សមរង្ស៊ី នៅតែ​ស្ទាក់ស្ទើរ មិន​ហ៊ាន​ភ្នាល់ ខណៈដែល​សម្តេច​តេ​ជោ ហ៊ុន សែន សួរ​បញ្ជាក់ថា «​ហ៊ាន ឬ​មិន​ហ៊ាន​»?

(​ភ្នំពេញ​)៖ មុនពេល​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ថា «​ខ្ញុំ​យល់ព្រម​ទទួល​ការ​ភ្នាល់​ជាមួយ​អា​ម្សៀ សម រ​ង្ស៉ី ប្រសិនបើ​អ្នកឯង​ជាន់​ទឹកដី​ខ្មែរ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​ហើយ ខ្ញុំ​ចាប់​អ្នកឯង​មិនបាន ក្នុង​រយៈពេល ២៤ ម៉ោង ខ្ញុំ​នឹង​សុខចិត្ត ចុះ​ចេញពី​តំណែង​។ ប៉ុន្តែ​បើ​ខ្ញុំ​ចាប់ខ្លួន​អ្នកឯង​បាន​វិញ អ្នកឯង​នឹងត្រូវ​បញ្ចប់ជីវិត​នយោបាយ ព្រមទាំង​រំលាយ​អង្គការ​ចាត់តាំង​ទាំងឡាយណា ដែល​អ្នកឯង​បាន​បង្កើតឡើង​។ ផ្ទុយទៅវិញ​ប្រសិនបើ​អ្នកឯង មិន​ក្លាហាន ហ៊ាន​ចូលមក​កម្ពុជា​វិញ​ទេនោះ អ្នកឯង​ក៏​នឹងត្រូវ​បញ្ចប់ជីវិត នយោបាយ និង​រំលាយ​អង្គការ​ចាត់តាំង​ដែល​អ្នកឯង​បង្កើត​ដែរ​។ តើ​អ្នកឯង​ហ៊ាន ឬ​មិន​ហ៊ាន​ចំពោះ​ការ​ភ្នាល់​នេះ​?”​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បន្តទៀតថា “​ចំណុច​មួយទៀត​លើ​ការស្បថ ប្រសិនបើ​អ្នកណាម្នាក់​មិន​គោរព​លើ​ការសន្យា​នៃ​ការ​ភ្នាល់​នេះ​! ខ្ញុំ​សូម​ឲ្យ​វត្ថុ​ស័ក្តិសិទ្ធិ​លើ​លោក​ផ្តាច់ជីវិត​អ្នក​ដែល​មិន​គោរព​ការសន្យា និង​ក្រុមគ្រួសារ ទាំង​ពូជ​តែម្តង​។ តើ​អ្នកឯង​ហ៊ាន ឬ​មិន​ហ៊ាន ? ខ្ញុំ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ធ្វើ​សាក្សី សម្រាប់​ការ​ភ្នាល់​នេះ …»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា ទណ្ឌិត សម រង្ស៊ី បានស្នើ​ឲ្យ​ប្រទេស​ចិន ធ្វើជា​សាក្សី​សម្រាប់​ការ​ភ្នាល់​នេះ តែ​យើង​មិនអាច​ឲ្យ​ប្រទេសមួយ មក​ធ្វើ​សាក្សី​បានទេ យើង​យក​ប្រជាពលរដ្ឋ​របស់​យើង​ធ្វើជា​សាក្សី​តែម្តង​។

​ការប្រកាស​ទទួលយក​ការ​ភ្នាល់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន គឺជា​ការឆ្លើយតប ទៅនឹង​ទណ្ឌិត សម រង្ស៊ី ដែល​បាន​បបួល​សម្តេច​តេ​ជោ ហ៊ុន សែន ភ្នាល់​ថា បើ​សម្តេច មិន​ជឿថា ខ្លួន​វិល​ត្រឡប់មក​កម្ពុជា​វិញ នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ តើ​សម្តេច យល់ព្រម​ចុះចេញ​ពី​តំណែង​ភ្លាម​មួយ​រំពេច​ដែរ ឬទេ​? ហើយ​អ្នកនយោបាយ​និរទេស​ខ្លួន​រូបនេះ ក៏បាន​ស្នើ​ឲ្យ​ប្រទេស​ចិន ធ្វើជា​សាក្សី ក្នុងការ​ភ្នាល់​នេះ​ផងដែរ​។​

​ក៏ប៉ុន្តែ​នៅពេល​សម្តេច​តេ​ជោ ហ៊ុន សែន ទទួលយក​ការ​ភ្នាល់​ដូច្នេះហើយ​សួរ​បញ្ជាក់​ទៅវិញ​ថា “​ហ៊ាន ឬ​មិន​ហ៊ាន​”? បែរជា​ទណ្ឌិត សម រង្ស៊ី កាលពី​រសៀល​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ ដែល​ត្រូវ​នឹង​ពេលព្រឹក​ព្រលឹម ម៉ោង​នៅ​ប្រទេស​បារាំង ជា​កន្លែង​ខ្លួន​រស់នៅ បែរជា​ទណ្ឌិត សមរង្ស៊ី ស្ទាក់ស្ទើរ ហើយ​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក លើកយក​លក្ខខណ្ឌ​តថ្លៃ​ក្នុងការ​ភ្នាល់ ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែម​លើ​អ្វីដែល​គាត់​ប្រកាស​ពីមុន​។ ទណ្ឌិត​សមរង្ស៊ី បាន​យក​អ្នកគាំទ្រ មក​ធ្វើជា​លក្ខខណ្ឌ​នៃ​ការ​ភ្នាល់​។​

​នោះ​គឺ​ទណ្ឌិត សមរង្ស៊ី លើកឡើងថា បើ​នៅ​ថ្ងៃទី​០៩​វិច្ឆិកា ឆ្នាំ​២០១៩ អ្នកគាំទ្រ និង​ទៅ​ទទួល​លោក​មាន​តិច ១​លាន​នាក់ នោះ​លោក​សុខចិត្ត​ឲ្យ​ចាប់ខ្លួន និង​យល់ព្រម​បញ្ចប់ជីវិត​នយោបាយ​។ តែបើ​មាន​អ្នកគាំទ្រ ទៅ​ទទួល​លោក​ច្រើនជាង ១​លាន​នាក់ ដូច​កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ នោះ លោក​សមរង្ស៊ី ទាមទារ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ចុះ​ចេញពី​តំណែង​ភ្លាម​មួយ​រំពេច​។ លើក​នេះ លោក​សមរង្ស៊ី សុំ​ឲ្យ​អង្គការសហប្រជាជាតិ និង​/​ឬ​សារព័ត៌មាន​អន្តរជាតិ ធ្វើជា​សាក្សី​នៃ​ការ​ភ្នាល់​នេះ​វិញ​ម្តង​។​

​យ៉ាងណា​ក៏ដោយចុះ នៅ​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ក្នុង​បទសម្ភាសន៍​ជាមួយ Fresh News ដោយ​សម្តេច​តេ​ជោ ចាត់ទុក​ការលើកឡើង​របស់​ទណ្ឌិត សមរង្ស៊ី ថា​ជា​ទង្វើ គួរ​ឲ្យ​អស់សំណើច និង​មាន​ចេតនា ចង់​គេច​ចេញពី​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ក​ម្ពុ​ជា តែ​ទោះបី សម រង្ស៊ី ហ៊ាន​ភ្នាល់ ឬ​មិន​ហ៊ាន​ភ្នាល់ មិន​សំខាន់​ទេ សំខាន់​គឺ​សមត្ថកិច្ច​កម្ពុជា ត្រៀម​ចាប់​ទណ្ឌិត​សមរង្ស៊ី បញ្ចូល​គុក បើ​ហ៊ាន​ចូល​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សួរ និង​បញ្ជាក់​ម្តងទៀត ទៅកាន់​ទណ្ឌិត​សមរង្ស៊ី​ថា «​កម្លាំង​សមត្ថកិច្ច នឹង​ចាប់​អ្នកឯង​ញាត់​គុក តាម​ដីកា​តុលាការ ក្នុង​រយៈពេល ២៤​ម៉ោង បើ​ក្លាហាន​ហ៊ាន​ចូល​ប្រទេស​កម្ពុជា​។ បើ​ចាប់​មិន​បានទេ ខ្ញុំ​សុខចិត្ត ចុះ​ចេញពី​តំណែង​។ អ្នកឯង​គ្រាន់តែ​ឆ្លើយ​ហ៊ាន ឬ​មិន​ហ៊ាន​?»

​យ៉ាងណាក៏ដោយ ចំណុចខ្សោយ​របស់​ទណ្ឌិត សមរង្ស៊ី គឺ​ខ្លាច​ការចាប់ខ្លួន​ហ្នឹងឯង​។ ទណ្ឌិត សម រង្ស៊ី ក៏​នៅមាន​ជំនឿ​មួយ​ថា «​មាន់ស្ងោរ ដែល​ស្ងោរ​ឆ្អិន​ហើយ អាច​ហើរ​បាន​» ។ តែ​ជំនឿ​នេះ ជា​ជំនឿ​មួយ ដែល​នៅ​ខ្វះ​ទឹកជ្រលក់ និង​គ្រឿងក្លែម​តែប៉ុណ្ណោះ​៕​

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com