ដំណើរកា​រវិ​វ​ឌ្ឍន៍​នៃ​សេចក្តីព្រាង «ច្បាប់​ស្តី​ពី​សំណង់» ​នៅ​កម្ពុជា​

(​ភ្នំពេញ​)៖​ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ឯកឧត្តម​ ផៃ​ ស៊ី​ផា​ន​ បាន​បង្ហាញ​ពី​ខ្លឹមសារ​សង្ខេប​ លើ​វិស័យ​ចំណង់​ ដែល​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​នឹង​កំពុង​លើក​មក​ពិភាក្សា​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម​ ផៃ​ ស៊ី​ផា​ន​ បាន​លើក​ឡើង​ថា​ វិស័យ​សំណង់​ បាន​ដើរតួ​នាទី​ជា​សសរស្ដម្ភ​មួយ​ជាមួយ​សសរស្ដម្ភ​ដែល​ជំរុញ​កំណើន​ ៣​ ទៀត​ គឺ​វិស័យ​ទេសចរណ៍​ វិស័យ​កសិកម្ម​ និង​វិស័យ​ឧស្សាហកម្ម​ ដោយ​ចូលរួម​រៀបចំ​ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ក្នុង​វិស័យ​សាធារណៈ​ ទាំង​ក្នុង​វិស័យ​ឯកជន​។​ ពិសេស​រចនាសម្ព័ន្ធ​ផលិតកម្ម​ឧស្សាហកម្ម​ សិប្បកម្ម​ ពាណិជ្ជកម្ម​ កសិកម្ម​ សេវាកម្ម​ និង​ទេសចរណ៍​ ព្រមទាំង​ចូលរួម​អភិវឌ្ឍ​លំនៅ​ឋាន​ និង​សំណង់​ផ្សេង​ទៀត​ សម្រាប់​បម្រើ​ឱ្យ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​សុវត្ថិភាព​ និង​ផា​សុខភាព​។​

​ឯកឧត្តម​ បាន​បន្ត​ថា​ រយៈពេល​ជាង​មួយ​ទស្សវត្សរ៍​ចុង​ក្រោយ​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​កំណើន​ជា​ទៀងទាត់​ និង​នៅ​តែ​ប​បន្ត​រីក​ចម្រើន​ជា​លំដាប់​ ជា​ពិសេស​ការ​សាងសង់​សំណង់​ធំៗ​ ខ្ពស់ៗ​ ដូច​ជា​ អាគារ​ស្នាក់​នៅ​រួម​ អាគារ​លក់ទំនិញ​ ផ្សារ​ទំនើប​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ អាគារ​ការិយាល័យ​ សណ្ឋាគារ​ អាគារ​ពហុមុខ​ងារ​ សំណង់​ទីក្រុង​រណប​ បុរី​លំនៅ​ឋាន​ ភូមិ​គ្រឹះ​ គ្រឹះស្ថានសិក្សា​ មន្ទីរពេទ្យ​ ធនាគារ​ រោងចក្រ​ ឃ្លាំង​ ស្ថានីយប្រេងឥន្ធនៈ​។​ល​។​

​ក្នុង​សន្ទុះ​នៃ​ការ​រីក​ចម្រើន​របស់​វិស័យ​សំណង់​ តម្រូវការ​នៃ​ការ​ពង្រឹង​ការ​គ្រប់គ្រង​រាល់​ដំណើរការ​ និង​ប្រតិបត្តិការ​ក្នុង​វិស័យ​សំណង់​ និង​អ្នក​ពាក់ព័ន្ធ​នឹង​ការងារ​សំណង់​កាន់តែ​មាន​ភាព​ចាំបាច់​ជា​សារ​វ័​ន្ត​។​ សំណង់​កាន់តែ​ធំ​ កាន់តែ​ខ្ពស់​ និង​កាន់តែ​ស្មុ​គ្រ​ស្មាញ​ កាន់តែ​ទាមទារ​ឱ្យ​ការ​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​គតិ​យុ​ត្ត​ បច្ចេកវិទ្យា​ ស្ដង់ដារ​ និង​បទ​ប្បញ្ញត្តិ​បច្ចេកទេស​ ដើម្បី​ធានា​ភាពរឹងមាំ​ គុណភាព​ សោភណភាព​ និង​ចីរភាព​នៃ​សំណង់​ រៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ ដើម្បី​ឆ្លើយ​តប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ផង​ និង​ដើម្បី​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ​ និង​ភាព​សុខដុមរមនា​នៅ​ក្នុង​សង្គម​ផង​។​

​ឆ្លើយ​តប​នឹង​តម្រូវការ​នេះ​ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​ ដើម្បី​កំណើន​ការងារ​ សមធម៌​ និង​ប្រសិទ្ធភាព​ កសាង​មូលដ្ឋាន​គ្រឹះ​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ ឆ្នាំ​២០៥០​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​២០១៩-២០២៣​ និង​គោលនយោបាយ​ជាតិ​ស្ដី​ពី​ការ​រៀបចំ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចុះ​ថ្ងៃ​ទី​៨​ ខែមេសា​ ឆ្នាំ​២០១១​ បាន​កំណត់​ឱ្យ​រៀបចំ​ច្បាប់​ស្ដី​ពី​សំណង់​។​

​មន្ត្រី​នាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​រូប​នេះ​ បាន​បន្ត​ទៀត​ថា​ សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សំណង់​នេះ​ ត្រូវ​បាន​តាក់តែង​ឡើងជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១៧​ ដោយ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​មានការ​ចូលរួម​ផ្ដល់​មតិយោបល់​ និង​ធាតុ​ចូល​ពី​អ្នកជំនាញ​នៃ​ក្រសួង​ដីធ្លី​ ហេដ្ឋារចនាសម្ព័ន្ធ​ ដឹក​ជញ្ជូន​ និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន​។​

​សេចក្ដីព្រាងច្បាប់​នេះ​ត្រូវ​បាន​បញ្ជូន​មក​ទីស្ដីការគណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៩​ និង​បាន​ដាក់​ឆ្លង​កិច្ចប្រជុំ​បច្ចេកទេស​ជាមួយ​ក្រុមប្រឹក្សា​អ្នក​ច្បាប់​ និង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​វប្បធម៌​ នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​២៣​ ទី​២៤​ និង​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៩​ និង​កិច្ចប្រជុំ​អន្តរក្រសួង​នៅ​ថ្ងៃ​ទី​៦​ និង​ទី​៧​ ខែសីហា​ ឆ្នាំ​២០១៩​។​

​ក្រសួងយុត្តិធម៌​បាន​ជួយ​ពិនិត្យ​កែសម្រួល​លើ​បណ្ដា​មាត្រា​មួយ​ចំនួន​ក្នុង​ជំពូក​ពាក់ព័ន្ធ​នឹង​នីតិវិធី​ និង​ទោស​ប្បញ្ញត្តិ​ ដើម្បី​ធានា​ឱ្យ​មាន​សង្គតិភាព​ជាមួយ​ច្បាប់​ជា​ធរមាន​ដទៃ​ទៀត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ សេចក្ដីព្រាងច្បាប់​នេះ​ក៏​ត្រូវ​បាន​ដាក់​ឆ្លង​ការ​ពិភាក្សា​ជាមួយ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ កាលពី​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៩​ ផង​ដែរ​៕​ (Swift​ News)


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com