងសិល្បៈ ល្បែងប្រជាប្រិយ ឬសំខាន់ជាងនេះទៅទៀត គឺការបញ្ជាល់ដំរី ដែលជាការកត់សំគាល់ឈ្មោះនៃព្រះលាននេះតែម្តង។

ប្រការដែលភ្ញៀវទស្សនាព្រះលានបញ្ជល់ដំរីក្នុងពេលបច្ចុន្ននេះ គឺទស្សនានូវសំណង់ អំពីថ្ម ដែលមានចម្លាក់ក្បាច់ក្បូរជាច្រើន ជាមរតកវប្បធម៌បុរាណរបស់ខ្មែរក្នុងសម័យអង្គរ។ គឺស្ថាបត្យកម្មនេះគេរៀបចំ ដូចជាជញ្ជាំងរឿងប៉ែកខាងលិច នៃព្រះលានតាមរយៈរានហាលបី និងមាន២ជាន់។

ក្បាច់ចម្លាក់ និងបដិមានៅលើថ្ម មានលក្ខណៈរស់រវើកនោះមាន រូបដំរី ក្បាលបី ២គូរ អមជណ្តើរ និងមានរូបដំរីជាច្រើនកន្លែងទៀតដែលហាក់ដូចជា ស្លាកសញ្ញា សម្រាប់សំគាល់ថា ទីនោះជាព្រះលានដំរី ឬព្រះលានជាសង្វៀនសម្រាប់បញ្ជល់ដំរី។

ក្រៅពីនោះ មជ្ឈដ្ឋាននានាតែងមានការចាប់អារម្មណ៍ ត្រង់ចំណុចខាងជើងផុតនៃរានហាលខាងក្រោយ នៅជញ្ជាំងខាងក្រៅ មានរូបសំណាក់សេះក្បាល៥។ គេបានអះអាងថា សេះនេះជាតំណាងនៃសេះរបស់ព្រះរាជា ដោយសារគេឃើញមានឆត្ររួតនៅខាងលើ។

ប៉ុន្តែចំពោះ មជ្ឈដ្ឋានអ្នកវិភាគខាងជំនឿសាសនា ស្របតាមសម័យកាលនោះបានបញ្ជាក់ថា សេះនេះតំណាងឲ្យ ព្រះពោធិសត្វ  លោកេស្វៈ​ដូចជា ចម្លាក់សេះនៅប្រាសាទ នាគព័ន្ធដែរ គឺសេះនេះជាការប្រែក្រឡា ពីលោកេស្វរៈ ឈ្មោះថា “បាឡាហៈ” ។ ក្រៅពីនោះគេឃើញមានចម្លាក់ នាគគ្រុឌ នរសិង្ហ និងតោ ព្រមទាំងទេពអប្សរជាច្រើន គួរឲ្យគយគន់ មិនចាញ់និងការស្សនាប្រាង្គប្រាសាទនានានោះឡើយ។

មជ្ឈដ្ឋាន ជាច្រើនបានធ្វើការវិភាគថា ទីលានបញ្ជល់ដំរីនេះពិតជាមានការបញ្ជល់ដំរីកាលពីបុរាណមកមែន ព្រោះមានភ័ស្តុតាង គឺមានចម្លាក់ដំរីដ៏ច្រើននៅ តាមជញ្ជាំងខឿននៃទីលាន។ ម្យ៉ាងទៀតចំពោះការនិយមប្រើប្រាស់ សត្វដំរីនៅសម័យអង្គរ​ចាត់ទុកជាមធ្យាបាយដ៏ប្រសើរ និងខ្លំាងក្លាបំផុត ហើយក៏ជាព្រះទីន័ង នៃព្រះមហាក្សត្រសម្រាប់ធ្វើជាយាន្តជំនិះផងដែរ។ ជាមួយនេះដែរដំរីក៏ជាសត្វមានកំលំាងអូសទាញថ្មក្នុងការកសាងប្រាសាទផង និងជំនួយដ៏សំខាន់ក្នុងការធ្វើសឹកសង្រ្គាម ដែលគេហៅថា«ទ័ពដំរី»។

មិនតែប៉ុណ្ណោះគេតែងបានចងចំារឿងនិទានអំពីការបញ្ជល់ដំរី ដូចជាការបញ្ជល់រវាងដំរីស្តេចខ្មែរ និងដំរីស្តេចលាវ (ឡាវ) និងរវាងដំរីស្តេចខ្មែរ ជាមួយដំរីស្តេចសៀម….ជាដើម។ ទីនោះមិនត្រឹមតែជាសង្វៀននៃការបញ្ជល់ដំរីនោះទេ គឺជាកន្លែងធ្វើបុណ្យផង កន្លែងកំសាន្តល្បែងល្បាំផងនៅក្នុងឱកាសបុណ្យជាតិម្តងៗ និងក៏ជាវាលព្រះមេរុ​ ក្នុងការ​រំលាយព្រះសពព្រះមហាក្សត្រទៀតផង៕ (ដោយ៖ លី ហាក់សេង)

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com