នគរបាលក្រសួងមហាផ្ទៃ បញ្ជូនបុរសជនជាតិបរទេស ២នាក់ និងស្ត្រីខ្មែរម្នាក់ទៅតុលាការរឿងបើករង្គសាលបង្កប់សេវាផ្លូវភេទ

(ភ្នំពេញ)៖ កម្លាំងនគរបាល នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនក្រុមជនសង្ស័យ រួមមាន បុរសជនជាតិបរទេស ២នាក់ និងស្ត្រីខ្មែរ ២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស សញ្ចារកម្ម បើករង្គសាល BUNNY បង្កប់សេវាផ្លូវភេទ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ JOHN HENRY CARR ហៅ JOHN ភេទប្រុស អាយុ ៧០ឆ្នាំ ជាម្ចាស់រង្គសាល ជនជាតិអូស្ត្រាលី ជាម្ចាស់ទីតាំង, ទី២ឈ្មោះ SHANE ALAN ROBINS ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិអង់គ្លេស និងទី៣ឈ្មោះ ណុប រតនា ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ជាសង្សាររបស់ឈ្មោះ JOHN។

សូមជម្រាបជូនថា ក្រុមជនសង្ស័យទាំង ៤នាក់ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំង រង្គសាលឈ្មោះ BUNNY ដែលស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោយពីសមត្ថកិច្ចសង្ស័យថា ជាទីតាំងបង្កប់េសវាផ្លូវភេទ ទិញលក់កុមារីខ្មែរ។ នៅក្នុងពេលចុះទៅឆែកឆេរនៅទីតាំងខាងលើ សមត្ថកិច្ចបានជួយសង្គ្រោះស្ត្រីខ្មែរជាជនរងគ្រោះ ០៨នាក់ ដែលមានទាំងអនីតិជនផងដែរ។

ការចុះបង្ក្រាបទីតាំងខាងលើ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្បែររង្គសាល BUNNY ថាមានការប្រើប្រាស់កុមារមិនទាន់គ្រប់អាយុនៅក្នុងនោះ និងបង្កប់ការជួញដូរផ្លូវភេទថែមទៀតផង៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com