ឯកឧត្តម ផៃ ស៊ីផាន៖ សេចក្ដីព្រាង «ច្បាប់ស្ដីពីសំណង់» មាន២២ជំពូក និង១១១មាត្រា

(ភ្នំពេញ)៖ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថា សេចក្ដីព្រាង «ច្បាប់ស្ដីពីសំណង់» ដែលទីស្តីការគណៈរដ្ឋមន្រ្តី បាននឹងកំពុងលើកមកពិភាក្សា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកនេះ មាន២២ជំពូក និង១១១មាត្រា។

ឯកឧត្តម ផៃ ស៊ីផាន ក៏បានបង្ហាញពី សេចក្ដីព្រាងច្បាប់ ស្ដីពីសំណង់ ដែលមាន២២ជំពូក និង១១១មាត្រា មានន័យនឹងខ្លឹមសារ ដូចខាងក្រោមទៅ៖

១- ជំពូកទី១៖ បទប្បញ្ញត្តិទូទៅ មាន៤មាត្រា ពីមាត្រា១ ដល់មាត្រា៤ ចែងពីគោលបំណង គោលដៅ វិសាលភាព និងនិយមន័យ។

២- ជំពូកទី២៖ សមត្ថកិច្ចគ្រប់គ្រង មាន១មាត្រា គឺមាត្រា៥ កំណត់សមត្ថកិច្ចគ្រប់គ្រងលើវិស័យសំណង់ និងការប្រគល់ឬធ្វើប្រតិភូកម្មសមត្ថកិច្ចដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

៣- ជំពូកទី៣៖ គោលការណ៍ មាន១មាត្រា គឺមាត្រា៦ កំណត់អំពីគោលការណ៍សំខាន់ៗសម្រាប់អនុវត្តក្នុងការងារសំណង់។

៤- ជំពូកទី៤៖ បទប្បញ្ញត្តិបច្ចេកទេសសំណង់ មាន៥មាត្រា គឺមាត្រា៧ ដល់មាត្រា១១ កំណត់អំពីអានុភាពគតិយុត្ត យន្តការបង្កើត ការត្រួតពិនិត្យ និងបញ្ជាក់អនុលោមភាពតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ ការដាក់ឱ្យប្រើប្រាស់សម្ភារៈសំណង់ បរិក្ខាសំណង់ និងផលិតផលសំណង់ដែលតម្រូវឱ្យអនុវត្តតាមស្ដង់ដារណាមួយជាកំណត់ ឬដែលមិនទាន់ត្រូវបានកំណត់ជាស្ដង់ដារកម្ពុជា និងបទប្បញ្ញត្តិបច្ចេកទេសសំណង់ដទៃទៀត និងការបង្កើតក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់។

៥- ជំពូកទី៥៖ ការគ្រប់គ្រងអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ មាន៣មាត្រា ពីមាត្រា១២ ដល់មាត្រា១៤ កំណត់អំពីកាតព្វកិច្ចក្នុងការចុះបញ្ជីនៅគណៈវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈ និងការគ្រប់គ្រងបុគ្គលផ្សេងទៀតដែលមានជំនាញក្នុងវិស័យសំណង់ដែលមិនទាន់បានបង្កើតគណៈវិជ្ជាជីវៈ។

៦- ជំពូកទី៦៖ ការគ្រប់គ្រងការប្រកបវិជ្ជាជីវៈ និងការប្រកបអាជីវកម្មក្នុងវិស័យសំណង់ មាន៧មាត្រា ពីមាត្រា១៥ ដល់មាត្រា២១ កំណត់អំពីកាតព្វកិច្ចត្រូវមានអាជ្ញាបណ្ណ កាតព្វកិច្ចបំពេញមុខងារដោយឯករាជ្យ និងចុះកិច្ចសន្យាធានារ៉ាប់រងដើម្បីប្រកបវិជ្ជាជីរៈ ឬប្រកបអាជីវកម្មក្នុងវិស័យសំណង់ លក្ខខណ្ឌនិងនីតិវិធីនៃការផ្ដល់ ការព្យួរ និងការដកហូតអាជ្ញាបណ្ណ និងការបាត់បង់នីតិសម្បទាក្នុងការប្រកបវិជ្ជាជីវៈ ឬប្រកបអាជីវកម្មក្នុងវិស័យសំណង់។

៧- ជំពូកទី៧៖ សម្ភារៈសំណង់ បរិក្ខាសំណង់ និងផលិតផលសំណង់ និងមន្ទីរពិសោធន៍សំណង់ មាន៤មាត្រា ពីមាត្រា២២ ដល់មាត្រា២៥ កំណត់អំពីកាតព្វកិច្ចឱ្យអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ ឬតាមស្ដង់ដារកម្ពុជា ចំពោះសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ដែលចាំបាច់សម្រាប់ធានាគុណភាពសំណង់ និងសុវត្ថិភាពអ្នកប្រើប្រាស់សំណង់ ការបង្កើតមន្ទីរពិសោធន៍ជាតិសំណង់ និងការគ្រប់គ្រងមន្ទីរពិសោធន៍សំណង់ដទៃទៀត ក្នុងគោលដៅសិក្សា ស្រាវជ្រាវ និងបណ្ដុះបណ្ដាល និងក្នុងគោលដៅអាជីវកម្ម។

៨- ជំពូកទី៨៖ លិខិតអនុញ្ញាតសាងសង់ ជួសជុល ឬរុះរើ មាន៦មាត្រា ពីមាត្រា២៦ ដល់មាត្រា៣១ កំណត់កាតព្វកិច្ចតម្រូវឱ្យមានលិខិតអនុញ្ញាត និងកាតព្វកិច្ចជូនដំណឹងមុនធ្វើការសាងសង់ ឬរុះរើ ប្រភេទសំណង់ដែលមិនតម្រូវឱ្យមានលិខិតអនុញ្ញាត និងលក្ខខណ្ឌនិងនីតិវិធីនៃការផ្ដល់ ការព្យួរ និងការដកហូតលិខិតអនុញ្ញាត។

៩- ជំពូកទី៩ : ការគ្រប់គ្រងគម្រោងប្លង់ មាន៤មាត្រា ពីមាត្រា៣ ដល់មាត្រា៣៥ កំណត់កាតព្វកិច្ចរបស់អ្នកសិក្សាគម្រោងប្លង់ និងការទទួលខុសត្រូវរបស់ម្ចាស់សំណង់ក្នុងការអនុវត្តគម្រោងប្លង់ សិទ្ធរបស់ម្ចាស់សំណង់ក្នុងការស្នើសុំកែសម្រួលគម្រោងប្លង់ និងកិច្ចការពារកម្មសិទ្ធបញ្ញាពីការលួចចម្លង និងការលើកតម្កើងគម្រោងប្លង់ស្ថាបត្យកម្មដែលមានតម្លៃពិសេស។

១០- ជំពូកទី១០៖ ការគ្រប់គ្រងការងារសាងសង់ ឬរុះរើ មាន៦មាត្រា ពីមាត្រា៣៦ ដល់មាត្រា៤៣ កំណត់លក្ខខណ្ឌនិងនីតិវិធីនៃការគ្រប់គ្រង និងការត្រួតពិនិត្យការងារសាងសង់ លក្ខខណ្ឌនិងកាតព្វកិច្ចរបស់បុគ្គលដែលអនុវត្តការងារសាងសង់ កាតព្វកិច្ចរបស់ម្ចាស់សំណង់ ការត្រួតពិនិត្យ និងបញ្ជាក់លើការងារសាងសង់ដោយបុគ្គលមានអាជ្ញាបណ្ណ និងការត្រួតពិនិត្យការងារសាងសង់ដោយមន្ត្រីត្រួតពិនិត្យសំណង់។

១១- ជំពូកទី១១៖ ការប្រើប្រាស់សំណង់ មាន៧មាត្រា ពីមាត្រា៤៤ ដល់មាត្រា៥០ កំណត់លក្ខខណ្ឌ និងនីតិវិធីនៃការផ្ដល់ ការព្យួរ និងការដកហូតវិញ្ញាបនបត្រប្រើប្រាស់សំណង់ និងលក្ខខណ្ឌនិងនីតិវិធីនៃការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពសំណង់។

១២- ជំពូកទី១២៖ សំណង់ដែលមានសភាពគ្រោះថ្នាក់ មាន៣មាត្រា ពីមាត្រា៥១ ដល់មាត្រា៥៣ កំណត់កាតព្វកិច្ចរបស់ម្ចាស់សំណង់ និងអ្នកគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់ និងការចាត់វិធានការបញ្ចៀសគ្រោះថ្នាក់ដោយអាជ្ញាធរមានសមត្ថកិច្ច។

១៣- ជំពូកទី១៣៖ សំណង់ដែលសាងសង ឬរុះរើដោយគ្មាន ឬខុសពីលិខិតអនុញ្ញាត មាន៣មាត្រា ពីមាត្រា៥៤ ដល់មាត្រា៥៦ កំណត់វិធានការទាំងឡាយរបស់អាជ្ញាធរមានសមត្ថកិច្ចចំពោះសំណង់ដែលបានសាងសង់ដោយគ្មាន ឬខុសពីលិខិតអនុញ្ញាត។

១៤- ជំពូកទី១៤៖ អធិការកិច្ចសំណង់ មាន៥មាត្រា ពីមាត្រា៥៧ ដល់មាត្រា៦១ កំណត់អំពីការផ្ដល់នីតិសម្បទាជានគរបាលយុត្តិធម៌ដល់មន្ត្រីអធិការកិច្ចសំណង់ សិទ្ធអំណាច និងលក្ខខណ្ឌនៃការបំពេញការងាររបស់មន្ត្រីអធិការកិច្ចសំណង់។

១៥- ជំពូកទី១៥៖ វិសមិតភាព មាន៥មាត្រា ពីមាត្រា៦២ ដល់មាត្រា៦៦ កំណត់អំពីការហាមឃាត់មន្ត្រី អ្នកវិជ្ជាជីវៈ ឬបុគ្គលដែលមានទំនាស់ផលប្រយោជន៍ក្នុងការអនុវត្តការងារក្នុងវិស័យសំណង់។

១៦- ជំពូកទី១៦៖ កិច្ចសន្យាម៉ៅការសំណង់ ឬរុះរើ មាន៥មាត្រា ពីមាត្រា៦៧ ដល់មាត្រា៧១ កំណត់អំពីខអប្បបរមា ខដែលរំលោភបំពាន លក្ខខណ្ឌបង្អង់លើកាតព្វកិច្ច ឬសិទ្ធ កាតព្វកិច្ចសាងសង់ ឬរុះរើដោយគ្មានវិការៈ និងរយៈពេលនៃការធានាចំពោះវិការៈនៅក្នុងកិច្ចសន្យាម៉ៅការសាងសង់ ឬរុះរើ។

១៧- ជំពូកទី១៧៖ ការធានារ៉ាប់រង មាន៤មាត្រា ពីមាត្រា៧២ ដល់មាត្រា៧៥ កំណត់កាតព្វកិច្ចរបស់អ្នកម៉ៅការសាងសង់ និងការត្រួតពិនិត្យលើការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន ដើម្បីធានាការផ្ដល់សំណងដល់ការខូចខាតបង្កដោយការងារសាងសង់ ឬរុះរើ ដល់អ្នកដែលកំពុងប្រតិបត្តិការការងារនៅការដ្ឋាន និងតតិយជន។

១៨- ជំពូកទី១៨៖ ការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធនឹងសំណង់ មាន៧មាត្រា ពីមាត្រា៧៦ ដល់មាត្រា៨២ កំណត់គោលការណ៍នៃការទទួលខុសត្រូវរដ្ឋប្បវេណីចំពោះវិការៈនៃការងាររបស់អ្នកសិក្សាគម្រោងប្លង់ អ្នកសាងសង់ឬរុះរើ អ្នកត្រួតពិនិត្យ និងបញ្ជាក់ អ្នកផលិតសម្ភារៈសំណង់ បរិក្ខាសំណង់ និងផលិតផលសំណង់ ម្ចាស់សំណង់/ ឬអ្នកគ្រប់គ្រងសំណង់ និងអាជ្ញាយុកាលនៃសិទ្ធទាមទារសំណង។

១៩- ជំពូកទី១៩៖ ការដោះស្រាយវិវាទក្នុងវិស័យសំណង់ មាន៧មាត្រា ពីមាត្រា៨៣ ដល់មាត្រា៨៩ កំណត់សិទ្ធ លក្ខខណ្ឌ និងនីតិវិធីនៃការប្ដឹងតវ៉ាចំពោះសេចក្ដីសម្រេចរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងវិស័យសំណង់ និងលក្ខខណ្ឌនិងនីតិវិធីនៃការដោះស្រាយវិវាទពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិបុគ្គលក្នុងវិស័យសំណង់ និងកិច្ចសន្យាម៉ៅការសាងសង់ ឬរុះរើ។

២០- ជំពូកទី២០៖ ទោសប្បញ្ញត្តិ មាន១៦មាត្រា ពីមាត្រា៩០ ដល់មាត្រា១០៥ កំណត់ប្រភេទអំពើល្មើស និងបទល្មើស ទណ្ឌកម្ម និងអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចសម្រេចដាក់ទោស។

២១- ជំពូកទី២១៖ អន្តរប្បញ្ញត្តិ មាន៤មាត្រា ពីមាត្រា១០៦ ដល់មាត្រា១០៩ កំណត់អំពីការត្រួតពិនិត្យសំណង់ដែលត្រូវបានសាងសង់មុនច្បាប់នេះចូលជាធរមាន ដោយគ្មាន ឬខុសពីលិខិតអនុញ្ញាតសាងសង់ និងការផ្ដល់លទ្ធភាពជូនរាជរដ្ឋាភិបាល តម្រូវឱ្យអ្នកវិជ្ជាជីវៈ ឬក្រុមហ៊ុនដែលប្រកបវិជ្ជាជីវៈ ឬអាជីវកម្មក្នុងវិស័យសំណង់ តម្កល់ប្រាក់នៅធនាគារជាតិនៃកម្ពុជា ក្នុងករណីមិនទាន់មានកិច្ចសន្យាធានារ៉ាប់រងវិជ្ជាជីវៈ ឬការប្រកបអាជីវកម្ម។

២២- ជំពូកទី២២៖ អវសានប្បញ្ញត្តិ មាន២មាត្រា គឺមាត្រា១១០ និងមាត្រា១១១ កំណត់ការនិរាករបទប្បញ្ញត្តិដែលផ្ទុយនឹងច្បាប់នេះ និងការប្រកាសច្បាប់នេះជាការប្រញាប់៕ (Swift News)

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com