ប៉ូលិស​បញ្ជាក់​ពីបញ្ហា ៣​យ៉ាង ដែល​នាំ​ឲ្យ​លំបាក​ក្នុងការ​ពន្លត់ភ្លើង​ឆេះ​អគារ​សិប្បកម្ម​ផលិត​ពូក នៅ​បឹងទំពុន​

(​ភ្នំពេញ​)៖ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានលើកឡើង​នូវ​ហេតុផល ៣​ចំណុច ដែល​នាំ​ឲ្យ​ប៉ូលិស​ពន្លត់​អគ្គិភ័យ លំបាក​ក្នុង​ប្រតិបត្តិការ​ពន្លត់ និង​សង្គ្រោះ​អគ្គិភ័យ កាលពី​រសៀល​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ នៅ​អគារ​សិប្បកម្ម ផលិត​ពូក ស្ថិតនៅ​ក្រុមទី​៤ ភូមិ​ចម្រើន​ផល​១ សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ដោយសារតែ​ហេតុផល​ពិបាក​ចូល​ជួយសង្គ្រោះ​នោះ ទើប​អគារ​សិប្បកម្ម​ផលិត​ពូក ២​អាគារ ដោយ ១​អគារ​កម្ពស់ ៤​ជាន់ និង​អគារ​១​ទៀត កម្ពស់ ៦​ជាន់ ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង និង​ច្រើន​ម៉ោង ទើប​រលត់​។​

​តាម​សេចក្តីបំភ្លឺ ចុះ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩ ក្នុង​កិច្ចប្រតិបត្តិការ​សង្គ្រោះ​អគារ​សិប្បកម្ម​ផលិត​ពូក នៅ​បឹងទំពុន អង្គភាព​ពន្លត់​អគ្គិភ័យ ប្រឈម​ទៅនឹង​កត្តា​អវិជ្ជមាន ជា​សត្យានុម័ត ៣ ចំណុច គឺ​៖
១-​ភូមិសាស្ត្រ​ស្មុគស្មាញ ច្រកចូល​សង្គ្រោះ​តូចចង្អៀត មិនអាច​ចល័ត​រថយន្ត​ពន្លត់​អគ្គិភ័យ​ប​បាន​ទាន់ពេល​
២-​ចំណុច​ចាប់ផ្តើម​នៃ​អគ្គិភ័យ គឺ​ស្ថិតនៅ​ចំណុចកណ្តាល​នៃ​អគារ​សិប្បកម្ម ដែល​ធ្វើ​ឲ្យ​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ ពិបាក​នឹង​ចូលទៅ​ពន្លត់​ដល់​គោលដៅ​
៣-​សម្ភារៈ ដែល​ឆេះ សុទ្ធសឹងតែ​ជា​សារធាតុ​ងាយ​ឆេះ មាន​ល្បឿន​ឆេះ​លឿន​ខ្លាំង ពិបាក​ពន្លត់ និង​បង្ក​ឲ្យ​មាន​ផ្សែង ដែលជា​សារធាតុពុល និង​ខ្វះ​អុកស៊ីហ្សែន ដូចជា​ផ្លា​ស្ទិ​ក កាវ សាំង​ក្រអូប ក្រណាត់ សំឡីគរ​…​។​ល​។

​តែ​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់ថា កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ បាន​ទប់ស្កាត់​មិន​ឲ្យ​ឆេះ​រាលដាល ដល់ផ្ទះ​ប្រជាពលរដ្ឋ នៅ​ជុំវិញ​កន្លែងកើតហេតុ​បានឡើយ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com