រដ្ឋាភិបាលកម្ពុជាសម្រេចអនុម័ត​លើសេចក្តីព្រាង​ច្បាប់​ស្តីពីសំណង់​

(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៣០ ខែសីហានេះ ក្រោមអធិបតីភាពសម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានពិភាក្សាលើសេចក្តីព្រាង “ច្បាប់ស្តីពីសំណង់”។ ជាលទ្ធផលកិច្ចប្រជុំបានសម្រេចអនុម័ត និងមានការកែសម្រួលពាក្យពេចន៍មួយចំនួននៅក្នុងមាត្រា៣ លើ​សេចក្តីព្រាងច្បាប់ស្តីពី”សំណង់”។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។

បើតាមឯកឧត្តម ផៃ ស៊ីផាន សេចក្ដីព្រាងច្បាប់ស្ដីពីសំណង់ មានគោលបំណង និងសារប្រយោជន៍ដូចខាងក្រោម៖
– ពង្រឹងការគ្រប់គ្រងគ្រប់ភាគីពាក់ព័ន្ធ និងការប្រតិបត្តិការងារទាំងឡាយក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នក​ប្រើប្រាស់ និងសាធារណជន។
– ចូលរួមពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម ដោយអភិវឌ្ឍទីក្រុងឱ្យមានសោភណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ
– បង្កើនគណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់
– បង្កើនការជឿទុកចិត្តរបស់វិនិយោគិននៅក្នុងវិស័យសំណង់ ជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធ​ភាពសេដ្ឋកិច្ចសង្គម។
*គោលបំណង
– គុណភាព សន្ដិសុខ សុវត្ថិភាពសំណង់ ការងារទ្រព្យសម្បត្តិនិងសុខុមាលភាពរបស់ម្ចាស់សំណង់អ្នកប្រើប្រាស់សំណង់ និងសាធារណជន
– សោភណភាពនិងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ
– គណនេយ្យភាពនិងប្រសិទ្ធភាពក្នុងការប្រកបការងារនិងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់
– ការបង្កើនការជឿទុកចិត្តរបស់វិនិយោគនៅក្នុងវិស័យសំណង់ និងជំរុញទីផ្សារអចលនទ្រព្យប្រកប​ដោយ​ប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ចនិងសង្គម។
*គោលដៅ
ច្បាប់នេះមានគោលដៅកំណត់គោលការណ៍ បទប្បញ្ញត្តិបច្ចេកទេសសំណង់ វិធាន និងនីតិវិធីក្នុងការគ្រប់គ្រងវិស័យសំណង់ក្នុងព្រះរាជាណាចក្រកម្ពុជា។
*វិសាលភាព
ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះវិស័យសំណង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា​លើកលែងតែប្រភេទ​សំណង់ដែលកំណត់ក្នុងច្បាប់ដោយឡែក។

អ្នកនាំពាក្យដដែលបានបន្ថែមថា វិស័យសំណង់ បានដើរតួនាទីជាសសរស្ដម្ភមួយជាមួយសសរស្ដម្ភដែលជំរុញកំណើន ៣ ទៀត គឺវិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ដោយចូលរួមរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងក្នុងវិស័យសាធារណៈ ទាំងក្នុងវិស័យឯកជន ពិសេសរចនាសម្ព័ន្ធផលិតកម្មឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម កសិកម្ម សេវាកម្ម និងទេសចរណ៍ ព្រមទាំងចូលរួមអភិវឌ្ឍលំនៅឋាន និងសំណង់ផ្សេងទៀត សម្រាប់បម្រើឱ្យ​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋប្រកបដោយសុវត្ថិភាព និងផាសុខភាព។

រយៈពេលជាងមួយទស្សវត្សរ៍ចុងក្រោយ ទុនវិនិយោគក្នុងវិស័យសំណង់មានកំណើនជាទៀងទាត់ និងនៅតែបន្តរីកចម្រើនជាលំដាប់ ជាពិសេសការសាងសង់សំណង់ធំៗ ខ្ពស់ៗ ដូចជា អាគារស្នាក់នៅរួម អ​គារ​លក់ទំនិញ​ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អាគារការិយាល័យ សណ្ឋាគារ អាគារពហុមុខងារ សំណង់ទីក្រុងរណប បុរីលំនៅឋាន ភូមិគ្រឹះ គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ធនាគារ រោងចក្រ ឃ្លាំង ស្ថានីយ​ប្រេងឥន្ធនៈ។ល។

ឯកឧត្តមបន្តថា ក្នុងសន្ទុះនៃការរីកចម្រើនរបស់វិស័យសំណង់ តម្រូវការនៃការពង្រឹងការគ្រប់គ្រងរាល់ដំណើរការ និងប្រតិបត្តិការក្នុងវិស័យសំណង់ និងអ្នកពាក់ព័ន្ធនឹងការងារសំណង់កាន់តែមានភាពចាំបាច់ជាសារវ័ន្ត។ សំណង់កាន់តែធំ កាន់តែខ្ពស់ និងកាន់តែស្មុគ្រស្មាញ កាន់តែទាមទារឱ្យការអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត បច្ចេកវិទ្យា ស្ដង់ដារ និងបទប្បញ្ញត្តិបច្ចេកទេស ដើម្បីធានាភាពរឹងមាំ គុណភាព សោភណភាព និងចីរភាពនៃសំណង់ រៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ផង និងដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ និងភាពសុខដុមរមនានៅក្នុងសង្គមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com