តើអ្នកណាខ្លះជាប់ពាក់ព័ន្ធក្នុងការផ្តល់ដីរដ្ឋជិត ១ម៉ឺនហិកតាឲ្យក្រុមហ៊ុនឯកជនមួយ នៅខេត្តមណ្ឌលគិរី ដែលមានលក្ខណៈជាប្រព័ន្ធ?

(​ភ្នំពេញ​)៖ នៅ​ខែសីហា​នេះ យ៉ាងហោចណាស់ មាន​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ ២​រូប នៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាប់​ពាក់ព័ន្ធ​ករណី​ផ្តល់​ដី​រដ្ឋ សរុប​ជិត ១​ម៉ឺន​ហិកតា ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ នៅ​ខេត្តមណ្ឌលគិរី​។ ក្នុងនោះ តុលាការខេត្ត​មណ្ឌលគិរី បានចេញ​ដីកា​កោះហៅ​រដ្ឋលេខាធិការ លោក ចាន់ សា​វុ​ឌ្ឍ និង​លោក ឡោ រស្មី អនុរដ្ឋលេខាធិការ នៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឲ្យ​ចូល​បំភ្លឺ​តុលាការ ជា​បន្តបន្ទាប់​។

​លិខិតអញ្ជើញ​ចុះ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​ចូលខ្លួន​ឆ្លើយបំភ្លឺ នៅ​អយ្យការ​អម​សាលាដំបូង ខេត្តមណ្ឌលគិរី នៅ​ម៉ោង ៩ និង ៣០​នាទី ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ លើ​សំណុំរឿង ព្រហ្មទណ្ឌ​លេខ ២១៤ ចុះ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ ចំពោះ​ការផ្តល់​​ការអនុញ្ញាត​ជំហាន​ទី​១ ចំនួន ១,០០០ ហិកតា ក្នុង​អនុតំបន់ I , អនុតំបន់ II ចំនួន ២,០០០ ហិកតា , អនុតំបន់ III ចំនួន ២;០០០ ហិកតា , អនុតំបន់ IV ចំនួន ២,០០០ ហិកតា និង​អនុតំបន់ V ចំនួន ២,៧៤១ ហិកតា ឲ្យ​ទៅ​ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ក​ហ្គ្រេ​ន យ៉​ញ​-​ស្តុក ខម​ភេ​នី លី​មី​ធី​ត នៅក្នុង​ខេត្តមណ្ឌលគិរី​។​

​ចំពោះ​លទ្ធផល​នៃ​ការចូល​ឆ្លើយបំភ្លឺ​របស់លោក ឡោ រស្មី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មិន​ត្រូវបាន​ផ្សព្វផ្សាយ​នៅឡើយ​ទេ​។​

​រំលង​បាន​ប៉ុន្មាន​ថ្ងៃ ក្រោយ​ការចូល​ឆ្លើយបំភ្លឺ​នេះ ពោលគឺ​នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩ ព្រះរាជអាជ្ញា នៃអយ្យការអម​សាលាដំបូង ខេត្តមណ្ឌលគិរី លោក ហៀ​ង សុភ​ក្ត្រ បានចេញ​លិខិតអញ្ជើញ​ ឯកឧត្តម ចាន់ សា​វុ​ឌ្ឍ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលជា​ប្រធាន​លេខាធិការដ្ឋាន​សម្បទាន​ដី​សេដ្ឋកិច្ច ឲ្យ​ចូល​ឆ្លើយបំភ្លឺ​នៅ​ ចំពោះមុខតំណាង
អយ្យការ​ អម​សាលាដំបូង​ខេត្តមណ្ឌលគិរី នៅ​ម៉ោង ៩​ព្រឹក ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៩ ដើម្បី​បំភ្លឺ​ពី​រឿង​ដូចគ្នា​នឹង​ករណី​របស់ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ពាក់ព័ន្ធ​ករណី​ផ្តល់​ដី​សម្បទាន​សរុប​ជិត ១​ម៉ឺន​ហិកតា ដល់​ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ក ហ្គ្រេ​ន យ៉​ញ​-​ស្តុក ខម​ភេ​នី លី​មី​ធិ​ត នៅក្នុង​ខេត្តមណ្ឌលគិរី​។​

​លិខិតអញ្ជើញរបស់​តំណាងអយ្យការ ខេត្ត​មណ្ឌលគិរី ឲ្យ​អនុរដ្ឋលេខាធិការ និង​រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចូល​ឆ្លើយបំភ្លឺ​ករណី​ផ្តល់​ដី​សម្បទាន​ជិត ១​ម៉ឺន​ហិកតា ដល់​ក្រុមហ៊ុន​ឯកជន នៅ​ខេត្តមណ្ឌលគិរី​នេះ បានធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ាង បានចេញ​លិខិត ដកហូត​ដី ជិត ១០០០​ហិកតា ពី​ ឯកឧត្តម សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ក្រោយពី​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រេច​ដក ឯកឧត្តម សេង សុវណ្ណារ៉ា ចេញពី​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តមណ្ឌលគិរី​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក នៅក្នុង​ខែសីហា​នេះ ឯកឧត្តម សេង សុវណ្ណារ៉ា ក៏​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ បញ្ចប់​តួនាទី ជា​អនុ​លេខាធិការ​ក្រសួងយុត្តិធម៌ ផងដែរ​។

តើ បន្ទាប់ពី ឯកឧត្តម ចាន់ សាវុឌ្ឍ និង ឯកឧត្តម ឡោ រស្មី មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានមន្ត្រីពាក់ព័ន្ធរូបណាទៀតដែលត្រូវចូលឆ្លើយបំភ្លឺនូវករណីប្រគល់ដីរដ្ឋដល់ក្រុមហ៊ុនឯកជន ជាលក្ខណៈប្រព័ន្ធមួយនេះ?

មហាជនកំពុងរងចាំមើល លទ្ធផលនៃការស៊ើបអង្កេតរបស់តំណាងអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី ថាតើអ្នកណាខ្លះដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ២១៤ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងអំពើ
ផ្តល់ដីសម្បទានសេដ្ឋដល់ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ក​ហ្គ្រេ​ន យ៉​ញ​-​ស្តុក ខម​ភេ​នី លី​មី​ធី​ត ជិត១ម៉ឺនហិកតា នៅខេត្តមណ្ឌលគិរី​ នេះ?

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com