ឯកឧត្ដម តូច ប៉ូលីវ៉ា៖ ៧ចំណុចដើម្បីគ្រប់គ្រងសំរាម សំណល់រឹង និង៣ចំណុចគ្រប់គ្រងទីលានចាក់កាកសំណល់រឹងឲ្យមានប្រសិទ្ធិភាពនៅខេត្តស្វាយរៀង

(ស្វាយរៀង): នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្ដមអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារបរិស្ថាន និងការងាររៀបចំផែនការសកម្មភាពថវិកា សម្រាប់គ្រប់គ្រងសំរាម សំណល់រឹងក្នុងក្រុង ស្រុក នៅខេត្តស្វាយរៀង។

ក្រោមអធិបតីភាពលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងឯកឧត្ដម រាណ សុវណ្ណារិទ្ធិ តំណាងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងបរិស្ថាន លោក ហែម ស៊ីណា នាយករងរដ្ឋបាលសាលាខេត្ត លោក កើត សារឿន ប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង លោក អ៉ីង បូរ៉ា នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោក លោកស្រី អភិបាល អភិបាលរងស្រុកទាំង៧ លោកប្រធានការិយាល័យក្រុង ស្រុកទាំង៨ លោកមន្រ្តីនៃមន្ទីរបរិស្ថានខេត្ត។

ក្នុងនោះឯកឧត្ដមអភិបាលរងក៏បានមានប្រសាសន៍ថា៖ ដើម្បីទប់ស្កាត់បញ្ហាទាំងអស់នេះ សូមរដ្ឋបាល ក្រុង ស្រុក ទាំង៨ សហការជាមួយមន្ទីររៀបចំធ្វើផែនការរួចបញ្ចូលមករដ្ឋបាលខេត្ត ដើម្បីពិនិត្យនិងផ្តល់យោបល់ ។

ទន្ទឹមនឹងនេះ ដើម្បីឱ្យមានការគ្រប់គ្រងសំរាម សំណល់រឹង ក្នុងក្រុង ស្រុក មានប្រសិទ្ធិភាពរដ្ឋបាល ក្រុង ស្រុក ត្រូវ ៖

ទី១ -បង្កើតក្រុមទទួលខុសត្រូវ និងគ្រប់គ្រងការងារ កាកសំណល់រឹងទីប្រជុំជន។

ទី២ -រៀបចំទិន្នន័យ កាកសំណល់រឹងទីប្រជុំជន។

ទី៣ -រៀបចំផែនការគ្រប់គ្រង កាកសំណល់រឹងទីប្រជុំជន។

ទី៤ -រៀបចំផែនការសកម្មភាពប្រចាំឆ្នាំ។

ទី៥ -ចេញវិធានការសម្រាប់គ្រប់គ្រងសម្រាប់គ្រប់គ្រង កាកសំណល់រឹង។

ទី៦ -រៀបចំបង្កើតសេវាប្រមូល និងការគ្រប់គ្រងដំណើរការសេវាប្រមូល កាកសំណល់រឹងនៅទីប្រជុំជន។

ទី៧ -រៀបចំប្រតិភូកម្មមុខងារសំរាមមួយផ្នែកទៅឲ្យរដ្ឋបាលឃុំ សង្កាត់ជាអ្នកអនុវត្ត។

ជាមួយគ្នានេះដែរ ដើម្បីគ្រប់គ្រងទីលានចាក់កាកសំណល់រឹងនៅទីប្រជុំជនមានប្រសិទ្ធិភាព រដ្ឋបាល ក្រុង ស្រុក ត្រូវមានយន្តការ៣ដូចជា ទី១ -រៀបចំអ្នកទទួលខុសត្រូវគ្រប់គ្រងទីលានចាក់សំរាម។ ទី២ -ការជំរុញវិធានការគ្រប់គ្រងទីលានចាក់សំរាមដែលមានស្រាប់ និងទី៣ -ការរៀបចំកម្រៃសេវាទីលានចាក់សំរាមដើម្បីធានានិរន្តភាពទីលាន៕ (SN-PK)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com