ប្រធាន​ស​.​ស​.​ស​.​ក សំណូមពរ​ដល់​តុលាការ ឲ្យ​ពិចារណា​ដាក់​ស្ថាន​សម្រាល​ដល់​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី ២​នាក់

(​ភ្នំពេញ​)៖ លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ស​.​ស​.​ស​.​ក សូម​សំណូមពរ​ដល់​តុលាការ ឲ្យ​ពិចារណា​ដាក់​ស្ថាន​សម្រាល​ដល់​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី ២​នាក់ គឺ​លោក អ៊ួ​ន ឈិន និង​លោក យាង សុធា​រិន្ទ ( យាង សុជា​មេត្តា ) ដើម្បី​អាចមាន​សេរីភាព រស់នៅ​ជា​ពលរដ្ឋ​ល្អ ជួបជុំ​គ្រួសារ និង​ធ្វើ​ការងារ​ឡើងវិញ​។

​លោក ហ៊ុយ វណ្ណៈ បានលើកឡើង​ដូច្នេះ ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ VOA អំពី​រឿងក្តី​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​។​

​លោក ហ៊ុយ វណ្ណៈ បាន​បញ្ជាក់ថា «​ខ្ញុំ​ក្នុងនាម ស​.​ស​.​ស​.​ក គឺ​មិន​ជ្រៀតជ្រែក​សមត្ថកិច្ច​របស់​តុលាការ​ទេ ប៉ុន្តែ​យើង​សូម​សំណូមពរ​ដល់​តុលាការ ឲ្យ​ពិចារណា​ដាក់​ស្ថាន​សម្រាល​ដល់​គេ​ទាំង ២​នាក់ ដើម្បី​អាចមាន​សេរីភាព​រស់នៅ​ជា​ពលរ​ដ្ឋ​ល្អ ជួបជុំ​គ្រួសារ និង​ធ្វើ​ការងារ​ឡើងវិញ​។ ការស្នើសុំ​ឲ្យ​តុលាការ​ពិចារណា​ធ្វើ​ស្ថាន​សម្រាល​នេះ ដោយយោង​ថា ព្យស​នក​ម្ម ដែល​បង្កដោយ​បទល្មើស​តាមរយៈ​អង្គហេតុ គឺ​មិនធំ​ទេ​»​។​

​អតីត​អ្នករាយការណ៍​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ីសេរី លោក អ៊ួ​ន ឈិន និង​លោក យាង សុធា​រិន្ទ ត្រូវបាន​ប៉ូលិស ចាប់ខ្លួន កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ពីបទ​ធ្វើ​ចារកម្ម​ឲ្យ​សហរដ្ឋអាមេរិក​។

​តុលាការ បានសម្រេច​ចោទប្រកាន់ និង​ឃុំខ្លួន​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​ទាំង ២ ជា​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស អស់​រយៈពេល​ជិត​១០ ខែ ពោលគឺ​នៅ​យប់​ថ្ង​ស​ទី​២១ ខែសីហា ឆ្នាំ​២០១៨ ទើប​ដោះលែង ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។ ប៉ុន្តែ​រក្សា​បទចោទប្រកាន់ ហើយ​សាលក្រម​ផ្តន្ទាទោស​លើ​អ្នក​ទាំងពីរ មិនទាន់​ប្រកាស​នៅឡើយ​ទេ​។​

​សេចក្តីរាយការណ៍ បង្ហាញថា នៅពេលនេះ លោក យាង សុធា​រិន្ទ និង​លោក អ៊ួ​ន ឈិន រង់ចាំ​សាលក្រម​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​នឹង​សម្រេច​ថា តើ​ពួកគេ​មានទោស ឬ​គ្មាន​ទោស ទាក់ទង​នឹង​បទ​ចោទ​អំពី​អំពើ​ចារកម្ម ឲ្យ​សហរដ្ឋអាមេរិក​។​

​ការទន្ទឹងរង់ចាំ​សាលក្រម​របស់​តុលាការ​នេះ ត្រូវបាន​លោក យាង សុធា​រិន្ទ ដែលមាន​ស្រុកកំណើត​នៅ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម បញ្ជាក់ថា ដើម្បី​ឲ្យ​លោក និង​លោក​អ៊ួ​ន​ឈិន អាច​បន្ត​អាជីព​ជា​អ្នកសារព័ត៌មាន នៅ​ប្រទេស​កម្ពុជា តទៅទៀត​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com