លោក សោម អូន ត្រូវបាន​ជ្រើសតាំង ជា​អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្មួ​ល​អប្បបរមា​

(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​-NACC បានឈ្នះ​ការបោះ​ឆ្នោត​​ជាសម្ងាត់ ក្លាយជា​អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​។ ការបោះឆ្នោត​នេះ បានធ្វើ​ឡើង ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ត្រីភាគី គឺ​ភាគី​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ភាគី​និយោជក តំណាង​ថៅកែ​រោងចក្រ និង​ភាគី​កម្មករនិយោជិត តំណាង​ដោយ​សហជីព​កម្មករ​។​

​លោក សោម អូន ជា​មេដឹកនាំ​សហជីព​កម្មករ ដែល​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ ៩ លើ ១៦ សំឡេង ច្រើនជាង​បេក្ខជន ២​រូប​ទៀត គឺ​លោក ប៉ាវ ស៊ីណា ទទួលបាន​សំឡេង ៣ លើ ១៦​សំឡេង និង​លោក អាត់ ធន់ ទទួលបាន​សំឡេង ៤ លើ ១៦ សំឡេង​។​

​ក្នុង​ក្រុមប្រឹក្សា​ចរចា​ប្រាក់​ឈ្នួល​កម្មករ​កាត់ដេរ កន្លងមក គឺមាន​​លោក ជួន មុំ​ថុល ជា​អនុប្រធាន ដែល​តំណាង​ឲ្យ​សហជីព​កម្មករ​។​

​ដោយឡែក ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដែលជា​យន្តការ​ត្រីភាគី ក្នុង​ការចរចា​ដំឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ នៅ​ឆ្នាំ​២០២០ មាន​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​ប្រធាន ហើយ​អនុប្រធាន​ម្នាក់ទៀត គឺ​លោក​ឧកញ៉ា​បណ្ឌិត ណា​ង សុធី ដែល​តំណាង​ឲ្យ​ភាគី​និយោជក ជា​ថៅកែ​រោងចក្រ​កាត់ដេរ​។​

​យ៉ាងណាក៏ដោយ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩ ក្រៅពី​បោះឆ្នោត​ជ្រើសរើស​អនុប្រធាន ២​រូប គឺ​លោក​សោម​អូន និង​លោក​ឧកញ៉ា​បណ្ឌិត ណា​ង សុធី កិច្ចប្រជុំ​ក៏បាន​សម្រេចយក​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩ ដើម្បី​បន្ត​កិច្ចប្រជុំ​ពិភាក្សា ចរចា​ប្រាក់​ឈ្នួល​អប្បបរមា ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០២០​។​

​កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានប្រកាស​ពី​កាលវិភាគ ចរចា​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករនិយោជិត ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០២០​។​

​តាម​សេចក្តីប្រកាស នៅ​ខែកក្កដា ឆ្នាំ​២០១៩ ជាការ​ចរចា​ផ្ទៃក្នុង សម្រាប់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​ភាគី​នីមួយៗ​។ នៅ​ខែសីហា ជាការ​កំណត់​ដើម្បី​ចរចា​ប្រាក់​ឈ្នួល ជា​លក្ខណៈ​ទ្វេភាគី និង​កំណត់​យក​ខែកញ្ញា ដើម្បី​ចរចា​ប្រាក់​ឈ្នួល​ជា​លក្ខណៈ​ត្រីភាគី​។​

​ដោយឡែក នៅ​ខែតុលា ឆ្នាំ​២០១៩ នឹងមាន​ការបើក​ប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០២០ ហើយ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ គឺជា​ការចូល​ជាធរ​មាននៃ​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​។​

​សូមបញ្ជាក់ថា ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​កាត់ដេរ ត្រូវបាន​ធ្វើឡើង ជា​រៀងរាល់ឆ្នាំ ហើយ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​កាត់ដេរ ក៏ត្រូវ​បាន​ដំឡើង​មួយឆ្នាំ​ម្តងៗ​។ នៅ​ឆ្នាំ​២០១៩​នេះ កម្មករ​កាត់ដេរ មាន​ប្រាក់​ឈ្នួល​អប្បបរមា ១៨២ ដុល្លារ ដោយ​ពុំ​រាប់បញ្ចូល​នូវ​ប្រាក់​អត្ថប្រយោជន៍​នានា​នោះទេ​៕​

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com