ក្រសួងបរិស្ថាន ប្រកាស​ឲ្យ​ម្ចាស់​អាជីវកម្ម ឈប់​លក់ដូរ​គ្រឿង​ចម្លាក់ ធ្វើ​ពី​ភ្លុក​ដំរី កុយរមាស និង​វត្ថុ​អនុស្សាវរីយ៍​ពាក់ព័ន្ធ​សត្វព្រៃ​

(​ភ្នំពេញ​)៖ ក្រសួងបរិស្ថាន បានចេញ​លិខិត​ជូនដំណឹង ទៅ​ម្ចាស់​អាជីវ​កម្មដ្ឋាន​លក់​វត្ថុ​អនុស្សាវរីយ៍ ដែល​សង្ស័យថា អាចមាន​ការលក់ដូរ​គ្រឿង​ចម្លាក់ ធ្វើ​ពី​ភ្លុក​ដំរី និង​កុយរមាស ឬ​ធ្វើ​ពាណិជ្ជកម្ម ក្នុង​រូបភាព​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​សត្វព្រៃ ត្រូវ​បញ្ឈប់​ជាបន្ទាន់​។ ក្រសួងបរិស្ថាន បញ្ជាក់ថា ការលក់ដូរ​នេះ ខុស​នឹង​ច្បាប់​ព្រៃឈើ ត្រង់​មាត្រា ៩៧ (​ចំណុច​ទី​១០) និង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ត្រង់​មាត្រា ៥៩ (​ចំណុច​ទី​៥)​។

​តាម​សេចក្តីជូនដំណឹង ប្រសិនបើ​ម្ចាស់​អាជីវ​កម្មដ្ឋាន មាន​លាក់ទុក ឬ​លក់​វត្ថុ​អនុស្សាវរីយ៍ ធ្វើ​ពី​ភ្លុក​ដំរី និង​កុយរមាស​នេះ សូម​ប្រគល់ជូន​ដល់​សមត្ថកិច្ច ហើយ បើ​ប្រសិនបើ​សមត្ថកិច្ច រកឃើញ និង​ចាប់បាន នឹង​ចាត់វិធានការ ចំពោះ​ជនល្មើស​តាមច្បាប់​ជា​ចាំបាច់​។

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួងបរិស្ថាន​នេះ គឺជា​វិធានការ​អនុវត្ត​ច្បាប់​ប្រឆាំងនឹង​ការជួញដូរ​វត្ថុ​អនុស្សាវរីយ៍​ជា​គ្រឿង​ចម្លាក់​ពី​ភ្លុក​ដំរី និង​កុយរមាស ឬ​ធ្វើ​ពាណិជ្ជកម្ម ក្នុង​រូបភាព​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​សត្វព្រៃ ដែល​កំពុង​កើតមាន​នៅលើ​ទឹកដី​កម្ពុជា​។

​វិធានការ​ណែនាំ​នេះ ជា​ជំហាន​ដំបូង ដែល​ក្រសួងបរិស្ថាន បាន​ជូនដំណឹង​រួចហើយ ដល់​ម្ចាស់​អាជីវ​កម្មដ្ឋាន​លក់​វត្ថុ​អនុស្សាវរីយ៍​ចំនួន ៣២ កន្លែង នៅក្នុង​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​ថា ការធ្វើ​ពាណិជ្ជកម្ម​គ្រប់រូប​ភាព​លើ​ភ្លុក​ដំរី និង​កុយរមាស គឺជា​អំពើ​ខុសច្បាប់​។

​ជំហាន​បន្ទាប់ ក្រសួងបរិស្ថាន នឹង​ជូនដំណឹង​ដល់​ម្ចាស់​អាជីវ​កម្មដ្ឋាន​ពាក់ព័ន្ធ​នឹង​ការលក់​វត្ថុ​អនុស្សាវរីយ៍​ជា​គ្រឿង​ចម្លាក់​ពី​ភ្លុក​ដំរី និង​កុយរមាស ឬ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​រូបភាព​ផ្សេងទៀត ពាក់ព័ន្ធ​សត្វព្រៃ នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​មួយចំនួនទៀត​។

ចាប់ពី​ឆ្នាំ​២០១៦ រហូតមក​ទល់នឹង​ចុងឆ្នាំ​២០១៨ ភ្លុក​ដំរី និង​កុយរមាស​ជាច្រើន​ពាន់​ដុំ មាន​ទម្ងន់​សរុប​ប្រមាណ​ជាង ៥ តោន ត្រូវបាន​អាជ្ញាធរ​កម្ពុជា បង្ក្រាប​។ ក្រៅពីនោះ ក៏មាន​ស្រកាពង្រូល និង​ឆ្អឹង​សត្វព្រៃ​ផ្សេងទៀត ដែល​ត្រូវបាន​អាជ្ញាធរ​បង្ក្រាបបាន​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com