អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល មន្ត្រី ៣​ករណី ដើម្បី​ស៊ើបអង្កេត​!

(​ភ្នំពេញ​)៖ នៅ​ខែសីហា ឆ្នាំ​២០១៩ នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​បើក​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ចំនួន ៣​ករណី តាម​តម្រូវការ​ស៊ើបអង្កេត​។ ប៉ុន្តែ​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​ប្រចាំខែ​របស់​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ មិន​បញ្ជាក់​លម្អិត​ពី​មន្ត្រី​ទាំង ៣​រូប ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បើក​ដំណើរការ​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ដើម្បី​ស៊ើបអង្កេត​នោះឡើយ​។​

​យ៉ាងណាក៏ដោយ ក្នុង​សីហា ឆ្នាំ​២០១៩ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានទទួល​បណ្តឹង ចំនួន ៧២​ពាក្យបណ្តឹង ដែលជា​បណ្តឹង​អនាមិក ១៥​ពាក្យបណ្តឹង​។ ក្នុងនោះ ស្ថាប័ន បុគ្គល​ពាក់ព័ន្ធ​ពាក្យ​ប្តឹង ចំនួន ១៥ បាន​បំភ្លឺ​បកស្រាយ​ការចោទប្រកាន់​របស់​ម្ចាស់​បណ្តឹង មកលើ​ខ្លួន​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏បាន​កោះហៅ​បុគ្គល ដែល​រង​បណ្តឹង ចំនួន ១០​រូប មក​ស្តាប់​ចម្លើយ ឬ​បំភ្លឺ​។ ពាក្យបណ្តឹង ២៥​ករណី ត្រូវបាន​វិភាគ និង​ស្រាវជ្រាវ​បឋម គឺ​មិន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ឬ​មិនមាន​តម្រុយ​នៃ​អំពើពុករលួយ​ទេ​។ បាន​ជូន​ស្ថាប័ន និង​បុគ្គល​ពាក់ព័ន្ធ ធ្វើការ​បំភ្លឺ ចំនួន ៣៩​ករណី ដែល​ពាក់ព័ន្ធ​ពាក្យ​ប្តឹង និង​បាន​បើក​បន្ទប់​ស្តាប់​ចម្លើយ ៣៤​លើក​។​

​នៅក្នុង​ខែសីហា​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏បាន​ចូលរួម​សង្កេតការណ៍​លើ​ការប្រឡង​បាក់​ឌុប កាលពី​ថ្ងៃទី​១៩-២០ ខែសីហា ឆ្នាំ​២០១៩ និង​ការប្រឡង​ជ្រើសរើស​ក្របខណ្ឌ​មន្ត្រីរាជការ ក្រសួងសុខាភិបាល ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​១០-១១ ខែសីហា ឆ្នាំ​២០១៩​។

​នៅក្នុង​ការប្រឡង​បាក់​ឌុប ឆ្នាំនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ លើកឡើងថា ក្រសួង​អប់រំ យុវជន និង​កីលា បាន​ឲ្យ​ដឹង​នូវ​បាតុភាព​អសកម្ម ដែល​បានធ្វើ​កំណត់ហេតុ មានតែ ១០​ករណី ( អនុរក្ស ៣​ករណី គណៈកម្មការ​កណ្តាល ១​ករណី បេក្ខជន ៥​ករណី និង​បុគ្គល​គ្មាន​សមត្ថកិច្ច ១​ករណី )​។​

​រីឯ​ការប្រឡង​ជ្រើសរើស​ក្របខណ្ឌ​ក្រសួងសុខាភិបាល ឆ្នាំ​២០១៩ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លើកឡើងថា ដំណើរការ​ប្រឡង ថ្ងៃទី​១០-១១​សីហា ឆ្នាំ​២០១៩ ដែលមាន​បេក្ខជន ១១៨៨៦​នាក់ ហើយ​ជ្រើសរើស​តែ ១៣០០ រូប បាន​ដំណើរការ​ដោយ​តម្លាភាព យុត្តិធម៌ និង​ជា​គំរូ​។ ក្នុងនោះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​កោតសរសើរ​ជាពិសេស​នូវ​គ្រូ​កំណែ ២​រូប គឺ​លោក សឿង សុរិយា ( មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ) និង​លោកស្រី វ៉ី​ត លក្ខិណា ( មន្ទីរពេទ្យ​កុមារ​ជាតិ ) ដែលមាន​ជំហរ​ល្អ មិន​ព្រម​ទទួល​សា​គុណ​ជិត ១​ម៉ឺន​ដុល្លារ ពី​បេក្ខជន​ម្នាក់ ដើម្បី​ផ្តល់​ពិន្ទុ​ល្អ​ណាមួយ​នោះឡើយ​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com