នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធា មហាម៉ាត់ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា ពីថ្ងៃ​ទី​០២-០៤ ខែកញ្ញា

(​ភ្នំពេញ​)៖ ក្រសួងការបរទេស បានប្រកាស​នៅ​ថ្ងៃទី​៣០​សីហា​នេះ​ថា ​តប​តាម​ការអញ្ជើញ​របស់​​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​បណ្ឌិត មហា​ធា មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ភរិយា  នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី ០២-០៤ ខែកញ្ញា ឆ្នាំ​២០១៩ ។​

ក្នុងអំឡុង​ទស្សនកិច្ច​នេះ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ម៉ា​ឡា​ស៊ី នឹង​ចូលជួប​សំដែង​ការគួរសម​ដាច់​ដោយឡែក​ពីគ្នា​ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។​

ឯកឧត្តម​បណ្ឌិត មហា​ធា មហាម៉ាត់   នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​នៅក្នុង​ឱកាស​នោះ នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​ពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​។ នាយករដ្ឋមន្ត្រី​ទាំងពីរ ក៏​នឹង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលមាន​ផលប្រយោជន៍​រួម​ផងដែរ​។ បន្ទាប់មក នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន និង​ធ្វើការ​ប្រកាស​ព័ត៌មាន​រួមគ្នា​។

​ក្នុងអំឡុងពេល​ស្នាក់នៅ​រាជធានី​ភ្នំពេញ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី  នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ   និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​មណ្ឌប​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ «​ព្រះ​បរម​រតន​កោដ្ឋ​» អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្រសួងការបរទេស បញ្ជាក់ថា «​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​បណ្ឌិត​មហា​ធា មហាម៉ាត់ នៅ​កម្ពុជា នឹង​​រួម​ចំណែក​​កាន់តែ​ប្រសើរ​ក្នុងការ​ពង្រឹង និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត នូវ​ចំណង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ដ៏​ល្អ​រវាង​កម្ពុជា​និង​ម៉ាឡេស៊ី ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី តំបន់ និង​អន្តរជាតិ​»៕


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com